Hattha top Banner

ដំណឹងល្អ៖ រកឃើញទីតាំងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីពិតប្រាកដហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១៥០០លានដុល្លារអាមេរិក បានកំណត់ពេលវេលា​សាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយ។

​អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មករានេះថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេះថ្មីនេះ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ខាងមុខនេះ ដោយសារគំរោងនេះបានអនុម័យរួចហើយ មានដីរួចហើយ និងមានប្លង់ស្ថាបត្យកម្មរួចហើយ ហេតុនេះរង់ចាំតែពេលវេលាចចាររវាងរដ្ឋាភិបាល និងក្រុម​ហ៊ុនវិនិយោគសាងសង់ព្រលាននេះប៉ុណ្ណោះ។

 

​លោកបន្តថា “ទៅតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ជាតំបន់វាលបឹងកំផ្លោកដ៏ធំមួយ(ហៅបឹងរៀន) ដែលស្ថិតក្នុងរង្វង់​ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលអនាគត”។លោកបន្តថា “បើសិនជាគិតពីកន្ទុយផ្លូវ៦០ម៉ែ​ត្រ ឬផ្លូវសម្តេចតេជោហ៊ុន សែនគឺទីតាំងព្រលាននេះ មានចម្ងាយប្រមាណ៩គីឡូម៉ែត្រចេញពីកន្ទុយផ្លួវនេះឆ្ពោះទៅមុខ”។

 

​លោកបន្តថា ទីតាំងព្រលានយន្តហោះនេះជាផ្ទៃបឹង ហើយនឹងត្រូវបូមខ្សាច់បំពេញនាពេ​លខាងមុខនេះ ដើម្បីចាប់ផ្តើមសាងសង់ព្រលានយន្តហោះ និង​មជ្ឈមណ្ឌលពាណិជ្ជកម្មជុំវិញនេះ។

 

​គំរោងសាងសង់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនេះ ត្រូវបានចុះហត្ថលេខា ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិន ដែលបានមកទស្សនកិច្ចកម្ពុជាថ្មីៗនេះ។ គំរោងព្រលានយន្តហោះនេះ គ្រោងវិនិ​យោគទឹកប្រាក់១៥០០លានដុល្លារ សហការវិនិយោគដោយក្រុមហ៊ុនOCIC និង​
ក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានមកពីប្រទេសចិន ដោយរួមគ្នា​បង្កើតក្រុមហ៊ុន​មួយដាក់ឈ្មោះCambodia Airport Investment Co, Ltd។

 

​លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ទំហំព្រលានយន្តហោះនេះ មានទំហំជាង៧០០ហិកតា ប្រហាក់ប្រហែលនឹងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀ​មរាបថ្មី ចំណែកផ្ទៃដីដែលនៅសល់ គឺជាទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាននានា ព្រោះការវិនិយោគព្រលានយន្តហោះមិនអាចរកផលចំណេញបានទេ គឺមានតែការរៀបចំសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មគាំទ្រ ទើបអ្នកវិនិយោគអាចរកផលចំណេញបាន។

 

លោកបន្តថា “នេះជាគំរោងវិនិយោគដែលគេឲ្យឈ្មោះថា Airport Cityជាគំ​រោងវិនិយោគចម្រុះ ដែលមានទាំងព្រលានយន្តហោះ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។

 

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងស្វាគមន៍នូវគំរោងវិនិយោគដ៏ធំនេះ ស្របពេលកម្ពុជាបាននិងកំពុងស្ថិតក្នុងគោលដៅ នៃការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៍ទូទាំងពិភពលោក ហេតុនេះ​ការ​សាងសង់ព្រលានយន្តហោះនេះជាការស្វាគមន៍ ប៉ុន្តែព្រលានយន្តហោះនេះ គួរមានទំហំធំ ដែលអាចឲ្យយន្តហោះប្រភេទ Boeing ធំៗ ចុះចតបាន ព្រោះសមត្ថភាពព្រលានយន្តហោះសព្វថ្ងៃនេះ មិនអាចឲ្យយន្តហោះខ្នាតធំចុះចតបានទេ។

 

​លោកស្រីបន្តថា “ព្រលានយន្តហោះភ្នំពេញសព្វថ្ងៃកំពុងមមាញឹកហើយ ហេតុនេះ យើងត្រូវការព្រលានយន្តហោះថ្មីបែបនេះ ដើម្បីបំពេញតម្រូវការនៃការ​តភ្ជាប់ផ្លូវអាកាស និងការធ្វើដំណើរ”។លោកស្រីបន្តថា “ព្រលានយន្តហោះថ្មីនេះ ត្រូវតែមានសមត្ថភាពខ្ពស់ និងទទួលអ្នកដំណើរបានច្រើន ដើម្បីឆ្លើយតបនឹងកំ​នើនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here