ដោយគង់ សូរិយា
ភ្នំពេញៈ សំរាប់អ្នកវិនិយោគឆ្លាតវៃ ពួកគេអាចស្វែងរកផលចំណេញលើការវិនិយោគដីធ្លីនៅគ្រប់កាលៈទេសៈ ព្រោះពួកគេអាចក្តាប់ស្ថានភាព និងតម្លៃដីធ្លីបាន។
លោកឃាង ពុទ្ធីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការទិញលក់ដីធ្លីអាចមិនសូវមានសកម្មភាព បើសិនជាសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ហេតុនេះអ្នកវិនិយោគដែលឆ្លាតវៃ ពួកគេចេះជ្រើសរើសទិញយកអចលនទ្រពន្យ ដែលមានតម្លៃទាបជាងទីផ្សារ ពិសេសដីធ្លីដែលមានតម្លៃក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
-->
លោកពន្យល់ថា តម្លៃដីធ្លីដែលមានតម្លៃទាប មិនសូវរងផលប៉ះពាល់លើចរន្តនៃការទិញលក់់នោះទេ បើសិនជាសេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែយ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនល្អដដែល ក្នុងរយៈពេលមធ្យមខាងមុខ។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ដីធ្លីដែលមានតម្លៃទាបត្រឹម៣០ ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនរងផលប៉ះពាល់នោះទេ បើសិនជាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។ ផ្ទុយទៅវិញបើសិនជាដីមានតម្លៃរាប់រយដុល្លារ ឬរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ពិតជាពិបាកលក់ បើសិនជាស្ថានភាពសេដ្ឋកិច្ចមិនសូវមានភាពល្អប្រសើរ ព្រោះអ្នកវិនិយោគធំៗពួកគេអាចរង់ចាំមើល ឬផ្អាកគំរោងវិនិយោគរបស់ពួកគេ បើសិនជាបញ្ហាសេដ្ឋកិច្ចសាកលកើតឡើង។
លោកឃាង ពុទ្ឋីបានបន្តថា ចរន្តនៃការទិញលក់ដីធ្លីបច្ចុប្បន្ននៅតែបន្តមានសកម្មភាពល្អនៅឡើយ ដោយសារសេដ្ឋកិច្ចកម្ពុជាមិនរងផលប៉ះពាល់ដោយសារវិបត្តិ ដែលកើតមានពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះទេ ហើយអ្វីៗនឹងមានភាពល្អប្រសើរ សំរាប់ឆ្នាំ២០២០ខាងមុខ ទោះជាបច្ចុប្បន្នការទិញលក់អចលនទ្រព្យ ហាក់មានសភាពយឺតយ៉ាវក្តី ហើយភាពយឺតយ៉ាវនេះដោយសារវាជាកំឡុងពេលចុងឆ្នាំ ដែលក្រុមហ៊ុននានាមិនសូវបញ្ចេញសាច់ប្រាក់នោះទេ៕