ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៣ ពីសំណាក់ក្រុមហ៊ុនចិន សម្រេចបានប្រមាណ៣០ ទៅ ៤០ ភាគរយហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក គង់ វិមាន បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ថា ក្រុមហ៊ុនចិនដែលទទួលបានកសាងផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះ មានការសាងសង់លឿនជាការផែនការ ។លោកបន្តថា “យើងកត់សម្គាល់ឃើញថាក្រុមហ៊ុនចិនតែងតែងលឿនជាផែនការ ។
-->
ដូច្នេះសម្រាប់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះ ត្រូវបានរំពឹងថា នឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ស្របតាមការជំរុញពីសំណាក់របស់រដ្ឋាភិបាល និងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយធ្វើយ៉ាងមិចធ្វើឱ្យបានលឿន តាមផែនការ ឬមុនផែនការ” ។
លោកបន្ថែមទៀតថា “យើងឃើញថា ខាងក្រុមហ៊ុនកំពុងដុតដៃដុតជើងសម្បើមណាស់សម្រាប់កសាងផ្លូវដ៏ខាន់មួយនេះ”។ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋ ទូតចិន ប្រចាំនៅកម្ពុជា ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលមានប្រវែងជាង ៥០គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរក្នុង ទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ។
គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ ។ ការស្ថាបនា នឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