អ្នកជំនាញ​៖ ការ​ផ្គត់ផ្គង់​ទីកន្លែង​តាំងពិព័រណ៍​ផលិតផល​នានា​នៅ​កម្ពុជា​នៅ​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ផលិតផល​ នានា​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​បញ្ជាក់​ប្រាប់​ថា​ នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​ ខណៈ​ដែល​អ្នក​វិនិយោគ​មួយចំនួន​ធំ​ហា​ក់ព្រងើង​កន្តើយ​មិន​ចាប់អារម្មណ៍​នឹង​មុខ​ជំនួញ​មួយ​នេះ​។

សម្រាប់​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅពេល​និយាយ​ពី​ព្រឹត្តិ​ការណ៍​នៃ​ការ​តាំងពិព័រណ៍​ផលិតផល​នានា​ ភាគច្រើន​គេ​តែង​ នឹកឃើញ​ដល់ទី​តាំង​មិន​លើស​ពី២​-៣ កន្លែង​តែប៉ុណ្ណោះ​ ក្នុង​នោះ​រួមមាន​ដូចជា​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ និង​សណ្ឋាគារ​មួយចំនួន​ទៀត​ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ ដូចជា​សណ្ឋាគារ​សុខា​ភ្នំពេញ​ និង​សណ្ឋាគារ​សូ​ហ្វី​តែល​ជាដើម​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ថា​ ទីតាំង​សម្រាប់​ប្រា​រព្វ​ពិធី​ពិព័រណ៍​ ត្រូវ​បាន​គេ​ចែកចេញជា២ប្រភេទ​ គឺទី​តាំង​ខាងក្នុង​ និង​ទីតាំង​ខាងក្រៅ​។ លោក​បាន​បន្ត​ទៀត​ថា​ ទីតាំង​ខាងក្នុង​គឺ​សំដៅ​ដល់ទី​តាំង​ទាំងឡាយ​ណា​ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ និង​ត្រូវ​បាន​បិទ​ជិត​ មាន​សុវត្ថិភាព​ពី​គ្រោះ​ធម្មជាតិ​ដូចជា​ខ្យល់​ ភ្លៀង​ និង​កំ​ដៅ​ថ្ងៃ​ដែល​មាន​ទំហំ​ចាប់ពី១០០០ម៉ែត្រការ៉េ​ឡើង​ទៅ​ ប៉ុន្តែ​ទីតាំង​ខាងក្រៅ​ គឺទី​កន្លែងនៅ​វាល​ខាងក្រៅ​មិន​ មាន​រោង​បិទបាំង​ តែ​អាច​សមល្មមនឹង​ការ​ធ្វើ​ស្ដ​ង់​សម្រាប់​ដាក់​តាំង​បង្ហាញ​ ឬលក់​ផលិតផល​បាន​”។

លោក​ធួន​ ស៊ី​ណាន​ បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ប្រា​រព្វ​ពិធី​តាំងពិព័រណ៍​ នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​នោះ​ទេ​ ខណៈ​ដែល​ត្រូវការ​ទីផ្សារ​មាន​ច្រើន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជា​ធម្មតា​គ្រប់​ក្រុមហ៊ុន​ដែល​ចូលរួម​ នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​គឺ​ពួកគេ​មានបំណង​តែមួយគត់​ គឺ​ធ្វើ​យ៉ាងណា​បាន​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ ជាមួយនឹង​ការ​ទទួល​បានដៃ​គូ​វិនិយោគ​រួម​បន្ត​ ឬដៃគូ​ចែកចាយ​ ដែល​មិនមែន​ត្រឹមតែ​ជា​ការ​បង្ហាញ​ម៉ាក​សញ្ញា​តែមួយមុខ​នោះ​ទេ​”។

លោក​បាន​បញ្ជាក់​ថា​ សម្រាប់​អ្នក​វិនិយោគ​នៅក្នុង​ការ​ផ្គត់ផ្គង់​ទីតាំង​ជួល​ ក៏ដូចជា​គ្នា​ ត្រូវតែ​គិតទៅ​លើ​ទីផ្សារ​ជាធំ​ ដែល​ប្រៀប​ដូចជា​ការ​វិនិយោគ​ទៅលើ​សណ្ឋាគារ​យ៉ាង​ដូច្នោះ​ដែរ​ ដែល​ចាំបាច់​ត្រូវតែ​គិតពិចារណា​ជាមុន​ ទៅលើ​ទីតាំង​ដែល​មាន​តម្រូវការ​ពិតប្រាកដ​ ជាជាង​ការ​វិនិយោគ​តាម​គ្នា​ ដោយ​គ្មាន​គោលដៅ​ និង​គ្មាន​ការសិក្សា​ច្បាស់លាស់​នោះ​ទេ​”។

