ដោយ យិន លាងគង់
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ OCIC កំពុងសិក្សាសាងសង់ផ្លូវក្រោមទន្លេចេញពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ដែលជាទីក្រុងថ្មីមួយនឹងលេចឡើងនៅតាមដងទន្លេមេគង្គក្រោមនាពេលខាងមុខ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាលទ្ឋភាពសាងសង់ស្ពាន និងផ្លូវក្រោមទន្លេ ឆ្ពោះពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងកោះនរា ដែលបាននិងកំពុងចាក់ដី និងថ្មបំពេញលើទីតាំងដែលជាកោះចាស់ ហើយត្រូវបាក់ស្រុតដោយសារទឹកជំនន់ទន្លេមេគង្គ។
-->
លោកបន្តថា ការសិក្សានេះ ស្ថិតក្នុងជម្រើសចំនួនពីរ ទី១ សាងសង់ស្ពានយោងដោយខ្សែឬកាប ដែលមានគន្លងរថយន្តអាចបើកបរពីរទៅពីរមកបាន ហើយស្ពាននេះមានប្រវែងប្រមាណ១០០០ម៉ែត្រ និងគ្រោងចំណាយទឹកប្រាក់៦០ ទៅ៧០លានដុល្លារអាមេរិក និងជម្រើសទី២ គឺសាងសង់ផ្លូវក្រោមទន្លេ ដែលមានប្រវែងនិងទំហំផ្លូវដូចគ្នា ប៉ុន្តែការចំណាយអាចប្រើប្រាស់ថវិកា រហូតដល់២០០លានដុល្លារអាមេរិក។
ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ រហូតដល់២០០០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីនេះ ដោយរួមបញ្ចូលជាមួយនឹងស្ពានឬផ្លូវក្រោមទន្លេផងដែរ។

លោកទូច សំណាងបានបន្តថា ទីក្រុងកោះនរានឹងមានបណ្តោយ៣,៥គីឡូម៉ែត្រ និងមានការចាក់ដីអម ដងទន្លេមេគង្គក្រោមប្រវែង៣០០ម៉ែត្រ។ គំរោងទីក្រុងថ្មីនេះនឹងមានទស្សនទានអភិវឌ្ឍន៍ស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រ ហើយទីក្រុងថ្មីនេះនឹងចាប់ផ្តើមលេចរូបរាងនៅដើមឆ្នាំ២០២៣ខាងមុខនេះ៕