វៀតណាម​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦​ និង​លើក​ទី៣៧​នៅ​ឆ្នាំក្រោយ​នេះ​

0

ដោយ ​វុត្ថា​

ថៃ​ឡង់​ដិ៍ៈ​ ​ប្រទេស​វៀតណាម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦​ និង​លើក​ទី៣៧​ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ក្នុង​ឆ្នាំ២០២០ខាងមុខ​ បន្ទាប់ពី​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​បិត​បញ្ចប់​កាលពី​ម្សិលមិញ​នេះ​។

លោក​ប្រា​យុទ្ធ​ ចាន់​អូរ​ឆា​ នាយក​រដ្ឋមន្រ្តី​ថៃ​ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ បន្ទាប់ពី​បាន​ដំណើរការ​របស់​ខ្លួន​ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​ រយ:ពេល​ពេញ៣ថ្ងៃ​រួចមក​កាលពី​ថ្ងៃទី៤​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បាន​ជូន​ញញ្ញួរ​ដល់​លោក​ ​ង្វៀន​ សួន​ហ៊្វុ​ក នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​ទទួល​ធ្វើជា​ប្រធាន​បន្តវេន​ដឹកនាំ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២០ខាងមុខ​។

លោ​កង្វៀន​ សួន​ហ៊្វុ​ក នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ចំពោះមុខ​មេដឹកនាំ​អាស៊ាន​ ក្នុង​ការដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២០​ ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត​ ពិសេស​គឺ​ដើម្បី​បម្រើ​ឲ្យផល​ប្រយោជន៍​ នៃ​ប្រជាជន​អាស៊ាន​ទាំង​ជាង៦៥០លាន​នាក់​។

យោង​តាម​មាត្រា៣១នៃ​ធម្មនុញ្ញ​អាស៊ាន​ចែងថា​ «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ ជា​រៀងរាល់​ឆ្នាំ​ តាមលំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ ជា​ភាសាអង់គ្លេស​របស់​រដ្ឋ​សមាជិក​» ហើយ​រដ្ឋ​សមាជិក​ ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ​ ត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​មួយចំនួន​ទៀត​។

អាស៊ាន​ ឬសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ បង្កើត​ឡើង​នៅ​ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ១៩៦៧​ ដោយ​ប្រទេស​ចំនួន៥​ រួមមាន​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និង​ប្រទេស​ថៃ​ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ ប្រទេស​ស្ថាបនិក​ទាំងនោះ​ លើកលែង​ប្រទេស​ថៃ​ ​សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យ​ភាព​ថ្មីថ្មោង​ ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ​។ គួបផ្សំ​នឹង​ការ​ចាប់ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង​ ​ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង​ ដោយមាន​គោលដៅ​រួម​ ជំរុញ​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​ កំណើន​សេដ្ឋកិច្ច​ រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម​ និង​វប្បធម៌​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​។

ចាប់ពី​ឆ្នាំ១៩៨៤មក​ ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ​ រួមមាន​ ប៊្រុយ​ណេ​ វៀតណាម​ ឡាវ​ មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ដែល​ជា​កូនពៅ​ បាន​ក្លាយជា​សមាជិក​នៃ​សមាគម​នេះ​ជាបន្តបន្ទាប់​។

ក្នុងរយៈ​កាល​ជិត​កន្លះ​សតវត្ស​មកនេះ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើស​សរ​ស្ដម្ភ​ចំនួន​បី​ រួមមាន​ សហគមន៍​សន្តិសុខ​-នយោបាយ​ សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​វប្បធម៌​-សង្គម​ ដែល​សហគមន៍​ទាំង​បី​នេះ​ មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។

យ៉ាងណាក៏ដោយ​ មានតែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ​ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន​ ក្រោយពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ២០០៧​ ​ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យបាន​ត្រឹម​ឆ្នាំ២០១៥​។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយសេរី​នូវ​ទំនិញ​ សេវាកម្ម​ ការ​វិនិយោគ​ និង​ពលកម្ម​ជំនាញ​។ ឧបមា​ថា​ អាស៊ាន​គឺជា​ប្រទេស​មួយ​នោះ​ អាស៊ាន​គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី៧​ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង៦០០លាន​នាក់​ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា​ អាច​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី៤​ ត្រឹម​ឆ្នាំ២០៥០​ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅតែ​បន្ត​។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី៣​ បន្ទាប់ពី​ប្រទេស​ចិន​ និង​ឥណ្ឌា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here