ដោយគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះភ្លោះកំពស់៤៥ជាន់ ដែលជាអាគារខ្ពស់ជាងគេនៅក្នុងខេត្តកំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ បន្ទាប់ពីគំរោងនេះត្រូវបានសិក្សាអស់រយៈពេលជាយូរ។
ពិធីបើកការដ្ឋានសាងសង់នេះ បានធ្វើឡើងក្រោមអធបិតីភាពលោកទេព ធន់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់់ និងអភិបាលខេត្តកំពតលោកជាវ តាយនិងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។
-->
គំរោងនេះនឹងរួមមានផ្សារទំនើប អាគារការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន អាផាតម៉ិនជាដើម។
មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេ ញឈ្មោះថា គំរោងនេះ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅខេត្តកំពត និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខេត្តនេះ ហេតុនេះការសាងសង់ត្រូវគិតគូពីបញ្ហាបរិស្ថាន បទដ្ឋានបច្ចេកទេសជាច្រើន ដែលត្រូវការរយៈពេលមួយ ដើម្បីបញ្ចប់។
កំពតជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រ ក្នុងភាគនិរិតីនៃប្រទេសកម្ពុជាដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។ ខេត្តនេះ មានតំបន់ទេសចរណ៍ ចំនួន១៧កន្លែងសំខាន់ៗ ដែលស្រូបយកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិតពីរលាននាក់ ក្នុងមួយឆ្នាំ២០១៨។ ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានចាប់ផ្តើមរៀបចំអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ កម្សាន្តដ៏ស្រស់ស្អាតមួយ ដែលមានទាំងផ្សារទំនើប និងសណ្ឋាគារផ្កាយប្រាំផង។

អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ កំពុងមានការរីកចម្រើនខ្លាំង ដោយសារគំរោងដ៏ធំនេះនឹងផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគបរទេសដែលគ្រោង ចូលមកវិនិយោគលើគំរោងជាច្រើននៅក្នុងខេត្តនេះ៕