ដោយគង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបាន និងកំពុងសិក្សាពីស្ថានភាពអចលនវត្ថុ នៅតាមរាជធានី ខេត្តធំៗ ដើម្បីរៀបចំរបាយការណ៍ជូនរដ្ឋាភិបាល។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ តុលានេះថា សមាគមបាននិងកំពុងស្រាវជ្រាវពីស្ថានភាពពិត លើវិស័យអចលនវត្ថុកម្ពុជា ដើម្បីដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ លោកបន្តថា របាយការណ៍នេះនឹងបញ្ចប់នៅសប្តាហ៍ក្រោយ ប៉ុន្តែវានឹងមិនត្រូវផ្សព្វផ្សាយជាសាធារណៈនោះទេ។
លោកបន្តថា “យើងទទួលស្គាល់ថាវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានការធ្លាក់ចុះស្ទើរគ្រប់ផ្នែក ប៉ុន្តែនៅរាជធានីភ្នំពេញមានផលប៉ះពាល់តិចតួច ធៀបនឹងក្រុងព្រះសីហនុ”។ លោកបន្តថា “ស្ថានភាពនយោបាយ និងការគំរាមដកប្រព័ន្ឋអនុគ្រោះពន្ឋលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) បាននិងកំពុងធ្វើឲ្យវិស័យនេះស្ថិតក្នុងសភាពទ្រឹង”។
លោកឧកញ៉ាលី ហួរបានបន្តថា ទោះជាយ៉ាងណាស្ថានភាពនេះ មិនគួរមានការព្រួយបារម្ភពេកនោះទេ ហើយប្រជាជនមិនគួរបារម្ភនោះឡើយ អ្វីៗនឹងមានភាពប្រសើរឡើងនាពេលអនាគត៕






