ចំណេះដឹង! តើការអនុវត្តនីតិវិធីឆ្លងកាត់ មានបែបបទយ៉ាងដូចម្តេច?

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ ការឆ្លងកាត់គយគឺជានីតិវិធីគយ ដែលអនុញ្ញាតឲ្យដឹកទំនិញពីការិយា​ល័យគយមួយ ទៅការិយាល័យគយមួយទៀត ក្រោមការត្រួតពិនិត្យរបស់គយដោយព្យួរពន្ធនិងអាករនាំចូល។

ការឆ្លងកាត់មានពីរ (២)ប្រភេទគឺ៖  ការឆ្លងកាត់ជាតិ និងការឆ្លងកាត់អន្តរជាតិ។

ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិដូចខាងក្រោម៖

ក.ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត

• ប្រតិបតិ្តករត្រូវទទួលការអនុញ្ញាតជាមុនពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករ(អគរ)  ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ។

• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ។

• មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ។

• កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរឬការិយាល័យគយណាមួយនៅភ្នំពេញ។

• ក្នុងករណីមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ។

• ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់

• មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។

ខ.ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស

• ប្រតិបតិ្តករត្រូវធ្វើលិខិតស្នើសុំ ទៅការិយាល័យចេញដំណើរដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះ ត្រូវមានការបញ្ជាក់ពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស។

• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ

• មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ។

• ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជា តម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ។

• ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់

• មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។

គ.ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ

• មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើ មធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់។ ក្នុងករណីយល់ថា ពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញ មុននឹងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ។

• មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រក បោះត្រា’បានកាត់សៀលគយរួច” និងចុះហត្ថលេខា លើកំណត់ហេតុរួមស្តីពី ការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ ដែលមានចុះហត្ថលេខារវាងមន្ត្រីគយនិងរដ្ឋាករ នៃសាខាគយនិងរដ្ឋាករនាំចេញ និងម  ន្ត្រីកាំកុងត្រូល នៃការិយាល័យកាំកុងត្រូលផែស្ងួត។

ការឆ្លងកាត់អន្តរជាតិ

ការឆ្លងកាត់អន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយ មាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគរ ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖

ក.នៅមាត់ច្រកចូល

• ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ។

• មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែកA និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ដោយកំណត់ល័ក្ខខ័ណ្ឌ មួយចំនួនដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ។

ខ.នៅមាត់ច្រកចេញ

• ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ ឬ តំណាងរបស់ខ្លួនបង្ហាញប្រតិវេទន៍គយបំព្រួញ ជូនដល់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច។

• មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា ឬ សៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយ និងរដ្ឋាករ បញ្ជាក់នៅក្នុងផ្នែកD នៃប្រតិវេទន៍គយ រួចកាត់ត្រា ឬ សៀលគយចេញ មុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី៕


ចែករំលែក