ដោយ វុត្ថា
ព្រះសីហនុៈ វិនិយោគិនអចលនទ្រព្យចិន ដែលបាននិងកំពុងរកស៊ីក្នុងខេត្តព្រះសីហនុអស់រយៈពេល ២ឆ្នាំកន្លងមកនេះ បានត្អូញត្អែពីតម្លៃដី និងជួលបន្ទប់ស្នាក់នៅមានតម្លៃខ្ពស់នៅក្នុងខេត្តមួយនេះ និងស្នើឱ្យអាជ្ញាធរជួយពាក់ព័ន្ធនឹងបញ្ហានេះ។

-->
លោកស្រី Lin Huilan ប្រធានក្រុមហ៊ុនឡាយ មី អន្តរជាតិ នៅក្នុងជំនួបពិភាក្សាទាក់ទងបញ្ហាប្រឈមជាមួយលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុកាលពីម្សិលមិញនេះថា ក្រុមហ៊ុនលោកស្រី ជាក្រុមហ៊ុនអចលនទ្រព្យ ប្រកបអាជីវកម្មស្របច្បាប់នៅខេត្ដព្រះសីហនុរយៈពេល ២ឆ្នាំកន្លងមក ដែលបានទាក់ទាញអ្នកវិនិយោគចិនជាច្រើន មកវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យសំណង់។
លោកស្រីបន្តថា “បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ មកធ្វើការនៅខេត្តព្រះសីហនុគ្មានកន្លែងស្នាក់នៅសមរម្យ ពួកគាត់អាចមកជួលបន្ទប់អគារវិនិយោគចិន ស្នាក់នៅដោយតម្លៃសមរម្យ ដើម្បីលើកកម្ពស់ដល់អ្នកវិនិយោគចិនផងដែរ។ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលជួយបញ្ចុះតម្លៃឈ្នួលផ្ទះ និងដីព្រោះវាមានតម្លៃខ្ពស់”។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា កម្ពុជាប្រកាន់ភ្ជាប់ទីផ្សារសេរី ប្រសិនបើអ្នកវិនិយោគចិន សល់បន្ទប់ត្រូវសិក្សាពីតម្លៃ និងធ្វើតារាងតម្លៃជួលបន្ទប់ និងទំហំបន្ទប់មករដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តនិងជួយផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋ ហើយនៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធពង្រីកផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការទាក់ទាញវិនិយោគមកកម្ពុជា ពិសេសមកខេត្តព្រះសីហនុ ។
លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា “រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បាននឹងកំពុងអភិវឌ្ឍន៍បន្ថែមមានដូចជា ភ្លើង ទឹកស្អាត កំពង់ផែទឹកជ្រៅ បំរើការដឹកជញ្ជូនទំនិញចេញចូលយ៉ាងមមាញឹក ព្រលានយន្តហោះអន្តរជាតិ និងផ្លូវគមនាគមន៍”។
ជាមួយគ្នានេះ លោកអភិបាលខេត្តសង្ឃឹមថា ក្រុមហ៊ុន ឡាយ មី អន្តរជាតិ និងទាក់ទាញអ្នកវិនិយោគគិនលើវិស័យផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ មានដូចជាវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្មជាដើម។
ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ នៃរដ្ឋបាលខេត្តព្រះសីហនុ លោកនងឌី ណារ៉ា បានឱ្យដឹងនៅថ្ងៃទី២៩ ខែតុលានេះថា សម្រាប់តម្លៃជួលនៅក្នុងមួយបន្ទប់មានតម្លៃប្រមាណជិត ១០០០ដុល្លារអាមេរិក ទៅតាមប្រភេទទីតាំង និងនៅតាមផ្លូវតាមបណ្តោយតូចៗ មានតម្លៃប្រមាណ ៥០០ដុល្លារអាមេរិក ហើយមកដល់បច្ចុប្បន្នេះ មានតម្លៃប្រមាណជា ៣០០ដុល្លារអាមេរិក។
លោកបន្ថែមថា អ្វីដែលវិនិយោគិនចិន ស្នើសុំឱ្យមានការបញ្ចុះតម្លៃដី ឬជួលបន្ទប់ទៅកាន់រដ្ឋបាលខេត្តនេះ គឺមិនសមហេតុផលនោះទេ ព្រោះប្រទេសកម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សាសេរី បើមិនពេញចិត្តអាចទៅរកន្លែងផ្សេងបាន ដែលស័ក្តិសមទៅនឹងធនធានរបស់ខ្លួន៕