តើ​ហេតុអ្វីបានជា​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ និង​ខិតខំ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​ទូទាំង​ប្រទេស​?

0

ដោយ​បណ្ឌិ​ត វ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​

ភ្នំ​ពេញៈ​ ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ប្លង់​ឬផែនទី​ ដែល​កើត​ចេញពី​ការ​គិតគូរ​ និង​រៀបចំផែនការ​ទុកជាមុន​ សម្រាប់​បំពេញ​តម្រូវការ​នៃ​ការគ្រប់គ្រង​ និង​ប្រើប្រាស់​ដីធ្លី​ ទៅតាម​ដំណាក់កាល​នី​មួយ​ៗ នៃ​ការ​អភិវឌ្ឍ​របស់​សង្គម​ណាមួយ​។ គ្រប់​ផ្នែក​ គ្រប់​វិស័យ​នៃ​រាល់​សម័យកាល​សង្គម​ សុទ្ធតែ​ត្រូវការ​ដីធ្លី​ ដើម្បី​ទ្រទ្រង់​ជីវិត​ និង​ធ្វើការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​។

រហូតមកដល់​ពេលនេះ​ ស្ទើ​តែ​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ បាន​នឹង​កំពុង​រៀបចំ​ និង​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​របស់​ខ្លួន​យ៉ាង​ភ្ជាប់​ភ្ជួ​ន ដោយ​ចាត់ទុក​វា​ជា​ត្រីវិស័យ​គ្រឹះ​សម្រាប់​តម្រង់​ទិស​ នៃ​ការ​អភិវឌ្ឍ​ឱ្យ​បាន​សមស្រប​ និង​ប្រកប ដោយ​ចីរភាព​។ ជាមួយគ្នា​នេះ​កម្ពុជា​យើង​ក៏បាន​ខិតខំ​ព្យាយាម​កសាង​បញ្ចប់​ និង​កំពុង​អនុវត្ត​គម្រោង​ទាំងឡាយ​យ៉ាង​ផុលផុស​ បើ​ទោះបីជា​យើង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ​។

ជាក់ស្តែង​ យើង​បានសម្រេច​កិច្ចការ​ប្លង់​គោល​ជាច្រើន​ ដូចជា​ ប្លង់​គោល​ក្រុង​តាខ្មៅ​ ទីប្រជុំជន​ជ្រៃធំ​ នៃ​ខេត្តកណ្តាល​ ក្រុង​បាត់ដំបង​ ក្រុង​សៀមរាប​…និង​ផែនការ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ​ ខេត្តបាត់ដំបង​ ខេត្ត​ព្រះសីហនុ​ ។ល។

តាមរយៈ​ទស្សនៈ​ខាងលើ​ឃើញថា​ រាល់​តម្រូវការ​ ឬការរៀបចំ​ណា​ដែល​ខ្វះ​ផែនការ​ ឬខ្វះ​ការ​គិតគូរ​រៀបចំ​ទុកជាមុន​សមស្រប​ នោះ​លទ្ធផល​ទទួល​បាន​ច្រើនតែ​ជា​គម្រោង​ច្របូកច្របល់​ មាន​ភាព​លំបាក​ស្មុគស្មាញ​ ​ហើយ​អាច​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ និង​ធនធាន​ច្រើន​នៅពេល​អនុវត្ត​ជាក់ស្តែង​។ រាល់​កត្តា​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​ស្នាដៃ​សម្រេច​បាន​របស់​យើង​ខ្វះ​ការចាប់អារម្មណ៍​ និង​មិន​មានការ​គាំទ្រ​ច្រើន​ពី​អ្នកជំនាញ​ និង​មហាជន​ទូទៅ​។

