រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ច​ថ្មី​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​នា​ពេលនេះ​ពិតជា​មាន​ភាព​ចាំបាច់​ណាស់​ ក្នុង​ការ​ចាប់​យក​នូវ​កាលានុវត្ត​ភាព​ និង​សក្តា​នុ​ពល​ទាំងឡាយ​ ពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ឌីជីថល​អាច​ក្លាយទៅជា​ក្បាលម៉ាស៊ីន​អូស​កំណើន​សេដ្ឋកិច្ច​ថ្មី​។

លោក​ វង្សី​ វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្តី​ពី​ ការរៀបចំ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ជាមួយ​ធនាគារ​ពិ​ពភលោ​ក (WB​) កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ និង​ដើម្បី​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​ និង​ដើម្បី​ប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​ សម្រាប់​ធ្វើការ​ពង្រួញ​ផ្លូវ​ និង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​ កា​របង្តើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ភាព​ប្រកួតប្រជែង​ ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​កំពុង​មានស្រាប់​ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតមានឡើង​ជាយ​ថា​ ហេតុ​ដោយសារ​ឥទ្ធិពល​ នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ខាងលើ​។

លោក​បន្ត​ថា​ “ក្នុងស្មារតី​នេះ​ កាលពីដើម​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដែល​ជា​ស្ថាប័ន​ខួរក្បាល​របស់​នាយក​រដ្ឋមន្រ្តី​ បាន​បង្កើត​នូវ​ក្រុមការងារ​បច្ចេកទេស​មួយ​ ដើម្បី​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​នៅក្នុង​រយៈពេល​វែង​”។

លោ​កវង្សី​ វិស្សុត​បាន​បន្ថែម​ថា​ គិត​មកទល់​នឹង​ពេលនេះ​ ក្រុមការងារ​បាន​រៀបចំ​នូវ​ឯកសារ​ទស្សនាទាន​រួម​មួយ​សម្រាប់​ ​ ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ក្របខណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ដោយ​ ផ្តោត​លើ​អាទិភាព​ និង​យុទ្ធ​សាស្រ្ត​ រួមមាន​ទី១​.ការរៀបចំ​ និង​បង្តើ​តរដ្ឋាភិបាល​ឌីជីថល​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ម្យ៉ាង​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ ដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​តម្ល​ភាព​ផង​ និង​ម្យ៉ាងវិញទៀត​ ដើម្បី​បង្កើត​នូវ​បរិស្ថាន​ និង​ជា​ឃ្នាស់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ និង​នវានុវត្តន៍​ផង​ដែរ​

ទី២​.ការជំរុញ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ដូចជា​ ខែ្ស​កាប​អុ​បទិច​ ខ្សែកាប​អុបទិក​តាម​បាតសមុទ្រ​ មជ្ឈមណ្ឌល​ទិន្នន័យ​ និង​ការ​តភ្ជាប់​បណ្តាញ​សេវា​ដល់​អ្នកប្រើ​ប្រាស់​ និង​ធុរកិច្ច​ ដើម្បី​ធ្វើ​ឱ្យ​សេ​វា​អ៊ិ​នធឺ​ណែ​តកាន់តែ​មាន​ល្បឿន​ លឿន​ ហើយ​ថ្លៃ​កាន់តែ​ថោក​ជាមុន​ និង​មាន​វិសាលភាព​អាច​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​ ទី៣​.ការ​ទាញ​យក​ប្រយោជន៍​ជាអតិបរិមា​ពី​វិស័យ​ឌីជីថល​ តាមរយៈ​ការ​បង្កើន​អក្ខរកម្ម​ និង​សមត្ថភាព​ឌីជីថល​ ពិសេស​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ (R&​D)។

ទី៤​ ការបង្កើត​ក្របខណ្ឌ​ច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ្ត​ពាក់​ព័ន្ធ​ផ្សេង​ៗ ពិសេស​បទដ្ឋាន​ស្តង់​ដា​មួយចំនួន​ ក្នុង​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​ ការ​ការពារ​ទិន្នន័យ​ឯកជន​ និង​ការ​ទប់​ស្តា​ត់​បទល្មើស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​។ល។ និង​ ៥.ការបង្កើត​នូវ​ថ្នាល​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់​លើកស្ទួយ​សហគ្រិនភាព​ និង​ការបង្កើត​ធុរកិច្ច​ថ្មី​ (Startup​) ក្នុង​វិស័យ​ឌីជីថល​។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បន្ថែម​ថា​ រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ជាបន្តបន្ទាប់​រួចហើយ​ ក្នុង​គោលដៅ​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ខាងលើ​នេះ​ ដូចជា​ ទី១​ ការបង្កើត​និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​) ទី២​ ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​ ទី៣​ ការបង្កើត​និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ (EDF​) និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ (EPC​) និង​ទី៤​ ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here