ដោយ វុត្ថា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម នឹងដឹកនាំសមាជិក សមាគមចំនួន២៨រូប ទៅចូលរួមសមាជរបស់សមាគមអ្នកវាយតម្លៃអាស៊ានលើកទី២២ ( The 22nd AVA Congress ) នៅថ្ងៃទី ២០-២២ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ នៅទីក្រុងប៉ាតាយ៉ា – Pattaya របស់ប្រទេសថៃ។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលទទួលបាននៅថ្ងៃទី ១០ខែតុលា ឆ្នាំ ២០១៩ នេះថា ការអញ្ជើញទៅចូលរួមសមាជនេះ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាសមាជិករបស់សមាគមអ្នកវាយតម្លៃអាស៊ាន ( AVA ) ទាំង៨ ប្រទេស ជាពិសេសពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា លោកនឹងធ្វើបទបង្ហាញពីស្ថានភាព និងឪកាសវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីច្បាប់ពន្ធមានលក្ខណៈល្អជាងគេ មានភាពទាក់ទាញជាងគេនៅក្នុងប្រទេសនៅក្នុងតំបន់អាស៊ាន។

លោកបន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានផ្តលការលើកទឹកចិត្តអ្នកដល់វិនិយោគជាតិ អន្តរជាតិ តាមរយៈប្រព័ន្ឋអនុគ្រោះជាច្រើន ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសមានការលើកលែងពន្ធលើការនាំចូលគ្រឿងចក្រ សំរាប់ការវិនិយោគលើវិស័យកសិកម្មជាដើម៕






