ដោយ វុត្ថា
ភ្នំពេញៈ ការចុះបញ្ជីដីរដ្ឋគឺជានិតិវិធីមួយ ដែលទីតាំងនិងព្រំប្រទល់នៃដីរដ្ឋ ត្រូវបានបញ្ជាក់ជាផ្លូវការ។ នៅក្នុងការបញ្ជីសិទ្ធិឯកជន ត្រូវបានលើកមកពិចារណា និងវិនិច្ឆ័យ ហើយទំនាស់ដីនឹងត្រូវបានដោះស្រាយ ដោយគណៈកម្មការរដ្ឋបាលសុរិយោដី។
មុនពេលធ្វើការចុះបញ្ជី ព័ត៌មាននៃផែនទី និងប្រព័ន្ធទិន្ន័យដីរដ្ឋ គឺជាព័ត៌មានបឋម និងមិនទាន់បានបញ្ជាក់នៅឡើយ។
ចំណាត់ថ្នាក់ដីរដ្ឋជាផ្លូវការ អាចត្រូវបានធ្វើបន្ទាប់ពីការចុះបញ្ជីឋានៈរបស់ដី ដែលបញ្ជាក់ថាដីរដ្ឋ។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីគោលនយោបាយស្តីពី ការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថាការចុះបញ្ជីដីរដ្ឋមានន័យ៖
ក) កំណត់ផលប្រយោជន៍ សាធារណៈជាក់លាក់ណាមួយ ដែលដីរដ្ឋសាធារណៈ អាចបំពេញមុខងារស្របតាមច្បាប់ភូមិបាល។
ខ) កំណត់ថាត្រូវធ្វើចំណាត់ថ្នាក់ដីរដ្ឋយ៉ាងណា ឱ្យច្បាប់ព្រៃឈើ ច្បាប់គ្រប់គ្រងធនធានទឹក ឬ សេចក្តីព្រាងច្បាប់តំបន់ការពារ ច្បាប់ស្តីពីតំបន់បេតិកភ័ណ្ឌបុរាណវត្ថុ និងច្បាប់ផ្សេងៗទៀត អាចបានស្របគ្នា និងគ)កំណត់ឋានៈរបស់ដី ជាដីសាធារណៈរបស់រដ្ឋឬជាដីឯកជនរបស់រដ្ឋ។
មានតំបន់ជាច្រើន ដែលការធ្វើចំណាច់ថ្នាក់នេះ មានភាពច្បាស់លាស់ តាមការប្រើប្រាស់កន្លងមក និងការសម្រប់សម្រួលការគ្រប់គ្រង។ ប៉ុន្តែក្នុងតំបន់មួយចំនួន ការកំណត់នេះមិនទាន់ច្បាស់លាស់ ហើយត្រូវតែធ្វើឡើងនៅក្នុងដំណើរការ នៃការធ្វើអត្តសញ្ញាណកម្ម ធ្វើផែនទី និងធ្វើចំណាត់ថ្នាក់ដីរដ្ឋ។
ប្រភេទជាក់លាក់មួយចំនួន ក្នុងការធ្វើចំណាចត់ថ្នាក់ដី ត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។ ភាពចាំបាច់ក្នុងការធ្វើកអត្តសញ្ញាណកម្ម ធ្វើផែនទី និងធ្វើចំណាច់ថ្នាក់ដីរដ្ឋ គឺមានបំណងភ្ជាប់ចំណាច់ថ្នាក់ជាផ្លូវការទាំងនេះ ទៅនឹងទីតាំងជាក់ស្តែងលើផ្ទៃដី។
នៅក្នុងជំពូកទី២ ពីមាត្រា១២ ដល់១៦ នៃច្បាប់ភូមិបាល មានចែងអំពីការធ្វើចំណាច់ថ្នាក់ដី ជាប្រភេទទ្រព្យសាធារណៈរបស់រដ្ឋ ជាប្រាំពីរប្រភេទ។ ដីឯកជនរបស់រដ្ឋ គឺជាដិទាំងឡាយណា ដែលមិនត្រូវបានកាន់កាប់ជាលក្ខណៈឯកជន។
នៅក្នុងប្រភេទដីសាធារណៈរបស់រដ្ឋ មានប្រភេទបន្ទាប់បន្សំជាលាក់ផ្សេងៗទៀត ដែលមានចែងនៅក្នុងបញ្ញត្តិច្បាប់តាមវិស័យនានា ដូចជាច្បាប់ព្រៃឈើ និងសេចក្តីព្រាងផ្សេងៗ ដូចជាច្បាប់ជលផល ច្បាប់គ្រប់គ្រង់ធនធានទឹក និងច្បាប់ស្តីពីតំបន់ការពារ៕