ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានអះអាងថាផ្សារ AEON ទី៣របស់ជប៉ុន នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ ខណៈទំហំពាណិជ្ជកម្មរវាកម្ពុជានិងប្រទេសជប៉ុនត្រូវបានព្យាករណ៍ថានឹងបន្តកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

-->
លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ នៅក្នុងជំនួបពិភាក្សា ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជាកាលពីល្ងាចថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោកបន្តថា ជាមួយគ្នានេះ កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននឹងកំពុងពង្រីកអាជីវកម្មនៅកម្ពុជា និងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយ ជាមួយគ្នានេះផងដែរ ផ្សារអ៊ីអនទីបី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។
លោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីជប៉ុនផ្តល់ការយកចិត្តទុកដាក់ដល់ការវិនិយោគការកែច្នៃម្ហូបអាហារ កសិផល បន្លែផ្លែឈើ និងជួយផ្តល់ជំនួយបច្ចេកទេស សម្ភារ:បរិក្ខា និងការបណ្តុះបណ្តាលដល់មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា។
លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា បានឱ្យដឹងដែរថា ចំនួនវិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដែលជួយឲ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ និងបានសង្កត់ធ្ងន់ថាកត្តាស្ថេរភាពនយោបាយបាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានប្រមាណ ៧,២%។លោក ក៏បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។

លោកថា រាល់មតិយោបល់របស់លោករដ្ឋមន្រ្តី គឺជាកត្តាសំខាន់ក្នុងការជួយបង្កើនការនាំចេញរបស់កម្ពុជា និងជាកិច្ចការដែលត្រូវសហការគ្នានាពេលខាងមុខ៕