ដោយៈ រ៉ាណេត
ភ្នំពេញៈ ការចូលខ្លួនមកប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យ ដើម្បីទទួលបានផលប្រយោជន៍ពីវិស័យមួយនេះ វាមិនមែនជារឿងដែលងាយស្រួលនោះទេ ពោលគឺតម្រូវឱ្យមានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដ ដែលអាចប្រឈមមុខជាច្រើនជាមួយបណ្តាក្រុមហ៊ុនប្រកួតប្រជែងដទៃទៀត ដើម្បីទទួលបានចំណែកទីផ្សារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

-->
តើមានវិធីសាស្ត្រអ្វីខ្លះ និងត្រូវអនុវត្តបែបបណា ទើបអាចមានភាពជោគជ័យខ្ពស់ក្នុងការទទួលបានចំណែកទីផ្សារនៅក្នុងវិស័យមួយនេះ?។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Advanced Property លោកឡុង គឹមសួគ៌ ដែលមានបទពិសោធន៍ខ្ពស់ និងកំពុងតែទទួលបានភាពជោគជ័យនៅលើវិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះបានលើកឡើងថាពាក្យថា «ជោគជ័យ» នៅក្នុងវិស័យអចលនទ្រព្យ វាងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិបាកក្នុងការទទួលបានលទ្ធផលល្អពិតប្រាកដណាស់។
លោកបានបន្តទៀតថា “ដើម្បីអាចឈរជើងនៅក្នុងទីផ្សារមួយនេះបាន គឺត្រូវពឹងផ្អែកទៅលើចំណុចសំខាន់ៗទាំង ៥ រួមមានដូចជា ការកសាងទំនុកចិត្តជាមួយអតិថិជន ភាពមានការទទួលខុសត្រូវខ្ពស់ និងមានដំណោះស្រាយដ៏ល្អសម្រាប់អតិថិជន មានចំនេះដឹង និងវិជ្ជាជីវៈពិតប្រាកដ មានក្រមសីលធម៌ ជាពិសេសចេះមើល និងវិភាគទៅលើស្ថានភាពទីតាំងភូមិសាស្ត្រ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិរូបនេះ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីគោលការណ៍ទាំង៥ ដែលជាចំណុចសំខាន់ក្នុងកិច្ចដំណើរប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខាងលើនេះ នៅទាមទាឱ្យមានភាពវៃឆ្លាត ក្នុងការទំនាក់ទំនងភ្ញៀវ ដើម្បីទទួលបានការងារបម្រើផ្នែកសេវា ក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារជំនាញ ក៏ដូចជាអាចផ្សព្វផ្សាយ និងលក់នូវផលិតផលអចលនទ្រព្យរបស់ក្រុមហ៊ុនផងដែរ ដែលក្នុងនោះរាប់បញ្ចូល ទាំងចំណេះដឹងលើការប្រើប្រាស់ មធ្យោបាយទំនាក់ទំនងបែបទំនើប តាមរយៈប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
លោក ឡុង គឹមសួគ៌ បានលើកយកនូវបទពិសោធន៍ ជាក់ស្ដែងមកបង្ហាញផងដែរថា “ក្នុងនាមជាភ្នាក់ងារជំនាញ ត្រូវយល់ដឹងឱ្យបានច្បាស់នូវវិធី ក្នុងការផ្សព្វផ្សាយពីប្រភេទផលិតផលអចលនទ្រព្យរបស់ខ្លួន”។ លោកបន្តថា “វិធីសាស្រ្តជាក់ស្ដែងដូចជាការលក់ដីឡូតិ៍ជាដើម វិធីសាស្ត្រក្នុងការជំរុញការលក់ គឺកសាងបណ្តាញ (Network) ពោលគឺធ្វើយ៉ាងណាពង្រីកបណ្តាញ ដែលជាភ្នាក់ងារលក់ឱ្យបានច្រើន”។
សម្រាប់ការលក់លំនៅដ្ឋាន គឺមានវិធីសាស្ត្រខុសពីការលក់ដីឡូតិ៍ គេជ្រើសរើសចងយកបណ្តាញOnline ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយជាសំខាន់។ ដោយឡែក សម្រាប់ការលក់ខុនដូ ឬ អាផាតមិនវិញ វិធីសាស្ត្រក្នុងការផ្សព្វផ្សាយ ដើម្បីជំរុញការលក់ គឺត្រូវបង្កើតជាព្រឹត្តិការណ៍ ក្នុងដាក់តាំងបង្ហាញពីចំណុចសំខាន់របស់អគារ និងផលប្រយោជន៍ដែលអាចទទួលបានត្រឡប់ពីការទិញ ឬការវិនិយោគនៅពេលអនាគត។
លោកបានបន្តទៀតថា “វិធីសាស្ត្រដែលបានលើកយកមកបង្ហាញ ទាំងអស់ខាងលើនេះ បើមើលទៅគឺគ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការតាំងចិត្ត ចំណាយពេល និងការព្យាយាមធ្វើ ទើបអាចទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងពិតប្រាកដ”។

ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Advanced Property មានទីស្នាក់ការកណ្តាលនៅក្នុងសណ្ឋាគារ HIMAWARY Phnom Penh បានចាប់ដំណើរការកាលពីអំឡុងចុងឆ្នាំ២០១៥ ហើយរហូតមកដល់ពេលនេះ ភ្ជាប់ជាមួយនឹងការទទួលបានភាពជោគជ័យនៅក្នុងមុខជំនួញ ក្រុមហ៊ុនបានបង្កើននូវចំនួនបុគ្គលិកជាច្រើននាក់ ជាពិសេស ថែមទាំងបានពង្រីកសាខាចំនួន២ ទីតាំងផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ដោយសាខាទី១ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ សាខាទី២ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ហើយនៅត្រឹមដើមឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនមានគម្រោងបង្កើតសាខាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងការគាំទ្រពីអតិថិជន៕