ដោយ ម៉ាណេត
ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ ២០១៩នេះ ខណៈវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តកើនឡើងចន្លោះពី១០ភាគរយ ទៅ១៥ ភាគរយក្នុងមួយឆ្នាំ។ នេះបើយោងតាមការវិភាគលើទិន្នន័យដែលប្រើប្រាស់ជាមធ្យោបាយវាស់វែង ពីសុខុមាលភាពវិស័យអចលនទ្រព្យ របស់អ្នកជំនាញអលចនទ្រព្យនៅកម្ពុជា។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព ទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន V Trust Appraisalបានឲ្យដឹងថា ការសាងសង់ និងផ្គត់ផ្គង់អគារពាណិជ្ជកម្ម សម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និងលក់រាយរក្សាបានកំណើនខ្ពស់នៅឆ្នាំ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅមានសន្ទះខ្លាំង។ បន្ថែមលើនេះ ការសាងសង់និងផ្គត់ផ្គង់អគារលំនៅឋានដូចជាគម្រោងខុនដូ និងសំណង់ផ្ទះជាប់ដី ក៏សុទ្ធសឹងមានសកម្មភាពរស់រវើកនៅឆ្នាំ ២០១៩ នេះដែរ។
-->
ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនផ្ទះជាប់ដីដែលក្រុមហ៊ុនអភិវឌ្ឍន៍ បានប្រកាសបើកលក់មានចំនួនសរុប១៣,៩០០ផ្ទះ (ផ្ទះល្វែង និងផ្ទះវីឡា) ហើយក្នុងនោះផ្ទះចំនួន៤,៦០០ខ្នងបានសាងសង់ចប់ និងរួចរាល់សម្រាប់អ្នកទិញចូលនៅ។ នេះបើយោងតាមលោកហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal។
លោកបន្តថា ក្នុងរយៈពេលដូចគ្នានេះខុនដូចំនួន៦,៦០០យូនីត ត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយក្នុងនោះខុនដូចំនួន៦,២០០យូនីត បានសាងសង់ចប់ និងរួចរាល់សម្រាប់ការចូលនៅ។
លោកថ្លែងថា “លទ្ធភាពនៃការស្រូបយករបស់ទីផ្សារផ្ទះ ជាប់ដីបានកើនដល់១០ ភាគរយនៅឆ្នាំ២០១៩ នេះដែលមានន័យថា ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលត្រឹមតែ១២ ខែប៉ុណ្ណោះ ដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់”។
លោកបានឱ្យដឹងទៀតថា “រយៈពេល១២ខែជារយៈពេលខ្លី ដែលវាឆ្លុះបញ្ចាំងថាទីផ្សារផ្ទះជាប់ដី មានការទិញលក់រឹតតែល្អនៅឆ្នាំនេះ ខណៈកាលពីឆ្នាំមុនលទ្ធភាពនៃការស្រូបយកនៅលើទីផ្សារ មានចំនួនត្រឹមតែ៨ភាគរយប៉ុណ្ណោះ ឬមានន័យថាក្រុមហ៊ុនសាងសង់ត្រូវរង់ចាំដល់ទៅ១៥ខែ ដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់”។
លោកហ៊ឹម សីហាបានបន្តថា ទីផ្សារខុនដូ ត្រូវការពេលយូរជាងផ្ទះជាប់ដីបន្តិច ដែលត្រូវការរយៈពេល៣២ខែ ដើម្បីឲ្យអ្នកអភិវឌ្ឍន៍អាចលក់ចេញអស់។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា វានៅតែជារយៈពេលដ៏ល្អមួយ ដោយសារទីផ្សារខុនដូជាទីផ្សារថ្មីនៅកម្ពុជាធៀបនឹងផ្ទះជាប់ដី។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងបន្តកើនឡើងចន្លោះពី១០ភាគរយ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនល្អមួយ ហើយប្រជាពលរដ្ឋកម្ពុជា នៅតែមានឱកាសល្អក្នុងការវិនិយោគ ដើម្បីទទួលបានផលចំណេញពីការរីកចម្រើននេះ។
យ៉ាងណាក៏ដោយលោកក្រើនរំឭកថា អ្នកវិនិយោគត្រូវប៉ាន់ប្រមាណពីលទ្ធភាពទិញផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសគួរចៀសវាងការវិនិយោគច្រើន ហួសពេកដែលពឹងលើប្រាក់កម្ចី។
លោកថ្លែងថា “បើទោះជាទីផ្សារអចនទ្រព្យនៅល្អ ហើយសង្កេតឃើញមានឱកាសចំណេញល្អក៏ដោយ អ្នកវិនិយោគក៏ត្រូវគិតគូរពីលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ផងដែរ និងត្រូវចៀសវាងការប្រមូលទិញ ហួសពីលទ្ធភាពខ្លាំងពេក ដែលអាចបង្កជាការលំបាកទៅវិញ”។
របាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី១០ តុលាបានបង្ហាញថា ប្រទេសកម្ពុជា នឹងរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំនៅឆ្នាំ២០១៩នេះ ដោយមានអត្រាកំណើន៧ ភាគរយ។

ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ផ្នែកសំណង់នៅកម្ពុជា នឹងនៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយក្នុងការទាក់ទាញការវិនិយោគ៕