ជា​ការពិត​ណាស់​ រដ្ឋាភិបាល​គឺជា​អ្នក​គាំពារ​ និង​ធានា​ខុសត្រូវ​លើ​ការគ្រប់គ្រង​ ការ​អភិវឌ្ឍ​ និង​ការអនុវត្ត​ច្បាប់​ដោយ​តម្លាភាព​នៅក្នុង​សង្គមជាតិ​។ ដូចនេះ​ពេលណា​និយាយ​ដល់​តម្រូវការ​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិ​វិ​ឌ្ឍ​ចីរភាព​ ចាំបាច់​ត្រូវ​រៀបចំផែនការ​ទុក​ឱ្យ​បាន​ល្អ​ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។ ការរៀបចំ​ផែនការ​ដីធ្លី​សមស្រប​នៅ​គ្រប់​កម្រិត​ ចាំបាច់​ត្រូវ​មានការ​គិតគូរ​ និង​សិក្សា​កសាង​ឱ្យ​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ និង​លើ​ពិភពលោក​ផង​ដែរ​។

ទោះជាយ៉ាងណា​ នៅក្នុង​កិច្ចការ​បច្ចេកទេស​ គេ​អាច​កសាង​ផែនការ​ដីធ្លី​ទ្វេរ​ទិស​បាន​ គឺ​រៀបចំ​ពី​កម្រិត​ថ្នាក់ក្រោម​ឡើង​ទៅលើ​ ឬពីលើ​ចុះក្រោម​ តាម​ការកំណត់​របស់​ប្រទេស​នី​មួយ​ៗ។ ផែនការ​ថ្នាក់លើ​ ជា​មូលដ្ឋាន​គោល​សម្រាប់​កសាង​ផែនការ​ថ្នាក់ក្រោម​ និង​ផែនការ​ថ្នាក់ក្រោម​ ជា​មូលដ្ឋាន​លម្អិត​ច្បាស់លាស់​ សម្រាប់​កែតម្រូវ​ផែនការ​ថ្នាក់លើ​ឱ្យ​បាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ និង​តម្រូវការ​អភិវឌ្ឍ​របស់​សង្គម​។

មាន​មូលហេតុ​ និង​ការងារ​ពាក់ព័ន្ធ​មួយចំនួន​ ដែល​រដ្ឋាភិបាល​កម្ពុជា​ខិតខំ​ពុះពារ​ និង​ធ្វើ​ឱ្យ​បានសម្រេច​ប្លង់​គោល​ប្រើប្រាស់​ដី​អនាគត​ ដែល​ជា​ឧបករណ៍​បង្ហាញ​ទិស​ក្នុង​ការ​អភិវឌ្ឍ​ ដូច​ខាងក្រោម​ ទី១​- ការបាត់បង់​ឯកសារ​ ឬមិន​បាន​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅពេល​ប្រទេសជាតិ​ក្រីក្រ​ ប្រជាជន​តិច​ សំណង់​ស្តួចស្តើង​ ទីផ្សារ​ដីធ្លី​ និង​កំណើន​សេដ្ឋកិច្ច​ទាប​ ជា​ឱកាស​ងាយស្រួល​ក្នុង​ការ​កសាង​ និង​អនុវត្ត​គម្រោង​ ហើយ​រដ្ឋ​មិន​ចំណាយធនធាន​និង​ថវិកា​ច្រើន​។

ផ្ទុយទៅវិញ​ការរៀបចំ​នៅពេល​នេះ​ រដ្ឋ​មានការ​ខាតបង់​ ក្នុង​ការ​ដោះស្រាយ​គោលនយោបាយ​ និង​ប្រឈម​ការ​តវ៉ា​ច្រើន​មុននឹង​ចេញ​បណ្ណ​កម្មសិទ្ធិ​ ឬធ្វើការ​អភិវឌ្ឍ​នៅ​តាម​តំបន់​មួយចំនួន​ ប៉ុន្តែ​ទោះជាយ៉ាងណា​ ក៏​នៅ​មិនទាន់​ហួសពេល​ដែរ​ សម្រាប់​ការ​ខិតខំ​របស់​ប្រទេស​យើង​ចាប់ពី​ពេលនេះ​តទៅ​។

