ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន២ គឺក្រុមហ៊ុន KAT APPRAISAL Real Estate Services និងក្រុមហ៊ុន Easy Property បានសហការគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្ដូរការវាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការនៅលើទីផ្សារអចលនទ្រព្យកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនទំនុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន។

-->
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT APPRAISAL Real Estate Services លោកស្រី ចេវ សុឃុន បានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នេះថា “កិច្ចសហការគ្នាជាដៃគូនៅក្នុងវិស័យអចលនទ្រព្យគឺជាវិធីសាស្ត្រមួយដ៏ល្អ ដែលអាចស្វែងរកចំណែកទីផ្សារ និងទទួលបានផលប្រយោជន៍រួមគ្នាប្រសើរជាងការប្រកួតប្រជែងគ្នាដោយគ្មានតម្លាភាព និងគ្មានភាពស្មោះត្រង់”។
លោកស្រីបានបន្តទៀតថា “កិច្ចសហការគ្នាជាដៃគូនេះ គឺធ្វើឡើងក្នុងគោលបំណងពន្លឿន និងពង្រឹងសេវាកម្មវាយតម្លៃអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្កើនទំនុកចិត្តដល់បណ្តាក្រុមហ៊ុនដៃគូនានា ក៏ដូចជាអតិថិជនទូទៅផងដែរ”។
លោកស្រីបានបន្តទៀតថា “តាមរយៈកិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង២នេះ ខ្ញុំជឿជាក់ថា នឹងទទួលបានភាពល្អប្រសើរជាច្រើនក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា យើងនឹងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នានទៅវិញទៅមក ក៏ដូចជាចែករំលែកនូវចំណេះដឹងទៅដល់បណ្តាបុគ្គលិកក្នុងនាមជាភ្នាក់ងារជំនាញ”។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុនទាំងពីរដែលទើបតែក្លាយជាដៃគូជាមួយគ្នានាពេលនេះ សុទ្ធតែជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងការផ្តល់នូវសេវាកម្មអចលនទ្រព្យ ក៏ដូចជាការប្រឹក្សាពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យផ្សេងៗមុនការវិនិយោគជាដើម”។
លោកស្រីបានបន្តទៀតថា “ជាបទពិសោធន៍ កាលពីពេលកន្លងទៅក្រុមហ៊ុនទាំង២បានក្លាយជាក្រុមហ៊ុនភ្នាក់ងារ ដែលទទួលបានកិច្ចសហការជាមួយក្រុមហ៊ុនអភិវឌ្ឍសំណង់លំនៅដ្ឋាន និងបុរី ខុនដូ អាផាតមិន ជាច្រើន ដែលសុទ្ធតែទទួលបានភាពវិជ្ជមានទាំងអស់”។

ជាមួយគ្នានេះផងដែរ លោកស្រី ចេវ សុខុន ក៏បានបង្ហាញពីភាពជឿជាក់ក្នុងកិច្ចសហការគ្នាជាដៃគូនៅពេលនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់មានភាពល្អប្រសើរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co.,Ltd លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា “កិច្ចសហការខាងលើនេះ ក្រុមហ៊ុនបានផ្តោតសំខាន់ទីលើចំណុចសំខាន់ចំនួន២ ទី១គឺការវាយតម្លៃដែលជាជំនាញខ្ពស់របស់ក្រុមហ៊ុនជាដៃគូ ហើយទី២ គឺជំរុញ និងពន្លឿនការលក់លំនៅដ្ឋានក្នុងបុរីនានា ដែលជាជំនាញរបស់ក្រុមហ៊ុនទាំង២នេះតែម្ដង”។
លោកបានបន្តទៀតថា “ក្រៅពីនេះ ក្រុមហ៊ុនរបស់ពួកយើងទាំង២ សុទ្ធតែមានជំនាញក្នុងការរៀបចំឯកសារ ផ្ទេរសិទ្ធិ កាត់ប្លង់ ជាពិសេសអាចជួយជាជំនួយដល់អតិថិជនក្នុងការទិញលំនៅដ្ឋានក្នុងបុរីបានល្អ និងមានតម្លៃសមរម្យ ស្របច្បាប់ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយអាចជួយឱ្យម្ចាស់ផ្ទះ ឬម្ចាស់បុរីលក់ផ្ទះចេញបានលឿនរហ័ស”៕