ដោយ វុត្ថា
ព្រះសីហនុ៖ ក្រុមហ៊ុន KB Central ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អានកូ គ្រុប បានសម្រេចបោះទុនវិនិយោគប្រមាណ ៥០០លានដុល្លាសាងសង់អគារពហុពាណិជ្ចកម្មដ៏ទំនើប ក្នុងតំបន់អូរត្រេះ ក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។
លោកឧកញ៉ា ឬទ្ធី សំណាង អគ្គនាយកក្រុមហ៊ុន RSX Investment Co ., Ltd ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអោយដឹងថា តាមផែនការ ក្រុមហ៊ុននឹងសាសង់សណ្ឋាគរលំដាប់ផ្កាយប្រាំកំពស់ ៣៨ជាន់ ដែលមានសួនធម្មជាតិ អគារកំសាន្ត កាស៊ីណូ ការិយាល័យទំនើបប្រភេទ 5A។
លោកឧកញ៉ាបន្តថា គម្រោងសាសង់នៃអគារពហុមុខងារនេះមានចំនួនថវិកាចំនួន ៥០០ លានដុល្លាអាមេរិច លើផ្ទៃដី ៦០០.០០០ ម២ ដោយសាងសង់តាមបច្ចេកវិទ្យាទំនើប នៃស្តង់ដាអន្តរជាតិ ជាមួយចក្ខុវិស័យផ្សាភ្ជាប់ សង្គម បរិស្ថាន ធម្មជាតិ ។
លោកឧកញ៉ាបន្ថែមថា ក្រោយការសាងសង់ ក្រុមហ៊ុននឹងស្រូបយកកំលាំងពលកម្មរាប់ម៉ឺននាក់ និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ។
លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងស្វាគមន៏ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានចំណាយដើមទុនវិនិយោគដ៏ច្រើននៅក្រុងព្រះសីហនុ ។
លោកបន្តថា ជាមួយនឹងសកម្មភាពដោយផ្ទាល់នេះ រដ្ឋបាលខេត្តសូមគាំទ្រ លើកទឹកចិត្ត និងការពារភាពស្រពច្បាប់របស់ក្រុមហ៊ុន ដើម្បីអោយក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មប្រកបដោយនិរន្តភាព និងសូមអោយក្រុមហ៊ុន បានដំណើរការសាងសង់ដោយរលូន និងទទួលបានជោគជ័យ ៕