ចំណេះដឹង​! តើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា២០១៥​-២០២៥ត្រូវ​បាន​អនុវត្តយ៉ាង​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​កម្ពុជា២០១៥​-២០២៥​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ដ​កាលពី​ឆ្នាំ២០១៥​ ដើម្បី​ឆ្លើយតបទៅនឹង​ការប្រែប្រួល​នៃ​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ស្រុក​និង​ សភាពការណ៍​ប្រែប្រួល​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ច​តំបន់​ និង​ពិភពលោក​។

គោលនយោបាយ​នេះ​ គឺ​ជា​មគ្គុ​ទេ​សក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ ឧស្សាហកម្ម​នៅ​កម្ពុជា​ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ការ​លើកកម្ពស់​ផលិតភាព​ ហើយ​គោលនយោបាយ​នេះ​ នឹង​ក្លាយជា​ឧបករណ៍​សំខាន់​ ក្នុង​ការ​រួមចំណែក​សម្រេច​បាន​នូវ​ទិសដៅ​ នៃ​យុទ្ធ​សា​ស្ដ្រចតុកោណ​ ដើម្បី​កំណើន​ការងារ​សមធម៌​ និង​ប្រសិទ្ធភាព​។

ក្នុង​ទិសដៅ​នេះ​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​-២០២៥​ បាន​កំណត់​នូវ​គោលដៅ​ចំនួន៣​ រួមមាន​ ដូចជា​ ទី១​-បង្កើន​ចំណែក​នៃ​វិស័យ​ ឧស្សាហកម្ម​ក្នុង​ផលទុនជាតិ​សរុប​(ផ.ស.ស​) ឱ្យ​បាន​ដល់៣០ភាគរយ​នៅ​ឆ្នាំ២០២៥​(២៤​,១ភាគរយ​នៃ​ផ.ស.ស.នៅ​ឆ្នាំ២០១៣​) ដែល​វិស័យ​កម្មន្ដសាល​ត្រូវ​កើនឡើង​ពី១៥​,៥ភាគរយ​ នៃផ.ស.ស.នៅ​ឆ្នាំ២០១៣​ ទៅដល់២០ភាគរយ​នៅ​ឆ្នាំ២០២៥​។

ទី២​-ជំរុញ​ពិពិធ​កម្ម​មុខទំនិញ​ដោយ​ បង្កើន​ការនាំចេញ​ទំនិញ​កម្មន្ដសាល​ មិនមែន​ជា​វាយនភ័ណ្ឌ​ឱ្យ​បាន១៥ភាគរយ​ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥​។ ទន្ទឹម​នឹង​ការជំរុញ​ការនាំចេញ​ ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យ​បាន១២ភាគរយ​ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥​។

ទី៣​-កំណត់​គោលដៅ​នៅ​ឆ្នាំ២០២៥​ ឱ្យ​សហគ្រាស​ធុន​តូច​ចំនួន៨០ភាគរយ​ និង​សហគ្រាស​ធុន​មធ្យម​ចំនួន៩៥ភាគរយ​ ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ហើយ​ សហគ្រាស​ធុន​តូច​ចំនួន៥០ភាគរយ​ និង​សហគ្រាស​ធុន​មធ្យម​ចំនួន៧០ភាគរយ​ មាន​បញ្ជី​ការ​គណនេយ្យ​និង​តារាង​តុល្យការ​ត្រឹមត្រូវ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here