ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងសាងសង់សំណង់អាគារខុនដូធំជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេគត់សម្គាល់ឃើញថា កំពុងតែមានសកម្មភាពយ៉ាងសកម្ម ដើម្បីបញ្ចប់ទៅតាមគម្រោងផែនការ និងដាក់ចូលទៅក្នុងទីផ្សារ ស្របពេលដែលមានការរំពឹងថា តម្រូវការប្រើប្រាស់នៅឆ្នាំក្រោយនេះនឹងមានការកើនឡើង។
លោកឧកញ៉ាសៀ រិទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងធំៗដែលកំពុងតែដំណើរការសាងសង់នៅពេលបច្ចុប្បន្ននេះ គេមិនមែនចេះតែធ្វើទាំងភាពប្រថុយប្រថាននោះទេ។ ចាប់ពីឆ្នាំក្រោយទៅកម្ពុជា ត្រូវការកន្លែងស្នាក់នៅរាប់ម៉ឺនកន្លែង ប៉ុន្តែគិតត្រឹមដំណាច់ឆ្នាំនេះ ខុនដូទើបតែបានប្រមាណ៣ម៉ឺនបន្ទប់តែប៉ុណ្ណោះ (ឆ្នាំ២០១៩ មានការដាក់ទីផ្សារចំនួន១៧០០០បន្ទប់) ដូច្នេះចំនួននៃការផ្គត់ផ្គង់ នៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។
-->
លោកបន្តថា “ គេ (វិនិយោគិន) ធ្វើគឺទាល់តែគេសម្លឹងឃើញពីផលប្រយោជន៍ ខ្ញុំនិយាយតែតម្រូវការនៃវិស័យខុនដូ ដែលប្រមាណ៧០ភាគរយ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន”។
លោកសៀ រិទ្ឋីបានមានប្រសាសន៍បន្តទៀតថា “ការវិនិយោគ និងអភិវឌ្ឍទៅលើវិស័យខុនដូនៅកម្ពុជា ភាគច្រើនគឺជាក្រុមហ៊ុនចិន ដែលពួកគេសម្លឹងឃើញទីផ្សារក្រៅស្រុក ជាពិសេសមកពីប្រទេសចិន ដែលគ្រាន់តែខេត្តមួយរបស់ប្រទេសចិនមានចំនួនប្រជាជនច្រើនជាងចំនួនប្រជាជននៅកម្ពុជាទៅទៀត ហើយពួកគេភាគច្រើនយល់ពីការរស់នៅក្នុងអគារខុនដូរស្រាប់”។
លោកឧកញ៉ាបានបន្តទៀតថា “សម្រាប់សាងសង់និងអភិវឌ្ឍរបស់ខ្ញុំ គឺខ្ញុំពឹងផ្អែកទៅលើទីផ្សារកម្ពុជា ខ្ញុំមានទីផ្សាររបស់ខ្ញុំ ដូច្នេះគ្រប់អ្នកអភិវឌ្ឍធំៗគឺគេមានទីផ្សាររបស់ពួកគេទាំងអស់”។ លោកបន្តថា “ទីផ្សារនេះក៏អាស្រ័យលើយុទ្ធសាស្ត្រនៃការធ្វើសមាហរណកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំបន្ទាប់នេះ នឹងមានកំណើនក្រុមហ៊ុនអន្តរជាតិនានាចូលមកវិនិយោគ សហការប្រតិបត្តិការនៅកម្ពុជាកាន់តែច្រើន ដែលជំរុញឱ្យមានតម្រូវការលើការស្នាក់នៅ និងតម្រូវការជួលអគារមានការកើនឡើង”។
យោងតាមទិន្នន័យចុងក្រោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅរាជធានីភ្នំពេញ មានគម្រោងខុនដូចំនួន៩ដែលស្មើនឹង ៥,១៤០យូនីត បានដាក់ដំណើរការក្នុងត្រីមាសទី៣ឆ្នាំ២០១៩ ជាចំនួនកើនឡើងខ្ពស់ធៀបនឹងត្រីមាសមុនៗ។
របាយការណ៍ដដែលបានបង្ហាញថា ខុនដូនៅរាជធានីភ្នំពេញ មានចំនួន៥៨០០យូនីត ត្រូវបានដាក់ឱ្យដំណើរការនៅត្រឹមត្រីមាសទី៣។ គំរោងខុនដូដែលបានដាក់ដំណើរការគម្រោងថ្មី ភាគច្រើនស្ថិតនៅក្នុងខណ្ឌចំការមន និងជ្រោយចង្វារ ដែលស្មើនឹង៤៤ភាគរយ និង៤០ភាគរយនៃយូនីតថ្មី ដែលទើបនឹងចាប់ផ្តើមដំណើរលក់។ ភាគច្រើននៃខុនដូដែលបានចាប់ផ្តើមដំណើរលក់ថ្មី ត្រូវបានដាក់នៅតម្លៃកណ្តាល ដែលបានដាក់ដំណើរការលក់បានគ្របដណ្តប់៥២ភាគរយ ដែលស្មើនឹងប្រមាណ២៧០០យូនីត។
បន្ទាប់មកខុនដូ ដែលមានតម្លៃខ្ពស់ និងតម្លៃសមរម្យដែលតំណាងឱ្យ៣២ភាគរយ និង១៦ភាគរយ។ ការផ្គត់ផ្គង់កើនឡើងត្រឹមតែ៥,១ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាសស្មើនឹងប្រមាណ ១៧,៥១០យូនីត។ អាគារសហកម្មសិទ្ឋចំនួន៣ ដែលស្មើនឹងប្រមាណ៨៥០យូនីតត្រូវបានបញ្ចប់នៅក្នុងគម្រោងស្តារស៊ីធី៕
អានអត្ថបទ៖ ឧកញ៉ាសៀ រិទ្ធី ប្រាប់ពីគន្លឹះទិញអចលនទ្រព្យកុំឱ្យជាប់គាំង