ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន STAR AUTO (CAMBODIA) CO.,LTD គ្រោងសាងសង់អគារតាំងលក់រថយន្ត លក់គ្រឿង បន្លាស់ និងសេវាកម្មថែទាំរថយន្តនៅលើផ្ទៃដីទំហំ ៨.០០០ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩នេះ បានគាំទ្រទាំងស្រុងលើគម្រោងអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត ដោយខាងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់រឹង/រាវ និងសំរាមឱ្យបានត្រឹមត្រូវ។
-->
មហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ជាតំបន់មួយដែលកំពុងមានកំណើនវិនិយោគខ្លាំងក្លា បើធៀបនឹងតំបន់ដទៃទៀត នៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន តំបន់នេះមានភាពទាក់ទាញ និងមានសក្តានុពលខ្លាំង សម្រាប់វិស័យអចលនទ្រព្យ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍ ទីក្រុងរបស់សាលាក្រុងភ្នំពេញនៅឆ្នាំ២០៣៥។
ផ្លូវ៦០ម៉ែត្រ មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រ ដែលជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ បានភ្ជាប់គ្នារវាងផ្លូវលេខ២៧១ ភាគខាងជើង ជាមួយផ្លូវជាតិលេខ២ភាគខាងត្បូង។
តំបន់មហាវិថីសម្ដេចតេជោឬផ្លូវ៦០ម៉ែត្រ កំពុងទាក់ទាញគម្រោងវិនិយោគធំៗចូលទៅក្នុងតំបន់នេះយ៉ាងច្រើន ដូចជា គម្រោងបុរី លំនៅឋាន អគារការិយាល័យ និង អគារពាណិជ្ជកម្មជាដើម ដែលនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍មួយដ៏សំខាន់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញ៕