ដោយ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋនិយមពីទីផ្សារការិាយល័យសំរាប់ជួលនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ ខណៈបណ្តាប្រទេសជិតខាងមួយចំនួន ដែលកំពុងតែជួបសភាពទ្រឹងក្នុងផ្នែកនេះ។
លោក ទ្បេង ឃេរី នាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថលនៃក្រុមហ៊ុន Riich Me Co., Ltd ដែលទទួលបានសិទ្ធិក្នុងការគ្រប់គ្រងទីផ្សារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គ្រប់អាជីវកម្មទាំងអស់ មិនថាចតូចឬធំនោះទេ គឺសុទ្ធតែមានតម្រូវការលើទីតាំងការិយាល័យ ដែលមានភាពសមរម្យសម្រាប់ប្រតិបត្តិការ។
-->
លោកបានបន្តទៀតថា “កាលពីមុនការបើអាជីវកម្មឬមុខជំនួញណាមួយ ភាគច្រើនគេតែងជួលផ្ទះល្វែងធ្វើជាការិយាល័យ ប៉ុន្តែបច្ចុប្បន្នជម្រើសបែបបុរាណមួយនេះស្ទើរតែលែងមានទៀតហើយ។
ការជួលអគារការិយាល័យ ឬ Office Space ដែលស្ថិតនៅក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វាគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដែលក្រៅពីមានភាពងាយស្រួលក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម ថែមទាំងអាចជួយបង្កើនទំនុកចិត្តដល់អតិថិជន ក៏ដូចជាបណ្តាក្រុមហ៊ុនផ្សេងៗដែលជាដៃគូសហការ ក្នុងរូបភាពជាក្រុមហ៊ុន ដែលមានលក្ខណៈស្ដង់ដារត្រឹមត្រូវ ។
លោកឡេង ឃេរីបានបញ្ជាក់ទៀតថា ជាទូទៅការវិវត្តរបស់ពាណិជ្ជកម្មតាមបែបសម័យទំនើប ឬអាជីវកម្មតាមបែបបច្ចេកវិទ្យា គឺគេសម្លឹងមើលទីតាំងការិយាល័យដែលមានលក្ខណៈស្តង់ដារជាសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ការបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុន ជាពិសេសកិច្ចទំនាក់ទំនងផ្សេងៗ ដោយសារតែទីតាំងសម្រាប់ជួលការិយាល័យស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ។ ដូច្នេះវាក៏ជាឱកាសមួយដែលអាចបង្កើនលទ្ធភាពប្រតិបត្តិការអាជីវកម្ម ឬក្រុមហ៊ុនបានមួយចំណែកធំដែរ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា សម្រាប់តែទីផ្សារនៃការជួលអគារការិយាល័យនៅកម្ពុជា មិនថាពេលនេះ ឬរហូតដល់ដំណាច់ឆ្នាំ២០១៩នោះទេ គឺនៅតែមានភាពល្អប្រសើរដដែល។
លោកស្រីបន្តថា “តាមការសិក្សាបានបញ្ជាក់ថា សកម្មភាពនៃតម្រូវការជួលការិយាល័យនៅតែបន្តភាពល្អប្រសើរ និងនៅតែបន្តភាពរឹងមាំដដែល ខុសពីវិស័យផ្សេងទៀត”។

តាមរយៈរបាយការណ៍ចេញផ្សាយ ដោយក្រុមហ៊ុនអន្តរជាតិនេះបានបង្ហាញថា សម្រាប់ឆ្នាំ២០១៩នេះ កាន់តែមានភាពល្អប្រសើរជាងកាលពីឆ្នាំកន្លងទៅ ខណៈដែលតម្រូវការនៃការជួលមានចំនួនច្រើន ហើយទីផ្សារនៃការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ ហើយភាពខ្វះខាតនៃការផ្គត់ផ្គង់នេះ អាចបន្តរហូតដល់ចុងឆ្នាំ២០២១ឬឆ្នាំ២០២២ ។ ប៉ុន្តែវាអាចពាក់ព័ន្ធទៅនឹងតម្លៃនៃការជួល នៅពេលដែលមានការផ្គត់ផ្គង់ថ្មីបន្ថែមទៀតចូលមកធ្វើការប្រកួតប្រជែងនៅលើទីផ្សាររួមជាមួយគ្នា៕