តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​

0
តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​
តំបន់​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ នឹង​ប្រែ​មុខមាត់​ខ្លាំង​រត់ប្រណាំង​នឹង​ផ្លូវជាតិ​សំ​ខាន់​ៗដទៃទៀត​

ដោយ ​រ៉ា​វី​

ភ្នំពេញ៖​ មានក​ត្តា​សំ​ខាន់​ៗជាច្រើន​បាន​ និង​កំពុង​ធ្វើ​ឱ្យ​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ រាប់​ចាប់ពី​តំបន់​ច្បារអំពៅ​ រហូតដល់​ស្រុកលើ​កដែក​ នៃ​ទឹកដី​ខេត្តកណ្តាល​ នឹង​មានការ​ផ្លាស់ប្ដូរ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ នៅក្នុង​រយៈពេល ៥ឆ្នាំខាងមុខ​នេះ​។ នេះ​បើ​តាម​ការព្យាករណ៍​របស់​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​ នួន​ រឹ​ទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ទៀត​ តំបន់​ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ១​ នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ មិនចាញ់​តំបន់​ឯទៀត​ ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ​ ខណៈ​បច្ចុប្បន្ន​កំពុង​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ច្រើន​ ដែល​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ស្វែងរក​ភាគ​ចំណេញ​។

លោក​ឧកញ៉ា​បន្ត​ថា​ “យើង​ឃើញស្រាប់​ហើយ​សព្វថ្ងៃ​នេះ​ ចំពោះ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ១​ គឺ​កំពុងតែ​មាន​សក្តា​នុ​ពល​ខ្លាំង​ និង​រីកចម្រើន​យ៉ាង​លឿន​”។

ដោយឡែក​បើ​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ ដែល​នៅក្នុង​នោះ​ តំបន់​កៀនស្វាយ​ ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ឈៀង​ខាងជើង​ បាន​និង​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ទាំងអស់​។ ហេតុផល​ដែល​បណ្តាល​ឱ្យ​ដី​នៅ​ស្រុក​កៀនស្វាយ​ និង​លើកដែក​ មាន​ភាព​ទាក់ទាញ​ ក៏​ព្រោះ​នៅ​តំបន់​នេះ​ នឹង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​នា​ពេល​អនាគត​ ដែល​អាច​និយាយ​បាន​ថា​ ជា​តំបន់​ពហុ​អភិវឌ្ឍ​ មាន​កំពង់ផែ​អន្តរជាតិ​ មាន​រោងចក្រ​ ជា​តំបន់​តភ្ជាប់​ព្រុំ​ដែនកម្ពុជា​-វៀតណាម​ មាន​តំបន់​កម្សាន្ត​កែច្នៃ​ដ៏​ធំ​ ជាពិសេស​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ភាព​ទាក់ទាញ​យ៉ាង​សម្រាប់​សម្រាប់​អ្នក​អភិវឌ្ឍ​។លោក​ឧកញ៉ា​នួន​ រិទ្ឋី​បញ្ជាក់ឲ្យដឹង​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ វា​មិនដល់៥ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​ភាគ​ខាងត្បូង​ ឈៀង​ខាងជើង​មួយ​នេះ​ នឹង​មានការ​ប្រែប្រួល​ខ្លាំង​ជា​តំបន់​ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ទៀត​ ព្រោះ​ក្រៅពី​មាន​គម្រោង​ដូច​ ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ គឺ​នៅ​មាន​គម្រោ​ងថ្មី​ៗជាច្រើន​ទៀត​ ដែល​អាច​លេចចេញ​ជារូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដូចជា​ គម្រោង​អភិវឌ្ឍ​ដ៏​ធំ​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ ប្រូ​ភើ​ធី​ ដែល​នឹង​គ្រោង​សាងសង់​ផ្លូវ​ទំហំ៦០ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ រួម​ជាមួយ​គម្រោង​របស់​ក្រុមហ៊ុន​ជប៉ុន​ ដែល​អភិវឌ្ឍ​តំបន់​វាលស្រែ​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ រោងចក្រ​ និង​តំបន់​លំ​ហែរ​កាយ​ជាដើម​។

