ធនាគារពិភពលោក : សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ខណៈវិស័យអចលនទ្រព្យឈានមុខគេ

0

ដោយ Donald Lee

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា  វិស័យសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសកម្ពុជានៅតែរឹងមាំ និងបាននាំមុខដោយវិស័យអចលនទ្រព្យ។

យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៩ ដោយសារវិនិយោគិន បន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។

វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេ​សសរុប។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញបន្តថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេ​សកម្ពុជាបានកើនឡើង៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលក៏បានបង្ហាញពីកំណើននៃការនាំចូលរថយន្ត និងផលិតផលប្រេងចូលមកក្នុងប្រទេសកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស។

របាយការណ៍បានលើកឡើងថា “ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក បានជំរុញឱ្យមានកំណើននៃការនាំចូល ដោយក្នុងនោះការនាំចូលផលិតផលប្រេង និងយានយន្តបានកើនឡើង ៩១,០ ភាគរយ និង ១៨,៥ ភាគរយ”។

ក្នុងឆ្នាំ២០១៩នេះ ធនាគារពាណិជ្ជនៅកម្ពុជា ក៏ជួយជំរុញកំណើនឥណទានផងដែរ ដោយក្នុងនោះកំណើនឥណទានកើនជិត ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here