ទី២​- កំណើនប្រជាជន​ ការ​អភិវឌ្ឍ​កំពុង​មាន​ភាព​គំហុក​ និង​ការ​ផ្សា​ភ្ជាប់​ជាមួយនឹង​សមាហរណកម្ម​សេដ្ឋកិច្ច​សកលលោក​ បាន​ធ្វើ​ឱ្យ​តម្រូវការ​ដីធ្លី​កាន់តែ​កើនឡើង​ ដែល​ធ្វើ​ឱ្យ​រដ្ឋ​ចាំបាច់​ត្រូវ​ចាត់ចែង​ រៀបចំ​ទុកដាក់​ឱ្យ​បាន​ល្អ​ប្រសើរ​ ឬពិនិត្យ​ភាព​សមស្រប​នៃ​រាល់​តម្រូវការ​ប្រើប្រាស់​ដីធ្លី​ទាំងនោះ​ទៅតាម​ផែនការ​ និង​ច្បាប់កំណត់​ត្រឹមត្រូវ​។

ទី៣​- បច្ចុប្បន្នភាព​ ប្រភេទ​ដី​នី​មួយ​ៗ មិនទាន់​ត្រូវ​បាន​កំណត់ដោយច្បាប់​ក្នុង​ការគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ ដូចជា​ ការ​ប្តូរ​ប្រភេទ​ដី​ដែល​គ្មាន​ប្លង់​គោល​ត្រឹមត្រូវ​ ការ​ចាក់​លុប​ដី​កសិកម្ម​ ដី​ព្រែក​ អូរ​ ឬបឹង​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ដី​ដាំដុះ​ជាច្រើន​សម្រាប់​ផលិត​និង​ផ្គត់ផ្គង់​ស្បៀង​ ធ្វើ​ឱ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ និង​ការរស់នៅ​ ព្រមទាំង​អាច​បាត់បង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅពេល​ទឹកជំនន់​ និង​គ្រោះ​ធម្មជាតិ​កើតឡើង​។

ទី៤​- រដ្ឋាភិបាល​មាន​គោលនយោបាយ​តម្រង់​ទិស​ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ខិតខំ​ជម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​សម្រាប់​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ដូចនេះ​ចាំបាច់​ត្រូវ​រៀបចំផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ ដើម្បី​លើទឹក​ចិត្ត​ និង​អូសទាញ​ការ​វិនិយោគ​ ព្រមទាំង​ពង្រឹង​ការគ្រប់គ្រង​ ការប្រើ​ប្រាស់​ដី​មានប្រសិទ្ធភាព​។

ទី៥​- សំណង់​ជាច្រើន​នៅ​កម្ពុជា​បាន​នឹង​កំពុង​លូតលាស់​ខ្លាំង​ ហើយ​ភាគច្រើន​សាងសង់​តាម​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មានស្រាប់​ ខ្វះ​ផែនការ​កំណត់​តាម​បច្ចេកទេស​បាន​ត្រឹមត្រូវ​ ឬមិន​គោរព​តាម​ប្លង់​គោល​ ឬបទប្បញ្ញត្តិ​ សំណង់​ ដែល​អាច​ធ្វើ​ឱ្យ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់​ និង​គ្មាន​គុណភាព​។ សំណង់​រោងចក្រ​ និង​ឃ្លាំង​ជាច្រើន​ បាន​នឹង​កំពុង​បង្កើត​ឡើង​រាយប៉ាយ​គ្រប់​ទីកន្លែង​ ជាពិសេស​ ស្ថិតនៅ​ក្នុង​ទីប្រជុំជន​ក្រុង​មាន​មនុស្ស​អ៊ូ​រអរ​ច្រើន​ ដែល​ធ្វើ​ឱ្យ​បំពុល​ដល់​បរិស្ថាន​ក្នុង​ការរស់នៅ​ កកស្ទះ​ចរាចរណ៍​ និង​មានការ​លំបាក​ក្នុង​ការរៀបចំ​ក្រុង​ឱ្យ​បាន​ល្អ​ប្រសើរ​នៅពេល​ខាងមុខ​។

