ដោយ វុត្ថា
ភ្នំពេញៈ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកថ្មីមួយទៀត នឹងលេចចេញរូបរាងនៅទីក្រុងកោះពេជ្រ ដែលជាទីកន្លែងបណ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត និងលំនៅឋាន ខណៈគម្រោងមួយនេះបាននឹងកំពុងសិក្សាលម្អិត។

ដោយ វុត្ថា
ភ្នំពេញៈ អគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកថ្មីមួយទៀត នឹងលេចចេញរូបរាងនៅទីក្រុងកោះពេជ្រ ដែលជាទីកន្លែងបណ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្ត និងលំនៅឋាន ខណៈគម្រោងមួយនេះបាននឹងកំពុងសិក្សាលម្អិត។

យោងតាមគេហទំព័រ www.hksinc.com បានឱ្យដឹងថា អគារខ្ពស់កប់ពពកមួយថ្មីមួយនេះ ឈ្មោះថា Diamond Island Tower ដែលគូរប្លង់ប្រកបដោយរចនាបទបុរាណ និងសម័យទំនើប និងជាអគារដំបូងគេនៅក្នុងការវិវត្ត ជាបន្តបន្ទាប់ដែលឆ្ពោះទៅរកគោលដៅ នៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» របស់ប្រទេសចិន។
អគារ Diamond Island Tower គ្រោងសាងសង់នៅលើផ្ទៃដីប្រមាណ ៧,៨៩៧ ម៉ែត្រការ៉េ ដែលមានកំពស់២០៤ ម៉ែត្រ។ តាមគម្រោង អគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកមួយនេះ នឹងបញ្ចប់ការសិក្សានៅត្រឹមឆ្នំា២០១៩នេះ ហើយនឹងក្លាយជាអគារខ្ពស់មួយ ក្នុងចំណោមអាគារខ្ពស់នានានៅទីក្រុងកោះពេជ្រ។
អគារនេះ ប្រមូលផ្តុំដោយភោជនីយដ្ឋានដ៏ទំនើប អាងហែលទឹក បន្ទប់ការិយាល័យនៅជាន់ទី១៨ សណ្ឋាគារ និងកន្លែងស្នាក់នៅជាដើម។ ភាពចម្រុះនៃទស្សនទានអភិវឌ្ឍន៍នេះ នឹងធ្វើឱ្យបរិវេណនៃអគារនេះ កាន់តែមានសកម្មភាពរស់រវើក និងទាក់ទាញបន្ថែមទៀត។តែយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រដដែលមិនបានគូសបញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងទំហំទឹកប្រាក់ចំពោះការវិនិយោគអគារខ្ពស់កពពកនេះទេ។
ក្រៅពីអាគារសន្និបាត សម្រាប់រៀបចំពិព័រណ៍ និងទទួលការលាងសាយភោជន៍នៃកម្មវិធីអាពាហ៍ពិពាហ៍ របស់ក្រុមអ្នកអភិជន ទីក្រុងកោះពេជ្របាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន រួមមាន គម្រោង ID RIVIERA ដែលបានទិញយកដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋានមកពីប្រទេសចិន។
គំរោង Elysee ដែលបាននិងកំពុងសាងសង់ និងបោះទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។ គំរោងខុនដូ និងផ្ទះអាជីវកម្ម Diamond Oneដែលវិនិយោគដោយក្រុមហ៊ុន Prince Real estate Group និងគំរោងមួយចំនូនទៀត ដែលនឹងវិនិយោគដោយក្រុមហ៊ុន Prince Real Estate។ក្រៅពីខុនដូទាំងនេះ នៅមានគំរោងខុនដូជាច្រើនទៀត ដូចជា Ca & Sa, គំរោងខុនដូ Casa Meridian, គំរោង La Sen និងគំរោងខុនដូ Diamond Tween Tower ផងដែរ។
លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group ធ្លាប់បានឱ្យដឹងថា ទីក្រុងកោះពេជ្រមានការរីកចម្រើនយ៉ាងលឿន ប៉ុន្តែទីក្រុងនេះមិនទាន់ក្លាយជាមណ្ឌលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិនោះទេ។

លោកបន្តថា “យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើឲ្យទីក្រុងរណប និងតំបន់ជុំវិញនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិ”។ លោកបន្តថា “តំបន់ជុំវិញទីក្រុង និងទីក្រុងកោពេជ្រ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនៅរយៈពេលពី៥ទៅ១០ឆ្នាំទៀត”៕