ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញ និងអ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យអះអាងថា នៅដំណាច់ចុងឆ្នាំ២០១៩នេះ ស្ថានភាពនៃការទិញ-លក់ ដីធ្លីដែលស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែមានសកម្មភាពដដែល ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃហាក់នៅទ្រឹងបើធៀបទៅនឹងកាលពីអំឡុងដើមឆ្នាំដដែលនេះ។
នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា នៅដំណាច់ចុងឆ្នាំ២០១៩នេះ សម្រាប់ការទិញ-លក់ដីធ្លី គឺនៅតែមានសកម្មភាពធម្មតាមិនមានអ្វីដែលប្រែប្រួលនោះទេ។ លោកបានបន្តទៀតថា សម្រាប់អ្នកវិនិយោគនៅក្នុងវិស័យដីធ្លី គឺនៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការទិញ និងលក់ដដែល ជាពិសេសដីដែលស្ថិតនៅតាមតំបន់ជាយក្រុង។
លោកបានបន្តទៀតថា “ដីដែលស្ថិតតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចេញពីចំណុចផ្លូវជាតិ១ និងនៅជាប់ផ្លូវដែលងាយស្រួលក្នុងការចុះមើលដី និងវាស់វែង ក៏នៅតែមានអ្នកជំនួញក្នុងវិស័យនេះចុះធ្វើសកម្មភាពទិញ លក់ដដែល។ លើកលែងតែដីស្ថិតនៅខាងក្នុងឆ្ងាយពីផ្លូវធំ ឬផ្លូវបេតុងដោយសារតែវាជារដូវធ្លាក់ភ្លៀង ហាក់មានភាពស្ងប់ស្ងាត់បន្តិច ព្រោះពិបាកក្នុងការចុះមើលទីតាំង និងវាស់វែង”។ លោកបានបញ្ជាក់ថា “ភាពស្ងប់ស្ងាត់ទាំងនេះ អាចនឹងត្រូវកែប្រែឡើងវិញ បន្ទាប់រដូវភ្លៀងធ្លាក់បានបញ្ចប់”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកបានមានប្រសាសន៍ថា មិនថាកាលពីដើមឆ្នាំឬចុងឆ្នាំនោះទេ សកម្មភាពនៃការទិញ-លក់ ដូចជានៅតាមធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។ អ្នកវិនិយោគភាគច្រើន គឺពួកគេបានយល់ច្បាស់ពីស្ថានភាព និងតម្រូវការនៃវិស័យនេះ ដែលវាមិនមែនជាការប្រថុយប្រថាននោះទេ។
ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដី នៅក្នុងតំបន់ដែលបានលើកឡើងខាងនេះ ត្រូវបានលោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ប្រាប់ថា ហាក់មិនមានការកើនឡើងនោះទេ ដោយហេតុថាតម្លៃដីទាំងនេះ បានឡើងខ្ពស់តាំងពីអំឡុងដើមឆ្នាំ២០១៩ មកម៉្លេះ ។ លើកលែងតែសកម្មភាព នៃការអភិវឌ្ឍទៅលើវិស័យឧស្សាហកម្ម និងឃ្លាំង ដែលគ្រោងនឹងបង្ហាញវត្តមាននៅតាមតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ចាប់ផ្តើមមាន ទើបតម្លៃអាចនឹងបន្តកើនឡើងទៀត។
លោកថា “ជាធម្មតានៅតំបន់ណាមានការអភិវឌ្ឍផ្លូវថ្នល់ មានបណ្តាញអគ្គិសនីទៅដល់ ដីទីនោះនឹងមានតម្រូវការខ្ពស់”។
អនុប្រធានសមាគមអ្នកជំនាញអលនទ្រព្យកម្ពុជា លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ ដីដែលមានសកម្មភាពទិញលក់ខ្លាំងនៅក្នុងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាប្រភេទដីដែលមានតម្លៃទាប ត្រឹម៥០ដុល្លារក្នុងមួយការ៉េតែប៉ុណ្ណោះ ដោយសារតែអ្នកវិនិយោគទិញទុកលក់បន្ត ព្រោះនៅមានឱកាសទទួលបានចំណេញ ប៉ុន្តែបើដីដែលមានតម្លៃលើសពី១០០ដុល្លារឡើងទៅ ហាក់មិនសូវមានតម្រូវការនោះទេ។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងជាង ៥០គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង។
គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។ ការស្ថាបនានឹងប្រើរយៈពេល៤២ខែ ហើយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្នការស្ថាបនាសម្រេចបានប្រមាណជិត ៤០ភាគរយរួចទៅហើយនោះ៕