ក្រៅពី​នេះ​ នៅ​មាន​សំណង់​មិន​រៀបរយ​តាម​ចំណី​ព្រែក​ ស្ទឹង​ ទំនប់​ ប្រឡាយ​ បឹង​បួរ​ និង​សំណង់​ ​ទន្រ្ទាន​ចំណី​ផ្លូវ​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ទេសភាព​ បរិស្ថាន​ និង​សង្គម​។

ទី៦​- ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ នឹងអាច​ជួយ​ដល់​ ការកំណត់​ប្រភេទ​ប្រើប្រាស់​ដី​ ពេល​ចេញ​បណ្ណ​កម្មសិទ្ធិ​បាន​សុ​ក្រឹត្យ​ គាំទ្រ​ដល់​ការចុះបញ្ជី​ដី​បាន​លឿន​និង​សមស្រប​ គ្រប់គ្រង​ប្រើប្រាស់​ដី​ ចំ​គោលដៅ​ លើកស្ទួយ​រាល់​ការ​អភិវឌ្ឍ​តាម​កម្រិត​ថ្នាក់​រដ្ឋបាល​នៃ​គម្រោង​ ដូចជា​ ផ្លូវ​ ស្ពាន​ មន្ទីរពេទ្យ​ សាលារៀន​ផ្សារ​…និង​ជា​ឆ្អឹងខ្នង​គោល​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ក្រៅពី​នេះ​ វា​ជា​មូលដ្ឋាន​កំណត់​ពន្ធដារ​បាន​ត្រឹមត្រូវ​តាម​តម្លៃ​ និង​គុណភាព​ដី​ និង​អាច​ជួយ​ប្រែក្លាយ​ទៅជា​ទីក្រុង​ ឬប្រទេស​ល្អ​ស្អាត​ក្នុង​ការ​ប្រលង​ប្រណាំង​ជាមួយ​អន្តរជាតិ​។

ទី៧​- កិច្ចការ​បន្ថែម​ដែល​រដ្ឋ​ត្រូវ​ធ្វើ​ និង​ទទួលខុសត្រូវ​ពាក់ព័ន្ធ​នឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ គឺ​រៀបចំ​ច្បាប់​និង​បទ​ប្ប​ញ្ញ​ត្ត​នៅពេល​កសាង​ និង​អនុវត្ត​ឱ្យ​បាន​ច្បាស់លាស់​ ដូចជា​ កាលណា​ចាប់ផ្តើម​អនុវត្តន៍​ប្លង់​គោល​ គឺ​ពិតជា​ប៉ះពាល់​ដី​ឬសំណង់​កម្មសិទ្ធិ​ ឬដី​ភោគៈ​របស់​ពលរដ្ឋ​ហើយ​ វា​គ្រាន់តែ​ច្រើន​ឬតិច​ប៉ុន​នោះ​ បញ្ហា​នេះ​តើ​រដ្ឋ​ត្រូវ​កំណត់​ជា​ច្បាប់​ ឬបទប្បញ្ញត្តិ​គតិ​យុត្ត​ដោះស្រាយ​យ៉ាងដូច​ម្តេច​? ដោយឡែក​ចំពោះ​ការ​ប៉ះពាល់​ តើ​រដ្ឋ​បាន​កញ្ចប់​ថវិកា​មក​ពីណា​?។

