ដោយ ម៉ាណេត
ភ្នំពេញៈ វិស័យសំណង់នៅតែជាសសរស្តម្ភសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ស្របពេលគម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច(តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសម្ទុះកើនគួរឱ្យកត់សម្គាល់។
សកម្មភាពសាងសង់សំណង់នានា នៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថា វិស័យនេះ នៅតែជាគោលដៅសំខាន់មួយទាក់ទាញការវិនិយោគ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃនេះ។
-->
អ្នកជំនាញឱ្យដឹងថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ចរន្តនៃទីផ្សារវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រសើរ ដោយក្នុងនោះអគារពាណិជ្ចកម្ម និងអគារសហកម្មសិទ្ធិហាក់មានភាពលេចធ្លោ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា និន្នាការទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ កន្លងមកនេះ វិស័យខុនដូរមានសន្ទុះរីកចំរើនខ្លាំង ដោយសារតែមានការបញ្ជាទិញ និងការវិនិយោគច្រើន។
ជាមួយគ្នានេះ មានតំបន់ជាច្រើនបាន និងកំពុងសន្ទុះរីកចំរើនលើវិស័យអចលនទ្រព្យ ដូចជានៅតាមតំបន់ក្រាំងធ្នង់ តំបន់បឹកតាមោឃ និងផ្លូវក្រវ៉ាត់ក្រុងទី៣។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងដែរនៅថ្ងៃទី៨ ខែតុលាកន្លងមកថា សម្រាប់ឆ្នាំ២០១៩ នេះ លោកស្រីមើលឃើញវិស័យខុនដូ ដែលមានតម្លៃមធ្យម ហាក់មានសន្ទុះរីកចំរើនខ្លំាង ដោយសារមានការបញ្ជា និងចំណាប់អារម្មណ៍ច្រើនទីពីក្នុងស្រុក។
លោកស្រីបន្តថា កាលពីលើកមុន មានតែបញ្ជាទិញក្រៅស្រុកប៉ុណ្ណោះ តែឥឡូវនេះ មានការបញ្ជាទិញពីអ្នករស់នៅច្រើនជាងមុន។ លោកបន្ថែមថា ទាក់ទងនឹងការជួលការិយាល័យវិញ អ្នកវិនិយោគចាប់អារម្មណ៍ជួលអគារការិយាល័យ មានសន្តុះរីកចំរើនខ្លាំងជាងជួលផ្ទះល្វែង ដោយសារតែមានក្រុមហ៊ុនបរទេសធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ក៏បានបង្ហាញពីតម្រូវការដែកថែប មានកំណើនខ្ពស់សម្រាប់សម្រូវការសាងសង់នៅកម្ពុជា។ របាយការណ៍ឱ្យដឹងថា តាមរយៈនេះបរិមាណនៃការនាំចូលដែកថែបបានកើនឡើងយ៉ាងខ្លាំង រហូតដល់ទៅ ៦៣,៥ភាគរយ (ឆ្នាំ/ឆ្នាំ) ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។
របាយការណ៍ក៏បានបង្ហាញថា តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេសនិងមូលនិធិក្នុងស្រុក) មានសម្ទុះកើនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។
វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយ ដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយ (ឆ្នាំ/ឆ្នាំ) ត្រឹមខែមិថុនាឆ្នាំ២០១៩ ប្រៀបធៀបទៅនឹង ១០,៧ភាគរយក្នុងឆ្នាំ២០១៨ ហើយក្នុងនោះទៀតជិត ៤០ភាគរយ នៃភ្ញៀវអន្តរជាតិគឺមកពីប្រទេសចិន។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថា នឹងថយល្បឿនបន្តិចដោយរក្សាបាននូវកំណើនត្រឹម៧ភាគរយ ក្នុងឆ្នាំ២០១៩ ពី ៧,៥ភាគរយក្នុងឆ្នាំ២០១៨៕