ចំណេះដឹង​! តើ​យន្តការ​ភាពជា​ដៃគូ​គយ​-ផ្នែកឯកជន​ត្រូវ​អនុវត្តន៍​យ៉ាងដូច​ម្តេច​?

0

ដោយ​ វុត្ថា

ភ្នំ​ពេញៈ​ យន្តការ​ភាពជា​ដៃគូ​គយ​-ផ្នែកឯកជន​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រកាស​លេខ​ ៩០៦​ សហវ.ប្រក​ចុះ​ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០០៩​ របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តាមរយៈ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​ផ្នែកឯកជន​ក្នុង​ការ​ជម្រុ​ញនូវ​អនុលោម​ភាព​ច្បាប់​ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

យន្តការ​នេះ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១០​ ក្នុង​គោល​ បំណង​លើកកម្ពស់​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​ល្អ​ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែកឯកជន​បន្ថែម​ទៀត​។

យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​យន្តការ​នេះ​ ដោយ​ឈរ​លើ​ស្មារតី​ភាពជា​ដៃគូ​ស្នើ​ភាព​គ្នា​រវាង​គយ​ និង​ផ្នែកឯកជន​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានសម្រេច​ចេញ ប្រកាស​លេខ​ ៣២០​ សហវ.ប្រក​ ចុះ​ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៥ស្តី​ពី​ ការ​កែសម្រួល​សមាសភាព​និង​កិច្ច​ដំណើរការ​ភាពជា​ដៃគូ​គយ​ផ្នែកឯកជន​ ដោយ​កែសម្រួល​ឲ្យ​មាន​សហប្រធាន​ជា​តំណាង​ អគរ​ និង​ផ្នែកឯកជន​ក្នុង​សម​សភាព​ថ្នាក់ដឹកនាំ​ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​បី​។

ក្រុមការងារ​បច្ចេកទេស​ទាំង​បី​មាន​ ទី១​. ក្រុមការងារ​គយ​-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ​ ទី២​. ក្រុមការងារ​គយ​-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ​ និង​ទី៣​. ក្រុមការងារ​គយ​-ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​។

យន្តការ​ភាពជា​ដៃគូ​គយ​-ផ្នែកឯកជន​ គឺជា​យន្តការ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហការ​ និង​ការយោគយល់​គ្នា​ទៅវិញ ទៅមក​ រវាង​រដ្ឋបាល​គយ​ និង​ផ្នែកឯកជន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ​ ឲ្យអស់​លទ្ធភាព​ជាមុន​ មុននឹង​ឈាន​ទៅ​ដោះស្រាយ​កម្រិត​អន្តរក្រសួង​ ឬដាក់​ជូន​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​។

នេះ​គឺជា​យន្តការ​មួយ​ដ៏​សំខាន់​ ក្នុង​ការធានា​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​កិច្ច​សម្រួល​ ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ​ និង​ផ្នែកឯកជន​ប្រកបដោយ​ប្រសិទ្ធភាព​ តម្រូវឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​រួមគ្នា​ដោះស្រាយ​ នូវ​រាល់​បាតុភាព​អសកម្ម​ ដែល​នាំឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​មិន​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here