​ក្រៅពី​នេះ​ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ប៉ះពាល់​ ! តើ​រដ្ឋ​គួរ​ត្រូវ​កំណត់​ពន្ធដារ​បន្ថែម​កម្រិត​ណា​?ដោយ​របៀប​ម៉េច​?ទៅលើ​អ្នកទទួល​ផល​ពី​ប្លង់​គោល​ដែល​បាន​អនុម័ត​ ឬសាងសង់​គម្រោង​ រួចរាល់​និង​ធ្វើ​ឱ្យ​ដីធ្លី​ឡើងថ្លៃ​។ បច្ចុប្បន្ន​ដីធ្លី​ អចលនទ្រព្យ​ឡើងថ្លៃ​ដោយសារ​ការ​កសាង​ផ្លូវ​ (ក្រវាត់ក្រុង​ ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​ក្នុង​ខេត្ត​ក្រុង​) លំនៅឋាន​ថ្មី​ (បូរី​ឬខុន​ដូ​) រោងចក្រ​ (សួន​ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​) ឬបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗជាច្រើន​ទៀត​របស់​រដ្ឋ​ គឺ​រាជរដ្ឋាភិបាល​មិនទាន់​ គោលការណ៍​ ដើម្បី​កំណត់​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​បាន​សមស្រប​ និង​សម​ធ៌​ពី​អ្នក​ដែល​បាន​ទទួលផល​ពី​គម្រោង​របស់​រដ្ឋ​នៅឡើយ​។ នៅពេល​ខាងមុខ​ ប្រសិនបើ​មាន​កញ្ចប់​ថវិកា​ពន្ធដារ​ ដែល​រដ្ឋ​ប្រមូល​បាន​មក​ពី​ប្លង់​គោល​ ជា​យោបល់​ គួរ​អាច​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​បង្វិល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ឬអភិវឌ្ឍ​គម្រោង​នៅសល់​ ឬសម្រាប់​សិក្សា​កសាង​ និង​កែសម្រួល​គម្រោង​…។ល។

ដូចនេះ​ ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ឧបករណ៍​សម្រាប់​ព្យាករណ៍​ការ​អភិវឌ្ឍ​ចីរភាព​នៃ​ផែនការ​អនាគត​។ វា​បាន​គិតគូរ​និង​បង្ហាញ​ពី​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​បរិ​ ស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ ពិសេស​ការ​ផ្តោត​លើ​កំណើន​ប្រជា​សាស្រ្ត​ និង​តម្រូវការ​រស់នៅ​ ការ​អភិវឌ្ឍ​របស់​មនុស្សជាតិ​នៅ​តាម​តំបន់​ និង​ផ្នែក​នី​មួយ​ៗ។

​គម្រោង​ប្លង់​គោល​នឹង​ជួយ​ពង្រឹង​ដល់​ដំណើរការ​អភិវឌ្ឍ​ ការ​អភិរក្ស​ និង​ភាព​សមាហរណកម្ម​ដោយ​សុខដុម​នី​យក​ម្ម​ ក្នុង​សង្គមជាតិ​និង​អន្តរជាតិ​។ ជាមួយគ្នា​នេះ​ ប្រសិនបើ​មាន​ប្លង់​គោល​ ឬផែនការ​ ហើយ​ខ្វះ​ថវិកា​គាំទ្រ​ដើម្បី​អនុវត្ត​តាម​គម្រោង​អាទិភាព​ ឬខ្វះ​ការអនុវត្ត​តាម​ប្លង់​គោល​ពេល​ចុះបញ្ជី​ឬចរន្ត​ការ​ដីធ្លី​ នោះ​ផែនការ​របស់​យើង​ គ្រាន់តែ​ជា​ក្រដាស​ “ស ”មួយ​សន្លឹក​គ្មាន​តំលៃ​អ្វី​ទាំងអស់​ ប្រៀប​ដូចជា​ការស្រមើស្រមៃ​ក្នុង​យោ​សប្តិ​ ដែល​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ អ្វី​ៗគ្រប់យ៉ាង​វារ​លត់​សូន្យ​ទាំងអស់​។

ជា​រួម​ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ផែនទី​ឧបករណ៍​ចង្អុលបង្ហាញ​ផ្លូវ​យ៉ាង​សំខាន់​បំផុត​នៃ​ដំណើរ​រៀបចំ​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​នៅ​គ្រប់​សម័យកាល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here