ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅត្រឹមព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ ផ្សារទំនើបដ៏ធំលើកដំបូងគេ ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square នឹងចាប់ផ្តើមបើកដំណើរការហើយ ជាមួយនឹងការនាំមកជូននូវបទពិសោធន៍ថ្មី នៃការទិញ លក់ ទំនិញគ្រប់ប្រភេទបែបស៊ីវិល័យ និងសម្បូរបែបបំផុត។

នាយិកាគ្រប់គ្រងទីផ្សារ និងការលក់ផ្សារទំនើប FURI Times Square កញ្ញា លីម សុខាដាវីន បានប្រាប់ឱ្យដឹងថា នៅត្រឹមព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ ផ្សារទំនើបបែបស៊ីវិល័យមួយនេះ នឹងចាប់បើកទ្វារដំណើរការលក់លើកដំបូង ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងក្រុងព្រះសីហនុ។
កញ្ញាបានបន្តទៀតថា “ការបើកទ្វារដំណើរនៅថ្ងៃស្អែកនេះ គ្រាន់តែជាការបើកជំហានដំបូង ដែលស្របទៅនឹងឱកាសនៃថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងសាធារណៈជនទូទាំងប្រទេសនៃពិធីបុណ្យអ៊ុទូក បណ្តែតប្រទីបអកអំបុក និងសំពះព្រះខែ ដោយឡែកពិធីបើកសម្ពោធជាផ្លូវការណ៍តែម្ដង គឺនៅដំណាច់ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ”។
កញ្ញាលីម សុខាដាវីន បានបន្តឱ្យដឹងថែមទៀតថា “ជាមួយនឹងកិច្ចដំណើរការសាកល្បងនេះ ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចំរុះយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗ លំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café , ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea, ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE , ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំអាងផងដែរ ”។

កញ្ញាបានបន្តទៀតថា “ផ្សារទំនើបនេះ នឹងចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់ ដែលក្រៅពីមានលក់នូវមុខទំនិញ និងអាហារយ៉ាងសម្បូរបែប ក៏មានទីកន្លែងកម្សាន្តសម្រាប់កុមារ និងយុវវ័យផងដែរ ជាពិសេសមានរោងកុនបែបទំនើបនៅជាន់ខាងលើ រួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ខាងលើលំហរអាកាសនៅពេលរាត្រីផងដែរ”។

សូមរីករាយ និងស្វាគមន៍ នៃការមកដល់ផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់នៅក្រុងព្រះសីហនុទាំងអស់គ្នា …..៕







