ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការវិនិយោគលើការសាងសង់ចំណតរថយន្តក្រោមដីនៅក្នុងទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់រថយន្ត និងសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រកាលពីព្រឹកថ្ងៃទី ២២ តុលា ឆ្នាំ ២០១៩ នេះ ថា ទីក្រុងភ្នំពេញបាននឹងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍ និងកន្លែងចតរថយន្ត។
-->
សម្តេចតេជោថា “ដូចដែលយើងបានឃើញស្រាប់រាល់ថ្ងៃគឺមានរថយន្តតូចធំចតពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់លើចញ្ចើមថ្នល់ និង លើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់រថយន្តបើកបរ ដែលបណ្តាលអោយកកស្ទះចរាចរណ៍តែម្តង”។
ដើម្បីដោះស្រាយសម្រួលលើបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមសម្រេចអោយមានការវិនិយោគពីវិស័យឯកជនកសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។
សម្តេចបន្ថែមថា ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះបរមរាជវាំងឡើយ។ ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។
ចំណតរថយន្តក្រោមដីមិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងអោយកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