ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកជំនាញបានអះអាងថា ពន្ឋប្រថាប់ត្រាលើអចលនទ្រព្យកើតចេញពីការគិតគូរ និងទទួលខុសត្រូវរបស់រដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែការអនុវត្តកន្លងមក នៅមិនទាន់មានភាពច្បាស់លាស់ និងឯកភាពគ្នាទាំងស្រុងនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជាប់ផ្លូវ ឬមិនជាប់ផ្លូវនៃអចលនទ្រព្យ (ដីធ្លី) ពេលកំណត់ពន្ធប្រថាប់ត្រា។
យោងតាមខ្លឹមសារលិខិតលេខ ២២០៤៤ អពដ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ ស្តីអំពីពន្ធប្រថាប់ត្រានៃការអនុវត្ត និងចរន្តការអចលនទ្រព្យ (ដីធ្លី) ពាក់ព័ន្ធប្លង់ហេដ្ឋារចនាសម្ព័ន្ធអនាគត និងផ្លូវនេះ កើតចេញពីការគិតគូរ និងទទួលខុសត្រូវរបស់រដ្ឋ ដោយមានការពាក់ព័ន្ធសាម៉ីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអ្នកដឹកនាំ និងគ្រប់គ្រងជំនាញផ្ទាល់។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី បានមានប្រសាសន៍ឲ្យដឹងថា ខ្លឹមសារលិខិតបានឆ្លើយតបទៅនឹងចម្ងល់ជាច្រើន ព្រមទាំងជួយសម្រួលដល់ក្តីកង្វល់ទាំងឡាយរបស់ប្រជាពលរដ្ឋ ជុំវិញការរៀបចំដែនដី (ប្លង់គោល) ការគ្រប់គ្រងដីធ្លី និងការអនុវត្តប្រព័ន្ធពន្ធដារនាពេលកន្លងមក ឱ្យបានធូរស្រាល និងបានយល់ដឹងបន្ថែមកាន់តែច្បាស់លាស់ ដើម្បីរួមចំណែកការអភិវ ឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសការរៀបចំ និងអនុវត្តគម្រោងនានារបស់រដ្ឋ និងឯកជន ដែលមាននៅក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធ (ប្លង់ហេដ្ឋារចនាសម្ព័ន្ធអនាគត) និងប្លង់គោលប្រើប្រាស់ដីនៅគ្រប់តំបន់ គ្រប់កម្រិតថ្នាក់នៃព្រះរាជាណាចក្រកម្ពុជាយើង។
លោកបន្ថែមទៀតថា “លិខិតនេះ គឺជារូបភាព ជាតឹកតាងមួយនៃការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ប្រមុខដឹកនាំជាតិ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំនៅគ្រប់លំដាប់ថ្នាក់ និងកម្រិតជំនាញដែលពាក់ព័ន្ធវិស័យអចលនទ្រព្យ (ដីធ្លី) ផ្អែកតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវការកាន់កាប់ ការប្រើប្រាស់និងគ្រប់គ្រងដីធ្លីប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព ដោយផ្សាភ្ជាប់ជាមួយគម្រោងដីធ្លីទាំងអស់ ដែលមានផែនការអភិវឌ្ឍច្បាស់លាស់ (ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោល) សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត”។
លោកបន្ថែមថា រួមសេចក្តីមក អត្ថន័យលិខិតរបស់អគ្គនាយកពន្ធដារចង់បញ្ជាក់ឱ្យមានភាពច្បាស់លាស់នៅពេលអនុវត្តន៍ និងចរន្តការឯកសារដីធ្លីដែលពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផល (ភោគៈ) ឬមានកម្មសិទ្ធិស្របច្បាប់រួចរាល់ ព្រមទាំងដីនោះស្ថិតនៅជាប់ ៖ ប្រឡាយទឹក ទំនប់ ភ្លឺស្រែ ផ្លូវរទេះ ផ្លូវរថភ្លើង និងផ្លូវក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធនៃប្លង់គោលអនាគតដែលមិនទាន់ត្រូវបានកសាងឡើង និងមានរូបរាងជាផ្លូវច្បាស់លាស់សមស្រប គឺត្រូវបានចាត់ទុកថាជាដីគ្មានផ្លូវ នៅពេលអង្គភាពពន្ធដារកំណត់ពន្ធប្រថាប់ត្រា។
ការបញ្ជាក់ក្តីមន្ទិលត្រង់ចំនុចនេះ បានធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត និងមិនមានការខាតបង់នូវផលប្រយោជន៍របស់ខ្លួន ដូចការកំណត់ពន្ធប្រថាប់ត្រា ដែលមានការមិនឯកភាពគ្នាជាក់លាក់ក្នុងរយៈពេលកន្លងមក។
លោកក៏បានស្នើដល់មន្ត្រីជំនាញខាងកសាង គ្រប់គ្រងឯកសារដីធ្លី និងផ្នែកពន្ធដារ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងអនុវត្តតាមនីតិវិធី និងគោលការណ៍ច្បាប់ពាក់ព័ន្ធជាធរមាន ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋឱ្យបានល្អ ត្រឹមត្រូវ កាត់បន្ថយនូវបញ្ហាប្រឈម និងវិវាទផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រៅពីនេះ ខាងជំនាញដីធ្លី និងអង្គភាពពន្ធដារ ចាំបាច់រួមគ្នាធ្វើការផ្សព្វផ្សាយដល់មហាជនឱ្យបានទូលំទូលាយ និងរៀបចំឯកសារបច្ចេកទេសណែនាំគំរូឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋងាយយល់ និងមន្ត្រីជំនាញងាយអនុវត្តការងារបានល្អប្រសើរ ជួយពន្លឿនការបម្រើសេវាសាធារណៈបានរលូន និងទាន់ពេលវេលា៕