ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តើមសិក្សាផែកការស្ថាបនាផ្លូវក្រោមដីថ្មីចំនួន ២ ទីតាំងផ្សេងគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សនិស្សិត និងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា គម្រោងស្ថាបនាផ្លូវក្រោមដីថ្មីទំាង២នេះ គឺស្ថិតក្រោមចំណុចផ្លូវសហព័ន្ធរុស្សី នៅខាងមុខវិទ្យាស្ថានភាសាបរទេស និងមួយទៀត នៅខាងមុខចំណុចសួនក្តាន់២ ខណៈតំបន់ទាំង២ នេះ បាននឹងកំពុងប្រឈមការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។
-->
លោក ឃួង ស្រេងបន្តថា ការស្ថាបនាផ្លូវក្រោមដីនេះ គឺជាយន្តការដោះស្រយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូអង្វែងដែលជួយសម្រួលដល់ការចេញចូលរបស់សិស្សនិស្សិតសាកលវិទ្យាល័យភូមិន្ទះភ្នំពេញ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ផងដែរ ខណៈដែលចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីនេះមានស្ថានភាពមមាញឹក និងកកស្ទះខ្លាំង។
លោកបន្តថា “ក្នុងការកកស្ទះចរាចរណ៍នេះ យើងដឹងហើយថា ក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់យើង គឺបាត់បង់ចិញ្ចើមផ្លូវដោយរៀបចំចញ្ចើមផ្លូវឡើងវិញ ដើម្បីឱ្យមានការធ្វើដំណើរតាមចិញ្ចើមផ្លូវនេះ បានល្អប្រសើរ ហើយការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយ នេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែង ចឹងហើយបានជាយើងត្រូវសិក្សាបញ្ហានេះមួយដូចជា សិក្សាផ្លូវក្រោមដីនៅផ្លូវសហព័ន្ធរុស្សី និងផ្លូវក្រោមដីត្រង់ចំណុចក្តាន់២ចេញពីតំបន់បឹងកក និងកែលម្អផ្លូវថ្មើរជើងនៅមហាសេដ្ឋីម៉ៅសេទុង”។
ចំណែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងដែរថាចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចវិទ្យាស្ថានភាសាបរទេសគឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្សី ដោយតភ្ជាប់ផ្លូវលេខ ២៦១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេស ដែលនឹងបង្កភាពងាយស្រួលដល់និស្សិត បានចេញចូលមិនប្រឈមនឹងការកកស្ទះឬ គ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកបន្ថែមថា ចំណែកផ្លូវក្រោមដីនៅចំណុចក្តាន់ ២ វិញ ក៏ត្រូវរត់ក្រោមផ្លូវសហព័ន្ធរុស្សីផងដែរដោយភ្ជាប់ពីផ្លូវ ១៦៩ ឆ្ពោះទៅផ្លូវបឹងកក់ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ឱ្យមានលក្ខណៈលម្អិតបន្ថែមទៀត ដើម្បីឈានទៅស្ថាបនាជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ ដើម្បីប្រយោជន៍ដល់សង្គមជាតិ៕