រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ក្រុង​ចំនួន៨ទៅជា​ទីក្រុង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​

0
រូបថត៖ Property Area

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ កំពុង​ដាក់ចេញ​ផែនការ​ប្រែក្លាយ​ក្រុង​ចំនួន៨ទីតាំង​ ឱ្យ​ក្លាយជា​ទីក្រុង​និរន្តរភាព​នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខ​ ដើម្បី​ធានា​បាន​ផាសុ​ខភាព​ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ រួម​ទាំង​ធានា​បាន​នូវ​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។

ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​ នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ នៃ​ក្រសួងបរិស្ថាន​លោក​តាំង​ ម៉េ​ងអៀង​ បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​ ២០១៩​ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០​ នា​ថ្ងៃទី​ ២១​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ​ថ្មី​ៗនេះ​រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ២០១៨​–២០៣០​។

លោក​បន្ត​ថា​ “ផែនការ​អភិវឌ្ឍ​ទីក្រុង​ចំនួន៧ទីតាំង​ផ្សេងទៀត​ អាច​នឹង​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ២០១៩​ រឺ​ដើមឆ្នាំ​២០២០ខាងមុខនេះ​ ដើម្បី​ផ្ដល់​ផាសុ​ខភាព​ និង​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ដល់​ប្រជាពលរដ្ឋ​ ដោយ​ប្រែក្លាយ​ទីក្រុង​ទាំង៨ឱ្យ​ក្លាយជា​ទីក្រុង​និរន្តរភាព​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០​”។

លោក​បន្ថែម​ថា​ ក្រុង​ចំនួន៧ ផ្សេងទៀត​ ដែល​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នឹង​ប្រែក្លាយ​ឱ្យទៅ​ជាទី​ក្រុង​និរន្ត​ភាព​សុទ្ធ​ជាទី​តាំង​ប៉ូល​សេដ្ឋកិច្ច​ និង​ប៉ូល​ទេសចរណ៍​ ដោយ​ក្នុង​នោះ​ រួមមាន​ ក្រុង​សៀមរាប​ ក្រុងកែប​ ក្រុង​ព្រះសីហនុ​ ក្រុង​កំពង់ចាម​ ក្រុង​បាវិត​ ក្រុង​សួង​ និង​ក្រុង​បាត់ដំបង​។

លោក​តាំង​ ម៉េ​ងអៀង​ បញ្ជាក់​ទៀត​ថា​ ជុំវិញ​ការងារ​រៀបចំ​ ទីក្រុង​និរន្តរភាព​នេះ​ ជា​ការងារ​អន្តរក្រសួង​ ដោយមាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ជា​អ្នកសម្របសម្រួល​រួម​ មានការ​ចូលរួម​ពី​ក្រសួង​ បរិស្ថាន​ ក្រសួង​រៀបចំ​ដែនដី​ ក្រសួង​មួយចំនួន​ផ្សេងទៀត​ ទាក់ទង​ការ​ដឹកជញ្ជូន​ ការរៀបចំ​ប្រព័ន្ធ​លូ​ រួម​ទាំង​ មន្ត្រី​ថ្នាក់​មូលដ្ឋាន​។

លោក​ទិន​ ពន្លក​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ អភិវឌ្ឍន៍​ដោយ​ចីរភាព​បានឱ្យ​ដឹង​ដែរ​ថា​ ក្រឹម​ប្រឹក្សា​អភិវឌ្ឍន៍​ប្រកប ដោយ​និរន្តរភាព​ បាន​បញ្ចប់​ការសិក្សា​ និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​ សម្រាប់​រាជធានី​ភ្នំពេញ២០១៨​-២០៣០​ សំណើ​គោលនយោបាយ​សារពើពន្ធ​សម្រាប់​យានយន្ត​ របាយការណ៍​ស្តី​ពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ ពី​ការប្រែប្រួល​អាកាសធាតុ​ លើ​កំណើន​សេដ្ឋ​កិ​ច្ច​ក្នុ​ប្រទេស​កម្ពុជា​។ របាយការណ៍​ស្តី​ពី​ការកាត់បន្ថយ​ហានិភ័យ​វិនិយោគ​ ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា​ ​របាយការណ៍​ជាតិ​លើក​ទី៦​ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈ​ចម្រុះ​ ។

រូបថត៖ Property Area

លោក​បន្ថែម​ថា​ អគ្គលេខាធិការ​ដ្ឋាន​ កំពុង​បន្ត​ការសិក្សា​ស្រាវជ្រាវ​សំ​ខាន់​ៗ មួយចំនួន​ទៀត​ ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​ក្នុង​វិស័យ​កាត់ដេរ​ ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ការ​ទាញ​យក​ឥន្ធនៈ​ពី​សំណល់រឹង​ ការគ្រប់គ្រង​សំណល់រាវ​បែប​វិមជ្ឈការ​ ស្តង់​ដា​អគារ​បៃតង​ កម្មវិធី​យានយន្ត​អគ្គិសនី​ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ ការ​ទូទាត់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។ល។ ៕

រូបថត៖ Property Area

LEAVE A REPLY

Please enter your comment!
Please enter your name here