ដោយ វុត្ថា
ភ្នំពេញៈ បច្ចុប្បន្ននេះកម្ពុជាបានពង្រឹងសមត្ថភាព នៃបណ្តាញផ្លូវដែលមានស្រាប់ និងសាងសងផ្លូវល្បឿនលឿន ដើម្បីឲ្យស្របទៅតាមកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សរបស់ខ្លួន ក៏ដូចជា ជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
យោងតាមឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋាន សម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធុនធ្ងន់ផងដែរ។
ឯកសារដដែលបន្តថា ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែក ខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន។
គោលបំណងនៃគម្រោងសាងសង់ ផ្លូវល្បឿនលឿននៅកម្ពុជាមានដូចជាទី១ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជា ឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។
ទី២ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោកៈ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព ផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។
ទី៣ ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗ បម្រើសេវាកម្មបានល្អ និងអាចទាក់ទាញយានយន្តនានា ដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង៕