ចំណេះដឹង​! តើ​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​មាន​ភាព​ខុសគ្នា​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅពេល​យើង​និយាយ​ពី​សេដ្ឋកិច្ច​ មាន​ច្រើន​របៀប​ និង​ច្រើន​ទម្រង់​សម្រាប់​ការអនុវត្ត​ ទៅតាម​ប្រភេទ​នី​មួយ​ៗ ដែល​ត្រូវ​បាន​ដាក់ចេញ​សេដ្ឋវិទូ​ ឬរដ្ឋាភិបាល​ សម្រាប់​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នៅក្នុង​តំបន់​ និង​អន្តរជាតិ​។

គេហទំព័រ​ Propertyarea.asia​ នឹង​លើកយក​ភាព​ខុសគ្នា​ រវាង​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ ​និង​តើ​តំបន់​ទាំងពីរ​នេះ​មានន័យ​យ៉ាងដូច​ម្តេច​?។

យោង​តាម​ឯកសារ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​ពន្យល់​ថា​ ភាព​ខុសគ្នា​រវាង​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​ គឺ​ស្ថិតនៅ​ត្រង់ថា​ តំបន់​ពាណិជ្ជកម្ម​សេរី​គឺជា​ប្រភេទ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្រិត​ស្រាល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​កាត់បន្ថយ​ឬលុបចោល​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធគយ​សំដៅ​ជំរុញ​ពាណិជ្ជកម្ម​។

រី​ឯសហភាព​សេដ្ឋកិច្ច​វិញ​ គឺជា​ប្រភេទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ ដែល​ជ្រាលជ្រៅ​ មាន​លក្ខណៈ​ផ្សេងទៀត​បន្ថែម​ពីលើ​ការកាត់បន្ថយ​ ឬលុបចោល​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធគយ​ ដូចជា​ការ​ដាក់​ពន្ធ​នាំចូល​តាម​អត្រា​ដូចគ្នា​ ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ទីបី​ទៅ​ក្នុង​តំបន់​។ ការ​ចល័ត​ដោយសេរី​នូវ​ផលិតកម្ម​ រួមមាន​ ទំនិញ​ សេវាកម្ម​ កំលាំង​ពលកម្ម​ មូលធន​ និង​ការ​ធ្វើ​សុខដុម​កម្ម​នៃ​ស្តង់ដារ​ និង​ការ​ចេញ​នូវ​វិញ្ញា​បន​ប័ត្រ​ គោលនយោបាយ​រូបិយវត្ថុ​ សារពើពន្ធ​ សង្គម​ និង​ច្បាប់​។

ជាឧទាហរណ៍​ខ្លី​ បន្ទាប់ពី​ការបង្កើត​កិច្ច​ព្រមព្រៀង​ អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៧៧​ ដែល​ផ្តល់​ការ​អនុគ្រោះ​តាម​ការ​ស្ម័គ្រចិត្ត​ ចំពោះ​ផលិតផល៧១មុខ​ និង​បាន​បង្កើន​ដល់១២​,៦៤៧មុខ​ នៅ​ឆ្នាំ១៩៨៦​ អាស៊ាន​បាន​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​កាន់​ តែ​ជ្រាលជ្រៅ​ជាង​មុន​ ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ១៩៩២​ ដែល​លុប​ពន្ធ​នាំចូល​ស្ទើរតែ​គ្រប់​ផលិតផល​ទាំងអស់​ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ទៀត​ និង​មាន​គោលដៅ​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ២០១៥​។

សមាហរណកម្ម​សេដ្ឋកិច្ច​ តាម​បែប​សហភាព​អឺរ៉ុប​ គឺ​មាន​លក្ខណៈ​ជ្រាលជ្រៅ​ខ្លាំង​ ពីព្រោះ​ថា​ក្រៅពី​លុប​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ សហភាព​អឺរ៉ុប​បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ដាក់​អត្រាពន្ធ​នាំចូល​ដូចគ្នា​ ចំពោះ​ផលិតផល​នាំចូល​ពីក្រៅ​តំបន់​ គោលនយោបាយ​រូបិយវត្ថុ​ និង​សារពើពន្ធ​រួម​ ដូចជា​មាន​រូបិយប័ណ្ណ​រួម ​(អឺ​រ៉ូ​) អនុញ្ញាត​ឱ្យ​ចល័ត​ដោយសេរី​នូវ​ទំនិញ​ សេវាកម្ម​ កំ​លាង​ពលកម្ម​ និង​មូលធន​ ព្រមទាំង​ធ្វើ​សុខដុម​កម្ម​នូវ​ស្តង់​ដា​ នីតិវិធី​ បែបបទ​ និង​ការ​អនុ​វត្ត​ផ្សេង​ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here