ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាទូទៅមនុស្សភាគច្រើនតែងភ័យខ្លាចរអា និងមិនចង់ជាប់ពាក់ព័ន្ធទៅនឹងបំណុល ឬជាប់កិច្ចជំពាក់ធនធានលុយកាក់ជាមួយភាគីទី២ ដែលអាចបុគ្គលឬជាស្ថាប័នហិរញ្ញវត្ថុឯកជននោះទេ។
ប៉ុន្តែប្រសិនបើអ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ គេតែងត្រូវការបំណុលនេះ ដើម្បីវិនិយោគឬអភិវឌ្ឍអាជីវកម្មជាចាំបាច់។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកង៉ែត ជូ បានបង្ហាញពីគុណសម្បត្តិដែលទទួលបានពីបំណុលល្អរហូតដល់ចំនួន៦ចំណុច ដោយក្នុងនោះលោកបានលើកឡើងថា លោកអ្នកគួរតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ មកធ្វើជំនួញចាប់តាំងពីវ័យក្មេង ពោលគឺចាប់ពីពេលដែលអ្នកមានប្រាក់ចំណូលដំបូង ក្នុងជីវិតដើម្បីទទួលបានប្រយោជន៍។
ទី១ ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុៈ ពេលមានបំណុលជាប់ខ្លួនអ្នកនឹងយល់ថា អ្នកមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ ដូច្នេះអ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។
ទី២ ធ្វើឱ្យអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារៈ ពេលខ្ចីប្រាក់មកវិនិយោគ អ្នកតែងខ្វល់ខ្វាយពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជាសួរខ្លួនឯងថា តើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើនជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃ ដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណាអាចទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃ ដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញឱ្យអ្នកបំពេញការងារ ដោយមិនខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។
ទី៣ ធ្វើឱ្យអ្នកក្លាយជាមនុស្ស ដែលចេះបង្កើតក្តីស្រម៉ៃសំរាប់ជីវិតៈ ជារឿយៗជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវថា តើអ្នកចង់ធ្វើអ្វីឱ្យពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នកប្រហែលជាអាចដកបទពិសោធន៍ជីវិតបានច្រើន។ អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រម៉ៃសំរាប់ជីវិតទៀតផង ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ច ជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។
ទី៤ ធ្វើឱ្យអ្នកចេះវិភាគពីផលចំណេញ-ខាតហានិភ័យ និងរិះគិតពីដំណោះស្រាយៈ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណា ដើម្បីបានប្រាក់មកវិនិយោគ? តើជំរើសនីមួយៗមានហានិភ័យអ្វីខ្លះប្រសិនបើការវិនិយោគ មិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។
ទី៥ ធ្វើឱ្យអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្រ័ និងសង្គមល្អៈ អ្នកបានខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍ សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នាពេលគេនិយាយពីការទិញទូរសព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។
អ្នកក៏មិននិយមរាប់រកសង្គមមនុស្ស ដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៍ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។
ទី៦ ធ្វើឱ្យអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេងៈ ខ្ចីប្រាក់មកវិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំបានបទពិសោធន៏ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើឱ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។
មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិត ការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភ័ក្ដិប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរឱ្យអាណិត ព្រោះឮតែត្អូញត្អែថា ធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