រដ្ឋាភិបាល​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគីរី​

0

ដោយ​ ៖ រ៉ា​ណេត​

មណ្ឌលគីរី​៖ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគីរី​រហូតមកដល់​ពេលនេះ​ ស្ថិតនៅ​ក្នុង​តំណា​ក់​នៃ​ការសិក្សា​នៅឡើយ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ស្វែងរក​ក្រុមហ៊ុន​វិនិយោគ​ធ្វើជា​ដៃគូ​ក្នុង​ការសាងសង់​ និង​អភិវឌ្ឍ​ក្នុង​តំបន់​។

គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​តំបន់ភូមិភាគ​ឦសាន​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគីរី​ ពេលនេះ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ធ្វើ​កា​រហ៊ុ​ព័ទ្ធ​ទីតាំង​គម្រោង​ដែល​មានផ្ទៃ​ដី​ប្រមាណ៣០០ហិ​កតា​។

រដ្ឋលេខាធិការ​នៃ​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ គម្រោង​អភិ​វឌ្ឍ​ព្រលា​នយន្តនៅ​ខេត្តមណ្ឌលគីរី​ ស្ថិត​ក្នុង​ស្រុក​អូរ​រាំង​ ដែល​មាន​ទំហំ​ ៣០០​ ហិ​កតា​ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​រួចរាល់​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឈូស​ឆាយ​នៅឡើយ​នោះ​ទេ​ ព្រោះ​កំពុងតែ​ស្ថិតនៅ​ក្នុង​តំណា​ក់​កាល​នៃ​ការសិក្សា​នៅឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​នៃ​ការ​សាង​សង់​ព្រលា​នយន្តខេត្តមណ្ឌលគីរី​ គឺ​ស្ថិតនៅ​ក្នុង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​គណៈកម្មការ​កំណែទម្រង់​សេដ្ឋកិច្ច​ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា​ ដោយមាន​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ​ជា​ប្រធាន​ និង​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជា​អនុប្រធាន​ ព្រមទាំង​អន្តរក្រសួង​ជាច្រើន​ទៀត​ចូលរួម​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​មាន​សកម្មភាព​ណាមួយ​នៅ​លើ​ទីតាំង​គម្រោង​នៅឡើយ​នោះ​ទេ​ ពោល​គឺ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា​លម្អិត​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ ការសាងសង់​ ក៏ដូចជា​ទំហំ​នៃ​ថវិកា​ដែល​ត្រូវ​ចំណាយ​ផង​ដែរ​ ដែល​យ៉ាងតិច​ក៏​ត្រូវ​ចំណាយពេល៨ខែ​ដែរ​”។

លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​នៃ​ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ ក្រៅពី​ជួយ​ជំរុញ​ និង​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ ថែមទាំង​ជួយ​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “ ជា​ទូ​ទៅ​ព្រលា​នយន្តក្នុង​ស្រុក​ សម្រាប់​ផ្លូវ​រត់​ត្រង់​យ៉ាងហោចណាស់​ ក៏​ត្រូវ​មាន​ប្រវែង១៨០០ម៉ែត្រ​ ប៉ុន្តែ​នៅក្នុង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មីនេះ​អាច​មាន​ទំហំ​ធំ​ និង​វែង​ជាង​នេះ​ ហើយ​ត្រូវ​ចំណាយពេល​មិន​តិច​ជាង៥ឆ្នាំ​នោះ​ទេ​”។

ជាមួយនឹង​គម្រោង​សាង​សង់​ព្រលា​នយន្តនៅក្នុង​ភូមិភាគ​ប៉ែក​ឦសាន​មួយ​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​។

លោក​បន្ត​ថា​ “វត្ត​មា​នព្រ​លាន​យន្តហោះ​នៅក្នុង​តំបន់​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​បាន​យ៉ាង​ប្រសើរ​”។

លោក​បាន​បញ្ជាក់​ទៀត​ “ជា​ការ​បង្កើន​ចំណាប់​អារម្មណ៍​ និង​ភាព​ទាក់ទាញ​ ក្រសួងទេសចរណ៍​ក៏​មាន​គម្រោង​បង្កើត​ជា​សួន​បន្លែ​ធម្មជាតិ​ និង​ចំការ​ផ្កា​ដែល​មាន​ទំហំ​នៅក្នុង​តំបន់​នេះ​ ដើម្បី​ជា​សោភ័ណភាព​សម្រាប់​វិស័យ​ទេសចរណ៍​ និង​សម្រាប់​ធ្វើការ​នាំចេញ​ទៅ​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here