បន្ថែម​ពីនេះ​ សាលា​រាជធានី​ភ្នំពេញ​ ក៏បាន​បង្ហាញ​ពី​គម្រោង​ផ្លាស់ប្ដូរ​រោងចក្រ​ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ ចេញពី​រាជធានី​ទៅ​តាំងនៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សរុបទៅ​ វា​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ដែល​អាច​នឹង​រីកចម្រើន​ខ្លាំង​ជាង​តំបន់​នានា​ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​»។

ស្រដៀងគ្នា​នេះ​ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បានឱ្យ​ដឹង​ថា​ សម្រាប់​ដី​ដែល​ស្ថិត​តាមផ្លូវ​ជាតិ​លេខ១​ គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ទាំង​ការទិញ​-លក់​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។ ដ្បិត​ដី​នៅ​តំបន់​នេះ​ មាន​សក្ដានុពល​និង​វិសាលភាព​ធំ​ទូលាយ​ មាន​ស្ពាន​ដែល​នឹង​តភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយក្សត្រ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ជាពិសេស​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ក្រ​វ៉ាត់​ទី៣​ ដែល​ជា​បណ្តាញ​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ សម្រាប់​តំបន់​ច្បារអំពៅ​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​រួច​ទៅ​ហើយ​ ដោយឡែក​តំបន់​ផ្សេង​ទៀត​​ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ១​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ និង​ស្រុកលើ​កដែក​ ក៏​កំពុងតែ​ចាប់ផ្តើម​មាន​សក្តា​នុ​ពល​ជា​បណ្ដើរ​ៗ”។ លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៅ​តាម​តំបន់​នេះ​ ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​ មាន​កំពង់ផែ​លំដាប់​អន្តរជាតិ​ រួម​ជាមួយនឹង​ផ្លូវ​តភ្ជាប់​ច្រករបៀង​ភាគ​ខាងត្បូង​ជាដើម​”។

​ទាក់ទង​តម្លៃ​ដីធ្លី​វិញ​ លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ចំពោះ​តម្លៃ​ដី​វិញ​ បច្ចុប្បន្ន​នេះ​វា​អាស្រ័យ​ទៅតាម​ទី​តំបន់​ និង​ទំហំ​ធំ​ ឬតូច​។ ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ និង​ស្ថិតនៅ​ទីប្រជុំជន​ ឬតំបន់​លំនៅ​ដ្ឋាន​ក្បែរផ្លូវ​ជាតិ១​ គឺ​អាច​មានតម្លៃ​ចាប់៣​00​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី៥ហិ​កតា​ឡើង​ទៅ​ អាច​មានតម្លៃ​ប្រមាណ​៧០ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែប៉ុណ្ណោះ​ ។

លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ការគួរ​ឱ្យ​កត់សម្គាល់​នោះ​ បច្ចុប្បន្ន​នេះ​ មាន​អ្នក​វិនិយោគ​ជាច្រើន​ បាន​និង​កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម​ ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ព្រោងព្រាត​ ក៏ដូចជា​ គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ និង​ក្រោម​ធម្យម​ មាន​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ដ៏​ធំ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​របស់​ចិន​ ស្ថិតនៅ​ក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ដែល​រឹតតែ​ធ្វើ​ឱ្យ​ដី​នៅ​តំបន់​នេះ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​។

ដោយឡែក​ដី​ដែល​ស្ថិតនៅ​តំបន់​ស្រុកលើ​កដែក​វិញ​ ក៏​កំពុងតែ​ចាប់ផ្តើម​មាន​សក្ដានុពល​ជា​បណ្តើរ​ៗហើយ​ បន្ទាប់​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​សម្ពោធ​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ប្រកាស​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here