ដោយៈ រ៉ាណេត
ភ្នំពេញៈ តម្លៃផ្ទះនៅតាមទីក្រុងនានា ក៏ដូចជារាជធានីភ្នំពេញ នឹងមានការប្រែប្រួលអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ប្រជាសាស្រ្ត និងបញ្ហាពាក់ព័ន្ឋនឹងនយោបាយ។
ផ្ទះដែលស្ថិតនៅតាមផ្លូវធំៗក្នុងរាជធានីភ្នំពេញ ជាពិសេសប្រភេទអាជីវកម្ម កំពុងតែមានតម្លៃខ្ពស់បំផុតរហូតដល់ក្នុងតំបន់ខ្លះ ផ្ទះមួយជុងអាចមានតម្លៃប្រមាណជិត ១លានដុល្លារ ប៉ុន្តែនៅថ្ងៃអនាគតខាងមុខ តម្លៃផ្ទះទាំងនេះអាចនឹងធ្លាក់ចុះវិញដោយសារតែការថមថយនៃតម្រូវការប្រើប្រាស់។
-->
អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង Keller Williams Cambodia លោកបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ក្នុងវេទិកា «អនាគតអចលនទ្រព្យកម្ពុជា» កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ តម្លៃផ្ទះល្វែងដែលស្ថិតនៅតាមបណ្តាផ្លូវធំៗ នៅក្នុងក្រុងកំពុងតែមានកំសួល នៃតម្លៃខ្ពស់រហូតផ្ទះល្វែងនៅតំបន់ខ្លះ អាចមានតម្លៃរហូតដល់ប្រមាណលានដុល្លារក្នុងមួយជុង ឬអាចខ្ពស់ជាងនេះក៏មាន។
លោកបន្តថា “ប្រភេទផ្ទះដែលអាចធ្វើអាជីវកម្ម និងស្ថិតតំបន់ល្អ មានតម្លៃថ្លៃមិនក្រោម៥០-៦០ម៉ឺននោះទេ ដែលក្រៅពីអាចបើកជាអាជីវកម្ម ក៏អាចមានតម្រូវការជួលសម្រាប់ធ្វើជាក្រុមហ៊ុន ឬស្ថាប័នឯកជនផ្សេងៗ ហើយវាបន្តសក្ដានុពលរហូតដល់ជាង១០ឆ្នាំទៅមុខទៀត”។
លោកគីម ហ៊ាង បានបន្តទៀតថា “នៅថ្ងៃអនាគត អាចចាប់ពីប្រមាណ២០ឆ្នាំឡើងទៅ តម្លៃផ្ទះទាំងនេះអាចនឹងមានកម្រិត ឬអាចធ្លាក់ថ្លៃបន្តិចបន្តួចនៅពេលដែលតម្រូវការមានកាធ្លាក់ចុះ”។ លោកបន្តទៀតថា “ការធ្លាក់ចុះនូវតម្រូវការ ក៏ព្រោះតែនៅថ្ងៃអនាគត ខណៈដែលប្រទេសកាន់តែអភិវឌ្ឍ វិស័យសំណង់មានការរីកចម្រើន អាជីវកម្មមួយចំនួននឹងផ្លាស់ប្ដូរទៅលក់នៅក្នុងផ្សារទំនើប ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយបណ្តាក្រុមហ៊ុនស្ដងដារមួយចំនួនធំត្រូវផ្លាស់ប្ដូរទៅកាន់អគារពាណិជ្ជកម្មផងដែរ ហើយការរស់នៅក៏នឹងត្រូវប្ដូរទៅក្នុងបុរី អគារអាផាតមិន ឬខុនដូជាដើម”។
លោកបន្តថា ជាបទពិសោធន៍ ដូចជានៅក្នុងប្រទេសថៃ ប្រទេសសិង្ហបុរី ជាដើម ភាគច្រើនការលក់ដូរច្រើនឃើញនៅក្នុងអគារ ឬផ្សារទំនើប ហើយជីវិតនៃការរស់នៅក៏ប្រែទៅរកភាពស៊ីវិល័យផងដែរ៕