នៅ​ប្រទេសជិតខាង​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​ពិធី​តាំងពិព័រណ៍​ គឺ​មាន​វិសាលភាព​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​អាច​ទាញ​ យក​ផលប្រយោជន៍​បន្ថែម​ពី​ការជួល​ទីតាំង​ ដូចជា​ទទួល​បាន​ចំណូល​ ពី​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ (បន្ថែម​ការ​វិនិយោគ​ផ្នែក​សណ្ឋាគារ​) ទទួល​បាន​ពី​ផ្នែក​អាហារដ្ឋាន​ (បង្កើត​អាហារដ្ឋាន​ស្ថិតនៅ​មណ្ឌល​ពិព័រណ៍​) ហើយក៏​អាច​ទទួល​បាន​ចំណូល​ពី​វិស័យ​ដឹកជញ្ជូន​មួយចំណែកទៀត​ផង​ដែរ​។

លោក​ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ដោយសារ​ការ​មើលឃើញ​ពី​ឱកាស​ក្នុង​ការ​វិនិយោគ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​ចូលខ្លួន​មក​ផ្គត់ផ្គង់​ក្នុង​វិស័យ​នេះ​ ដោយមាន​ការបែងចែក​នូវ​ពេលវេលា​ច្បាស់លាស់​ នៃ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​លំដាប់​អន្តរជាតិ​ចំនួន​ ១២​ ដង​ ក្នុង​មួយឆ្នាំ ​(១ខែ​ម្ដង​) និង​ការ​តាំងពិព័រណ៍​ខ្នាត​តូច​ និង​មធ្យម​ ប្រចាំ​សប្ដាហ៍​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​នានា​ក្នុង​ការ​ទទួល​បានដៃ​គូ​វិនិយោគ​បន្ត​។ លោក​បាន​បញ្ជាក់​ថា​ “គ្រប់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​ចូលរួម​នៅក្នុង​ការ​បង្ហាញ​ផលិតផល​ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​ទទួល​បាន​ឱកាស​នៃ​ចំណែក​ទីផ្សារ​ពី​ការ​ប្រឹក្សា​ យោបល់​ និង​ជួល​ស្វែង​រកប​ ណ្តាញ​ទីផ្សារ​ និង​ការ​លក់​បន្ត​ តាមរយៈ​ក្រុមការងារ​ជំនាញ​ប្រចាំ​នៅ​មជ្ឈមណ្ឌល​ផ្ទាល់​តែម្ដង​។

ជាមួយគ្នា​នេះ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រប់​ផលិតផល​ទាំងអស់​ដែល​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ស្របតាម​គោលដៅ​ លុះត្រាតែ​ការ​ផ្សព្វផ្សាយ​ និង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​នៅកន្លែង​ដែល​មាន​សក្ដានុពល​ និង​មាន​ប្រសិទ្ធភាព​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Fortuna​ Investment​ ​លោក​ វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​ថា​ ការ​ផ្គត់ផ្គង់​ទីតាំង​សម្រាប់​រៀបចំ​ពិព័រណ៍​នៅ​កម្ពុជា​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ គឺ​មាន​ភាព​ខ្វះខាត​ពិតមែន​ ប៉ុន្តែ​ក៏​មានហេតុ​ផល​របស់​វា​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​ទទួលស្គាល់​ថា​ ការ​ផ្គត់ផ្គង់​នៅក្នុង​ផ្នែក​មួយ​នេះ​មាន​ភាព​ខ្វះខាត​ច្រើន​ ដែល​នៅក្នុង​រាជធានី​ភ្នំពេញ​ មានត្រឹមតែ​ប៉ុន្មាន​ទីតាំង​តែប៉ុណ្ណោះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ការដែល​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​មើល​រំលង​ ហើយ​ទៅ​បណ្តាក់​ទុន​លើ​ផ្នែក​ដទៃទៀត​ ក៏​ព្រោះតែ​វិស័យ​នេះ​ មាន​ទីផ្សារ​តាម​រដូវ​កាល​តែប៉ុណ្ណោះ​ ដែល​វា​ខុសពី​ការ​វិនិយោគ​ដទៃទៀត​ ដែល​អាច​ទទួល​បាន​ចំណូល​ជាប្រចាំ​ខែ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here