ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្ទុយពីការលើកឡើងដោយគ្មានប្រភពច្បាស់លាស់ថា វិស័យអចលនទ្រព្យកម្ពុជា កំពុងតែជួបសភាពទ្រឹង និងធ្លាក់ចុះនោះ ក្រុមអ្នកជំនាញនិងអ្នកវិនិយោគនៅក្នុងវិស័យនេះផ្ទាល់សុទ្ធតែបានអះអាងថា អចលនទ្រព្យកម្ពុជានៅតែបន្តភាពល្អប្រសើរ ដោយមិនទាន់មានសញ្ញាណាមួយបញ្ជាក់ពីឱនភាពនោះទេ ជាពិសេសនៅឆ្នាំ២០២០ខាងមុខនេះ កាន់តែរីកចម្រើនបន្ថែមទៀត។

-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមាន ប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះថា “បើយើងមើលពីតម្រូវការ និងភាពជាក់ស្ដែង នៃការបញ្ជារទិញនៅលើទីផ្សារក្នុងស្រុក គឺនៅតែមានដំណើរការល្អដដែល ដោយមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដែលមានដូចជាវិស័យដីធ្លី និងវិស័យលំនៅដ្ឋានជាដើម”។
សម្រាប់ការវិនិយោគពីក្រៅប្រទេស ដែលឈរលលេខរៀងបន្ទាប់ពីអ្នកវិនិយោគចិន ដែលឈរនៅលំដាប់លេខ១នៅកម្ពុជានោះ បច្ចុប្បន្នឃើញមានអ្នកវិនិយោគជនជាតិជប៉ុន កូរ៉េ ដែលកំពុងតែមានសកម្មភាព ហើយក្រៅពីនេះ នៅមានបណ្តាអ្នកវិនិយោគដែលមកពីប្រទេសជិតខាងរបស់កម្ពុជាផងដែរ ដូចជា វៀតណាម ថៃ ហុងកុង និងសិង្ហបុរី ជាដើម។
លោកស្រីបានបន្តទៀតថា “គ្រប់ការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិទាំងអស់ គឺសុទ្ធតែបានឆ្លងកាត់ការសិក្សាយ៉ាងលម្អិត និងច្បាស់លាស់ មុនពេលសម្រេចចិត្តបណ្តាក់ទុន”។លោកស្រីបន្តថា “ការវិនិយោគក្នុងរយៈពេលវែង ខុសពីការវិនិយោគរបស់អ្នកជំនួញក្នុងស្រុក ដែលមានតែការទិញ-លក់ ក្នុងរយៈពេលខ្លី ដើម្បីទទួលបានប្រាក់ចំណេញនោះទេ ដូច្នេះវាមិនមានសញ្ញាណាមួយដែលបង្ហាញពីភាពអវិជ្ជមាននោះទេ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍នៅថ្ងៃដដែលថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយដែលបង្ហាញពីថា វិស័យអចលនទ្រព្យកម្ពុជាមានការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញមានតែការកើនឡើង ដែលជាប្រចាំឆ្នាំក្នុងចន្លោះ២៥-៣០ភាគរយនៃតម្រូវការទីផ្សារ។

