ដោយ វុត្ថា
ភ្នំពេញៈ ដោយយោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រាមួយបានចែងថា មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគ ព្រោះច្បាប់បានហាមឃាត់ក្នុងការលក់ ឬ ផ្ទេរវិនិយោគឡើយ។
ប៉ុន្តែមាត្រានេះត្រូវបានលុបចោលដោយច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការវិនិយោគ ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់ ឬរំលាយចូលគ្នាកាលណាគម្រោងវិនិយោគនោះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អ្នកទិញជាបុគ្គលមិនបានចុះបញ្ជី
អ្នកសុំទិញត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ នៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនីតិបុគ្គលថ្មីក្នុងរយៈពេល១០ថ្ងៃមុនធ្វើការផ្ទេរ ។
(CDC)ឬអនុគណៈកម្មាធិការរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យព្រម ឬមិនព្រម និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ ។
អ្នកទិញជាបុគ្គលបានចុះបញ្ជីត្រូវអនុវត្តន៍ដូចនីតិវិធី អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។
ការរំលាយបញ្ចូលគ្នា
ប្រសិនបើមានការព្រមព្រៀងគ្នារវាងអ្នកវិនិយោគពីរ ឬច្រើន បានយល់ព្រមដាក់បញ្ចូលគ្នា នូវទុនឬគំរោងវិនិយោគរបស់ខ្លួនតាមការព្រមព្រៀង បង្កើតទៅជានីតិបុគ្គលថ្មីដែលបានទទួលការលើកទឹកចិត្ត និងការការពារ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖ ដាក់ពាក្យទៅ (CDC)ឬអនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ ; និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរ នៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ មកឲ្យនីតិបុគ្គលថ្មី ក្នុងរយៈពេល១០ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា។
(CDC) ត្រូវធ្វើការត្រួតពិនិត្យថាតើព្រម ឬមិនព្រមនៃការចុះបញ្ជី និងការផ្ទេរវិញ្ញាបនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ៕