ដោយ Donald Lee
បាងកក៖ វិនិយោគិនថៃ និងបរទេសកំពុងព្រងើយកន្តើយចំពោះគម្រោងខុនដូដែលទើបនឹងបើកដំណើរការ ខណៈជាង ៨០ភាគរយនៃខុនដូដែលបានដាក់លក់សម្រាប់ឆមាសទីមួយនៃឆ្នាំនេះនៅតែសល់នៅលើទីផ្សារ។អត្រាលក់ខុនដូដែលទើបនឹងបើកថ្មីបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមរបាយការណ៍អចលនៈទ្រព្យរបស់ក្រុមហ៊ុន Knight Frank។
របាយការណ៍បានគណនាថា ភាគច្រើននៃ ២៧,៨៧០ ខុនដូយូនីតថ្មីសម្រាប់លក់ក្នុងឆមាសទីមួយនៃឆ្នាំនេះនៅតែមិនទាន់ត្រូវបានលក់ចេញ។ ក្នុងចំណោមគ្រឿងថ្មីដែលដាក់សម្រាប់លក់នៅឆ្នាំនេះ មានតែ ៥,២៥៧ យូនីតប៉ុណ្ណោះដែលត្រូវបានលក់ដែលអត្រានេះមានត្រឹមតែ ១៩ ភាគរយប៉ុណ្ណោះ។
-->
របាយការណ៍របស់ Knight Frank បានបញ្ជាក់ថា “អត្រាលក់ខុនដូថ្មីដែលបានបើកដំណើរការនៅទីក្រុងបាងកកក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ”។ ក្រុមហ៊ុនរំពឹងថាបរិមាណខុនដូសរុបនឹងត្រូវដាក់ឱ្យដំណើរការមាន ៥០,០០០ យូនីតនៅចុងឆ្នាំ ២០១៩ ។ តម្លៃខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាលមានតម្លៃប្រហែល ៨,៨៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង ២,៥ ភាគរយបើធៀបនឹងឆ្នាំមុន។
នៅខាងក្រៅទីប្រជុំជនតម្លៃបានកើនឡើងរហូតដល់ជិត ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក Risinee Sarikaputra ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank បានមានប្រសាសន៍ថា “អ្នកអភិវឌ្ឍន៍កំពុងប្រុងប្រយ័ត្ន នៅពេលបើកដំណើរការគំរោងថ្មីៗ ហើយបានកែសម្រួលគម្រោងរបស់ពួកគេអោយសមស្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច។
តម្រូវការនឹងធ្លាក់ចុះ ដោយសារភាពស្ងប់ស្ងាត់នៅក្នុងទីផ្សារ”។ របាយការណ៍នេះបានគូសបញ្ជាក់ថា ការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារតែការជាប់គាំងនៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការឡើងថ្លៃរូបិយប័ណ្ណថៃគឺជាកត្តាចំបងនៃការធ្លាក់ចុះចំពោះអ្នកទិញខុនដូដែលទើបនឹងដាក់លក់។
របាយការណ៍បានបន្ថែមថា “អត្រាលក់ខុនដូថ្មីដែលបានបើកដំណើរការនៅទីក្រុងបាងកកក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ដោយសារកម្រិតប្រាក់កម្ចីចំពោះតម្លៃ សេដ្ឋកិច្ចខ្សោយ និងប្រាក់បាតឡើងថ្លៃបានធ្វើឱ្យតម្រូវការធ្លាក់ចុះ”។
វិនិយោគិនបរទេសក៏បានមើលកន្លែងផ្សេងទៀតសម្រាប់ការវិនិយោគ ឬទុកទុនវិនិយោគរបស់ពួកគេ ខណៈប្រាក់បាតឡើងថ្លៃពេញមួយឆ្នាំ ២០១៩ ដែលបានក្លាយជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណកើនឡើងខ្លាំងបំផុតនៅលើពិភពលោក។ តម្លៃប្រាក់បាតបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដូចជាវិស័យអចលនទ្រព្យ និង ទេសចរណ៍ជាដើម។
រូបិយប័ណ្ណថៃស្ថិតក្នុងចំណោមរូបិយប័ណ្ណឡើងថ្លៃខ្លាំងបំផុតនៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ប្រាក់បាតឡើងថ្លៃជាង ៥ ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆមាសទីមួយនៃឆ្នាំនេះ។ ប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី។
របាយការណ៍របស់ Knight Frank បានឲ្យដឹងថា “ការឡើងថ្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័នក៏បានប៉ះពាល់ដល់តម្រូវការអចលនទ្រព្យរបស់វិនិយោគិនបរទេសផងដែរដែលជាហេតុធ្វើឲ្យការកក់ធ្លាក់ចុះក្នុងត្រីមាសទី ២ ឆ្នាំនេះ។

ទីផ្សារអចលនទ្រព្យកំពុងឆ្លងកាត់រយៈពេលដ៏លំបាកមួយដែលតម្រូវការទាំងក្នុងស្រុក និងក្រៅស្រុកបានធ្លាក់ចុះ ដោយសារអត្រាកម្ចីធៀបនឹងតម្លៃ និងការឡើងថ្លៃប្រាក់បាត។ សេដ្ឋកិច្ចថៃបានឈានទៅរកការធ្លាក់ចុះចាប់តាំងពីដើមឆ្នាំនេះ ដោយសារប្រាក់បាតឡើងថ្លៃ និងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន។
ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ជាលើកទី ២ នៅឆ្នាំនេះមកនៅត្រឹម ១,២៥ ភាគរយនៅដើមខែនេះដែលជាអត្រាមួយដែលមិនធ្លាប់មាន គិតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៩៕