លោកឧកញ៉ាបានមានប្រសាសន៍ថា “នៅពេលមានលំហូរនៃការវិនិយោគរបស់ក្រុមហ៊ុនមកពីក្រៅប្រទេស ដែលជាដៃគូសហការជាមួយអ្នកវិនិយោគនៅកម្ពុជា ជាពិសេសក្រុមហ៊ុនធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ខ្ពស់ គឺសុទ្ធតែជាសញ្ញាវិជ្ជមានដែលបង្ហាញថា សក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តភាពល្អប្រសើរ”។ លោកឧកញ៉ាបន្តទៀតថា “ការវិនិយោគដោយភាពប្រថុយប្រថាន តែងមានក្ដីព្រួយបារម្ភ ប៉ុន្តែចំពោះក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកធំៗ គឺសុទ្ធតែមានទំនុកចិត្តខ្ពស់ ដោយសារគេបានសិក្សាលម្អិតពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារ ឱកាសនៃការវិនិយោគរួមជាមួយនឹងក្ដីរំពឹងទុកផងដែរ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ភាគច្រើន ការលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាជួបសភាពសទ្រឹង ឬមានការធ្លាក់ចុះ គឺពួកគេផ្តោតសំខាន់តែទៅលើការចាកចេញនៃវត្តមានរបស់ជនជាតិចិនមួយចំនួនតូចតែប៉ុណ្ណោះ ដូចជា នៅខេត្តព្រះសីហនុ ប៉ោយប៉ែត និងក្រុងបាវិត ប៉ុន្តែមិនបានសម្លឹងមើលពីភាពជាក់ស្ដែង នៃការវិនិយោគគម្រោងធំៗដែលកំពុងតែមាន និងកំពុងដំណើរការ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើន ដើម្បីគៀងគរការវិនិយោគ និងផ្តល់ឱកាសដល់អ្នកវិនិយោគ ដូចជាការផ្តល់សិទ្ធិដល់តំបន់សេដ្ឋកិច្ចពិសេស ការផ្តល់អជ្ញាប័ណ្ណដល់ការវិនិយោគកាស៊ីណូ នៅតាមតំបន់មួយចំនួន ជាពិសេសនៅតាមតំបន់ព្រំដែន។
អនុប្រធានសមាគមន៍អ្នកជំនាញអចលនវត្ថុកម្ពុជា លោកម៉ម សិរីបញ្ញា បានទទួលស្គាល់ថា បច្ចុប្បន្នអចលទ្រព្យនៅតំបន់មួយចំនួន មានការធ្លាក់ចុះពិតមែន ប៉ុន្តែមិនជាធ្ងន់ធ្ងរខ្លាំងនោះទេ។ លោកបានបន្តទៀតថា “អចលនទ្រព្យនៅតំបន់មួយចំនួនអាចមានការធ្លាក់ចុះបន្តិចមែន ប៉ុន្តែបើជាទីផ្សាររួមវិញ នៅតែមានការទិញលក់ជាធម្មតា ហើយក៏មិនមានសញ្ញាណាមួយដែលបញ្ជាក់ថា វិស័យអចលទ្រព្យនៅកម្ពុជាជាប់គាំងនោះដែរ”។

លោកបញ្ជាក់ថា តំបន់ដែលជួបបញ្ហានៅពេលបច្ចុប្បន្ននេះ មានដូចជាក្រុងព្រះសីហនុ ដោយសារតែខេត្តនេះ មានកំសួលនៃតម្លៃថ្លៃលើសពីទីផ្សារទូទៅ ហើយតម្រូវការទីផ្សារនៅក្នុងខេត្តនេះភាគច្រើន មានប្រភពមកពីក្រៅស្រុក ខុសពីតំបន់ដទៃទៀតដូចជា តំបន់ប៉ោយប៉ែត និងតំបន់បាវិត ដែលស្ថិតនៅជាប់ប្រទេសដែលមានសេដ្ឋកិច្ចល្អ និងស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់សេដ្ឋកិច្ចរវាងប្រទេស និងប្រទេសដែលមានលំហូរដឹកជញ្ជូន និងមានតំបន់សេដ្ឋកិច្ចពិសេសច្រើនកន្លែង។

លោក ម៉ម សិរីបញ្ញា បានបញ្ជាក់ទៀតថា “ទោះជាយ៉ាងណាក៏ដោយ វិស័យមួយនេះនៅតែបន្តមានសញ្ញាវិជ្ជមានដដែល មិនថាឆ្នាំក្រោយឬនៅឆ្នាំបន្ទាប់ទៀតនោះទេ”៕