ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ទទួលការ​ចាប់អារម្មណ៍​ពី​ប្រជាជន​ក្នុង​ស្រុក​កាន់តែ​ច្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ជា​ពិ​សេសំ​ណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ ដែល​មានតម្លៃ​រាប់​រយ​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ងាក​ទៅ​ចាប់អារម្មណ៍​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ហាក់​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ ខណៈ​ដែល​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ដែល​កំពុង​ចាប់អារម្មណ៍​ទៅ​នឹង​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​។

តាម​ការ​អះអាង​បញ្ជាក់​ពី​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​ជា​អ្នក​ប្រឡូក​ផ្ទាល់​ នៅក្នុង​ទីផ្សារ​លក់​ខុន​ដូ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេលនេះ​ ការ​លក់​ខុន​ដូ​តម្លៃ​មធ្យម​គឺ​មាន​ទីផ្សារ​ល្អ​ជាង​ខុន​ដូ​ ដែល​មានតម្លៃ​ខ្ពស់​ ហើយ​អតិថិជន​ភាគច្រើន​គឺជា​ជនជាតិ​ខ្មែរ​ ច្រើនជាង​ជនបរទេស​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ TOWN​ CITY​ Real​ Estate​ Co​,.Ltd​ លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ថា​ ផ្អែក​តាម​ភាព​ជាក់ស្ដែង​ ទីផ្សារ​ខុន​ដូ​នៅ​ចុងឆ្នាំ​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជា​ឆ្នាំ​កន្លងទៅ​ដែល​មាន​សភាព​ស្ងប់ស្ងាត់​។ លោក​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូតមកដល់​ចុងឆ្នាំ​នេះ​ ការ​លក់​ខុន​ដូ​គឺ​មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​ភាគច្រើន​ខុន​ដូ​ដែល​មាន​តម្រូវការ​ខ្ពស់​ ជា​ប្រភេទ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ ហើយ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ ច្រើនជាង​បរទេស​។

លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “តាម​ការ​កត់សម្គាល់​របស់ខ្ញុំ​ ខុន​ដូ​ដែល​មាន​តម្រូវការ​និង​ងាយស្រួល​លក់​ គឺ​មាន​ទីតាំងនៅ​ប៉ែក​ខាងត្បូង​ក្រុង​ ដោយសារតែ​តំបន់​នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ជាពិសេស​មាន​មហា​វិថិ៦០ម៉ែត្រ​ ៥០ម៉ែត្រ​ និង៣០ម៉ែត្រ​ ជាពិសេស​នៅ​ជិត​ក្រុង​ ដែល​ជា​តំបន់​ពួកគាត់​បម្រើការ​ងារ​ ក៏ដូចជា​សាលារៀន​របស់​កូន​ៗរបស់​គាត់​”។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​ការទិញ​សម្រាប់​ស្នាក់នៅ​ ក៏​មាន​អតិថិជន​មួយចំនួន​ទិញទុក​ដើម្បី​វិនិយោគ​បន្ត​ ឬជួល​យក​ចំណូល​ប្រចាំខែ​ផង​ដែរ​ ហើយ​ភាគច្រើន​ពួកគាត់​មាន​តម្រូវការ​ទៅលើ​ខុន​ដូ​ដែល​មានតម្លៃ​ចាប់៧​ ទៅ១២ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូនី​ត ហើយ​តម្រូវការ​នេះ​ នឹង​នៅ​បន្ត​រហូតដល់​ឆ្នាំ២០២០ខាងមុខនេះ​។ ដោយឡែក​សម្រាប់​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​ចាប់ពី១២ដុល្លារ​ឡើង​ទៅ​ ភាគច្រើន​មាន​តម្រូវការ​ទៅលើ​អតិថិជន​បរទេស​ ប៉ុន្តែ​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​បែបនេះ​មិនសូវ​មាន​តម្រូវការ​ខ្ពស់​នោះ​ទេ​”។

អ្នកជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ​អចលនទ្រព្យ​ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ ​CBRE​ Cambodia​ កញ្ញា​គឹម​ គិ​នកេ​សាបាន​ឱ្យ​ដឹង​ថា​ នៅក្នុងចំណោម​គម្រោង​ខុន​ដូ​ទាំង១៤៥​ ខាងលើ​នេះ​ មាន​គម្រោង​ចំនួន៧០បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ ហើយ៧៥គម្រោង​កំពុងតែ​បន្តដំណើរ​ការ​សា​សង់​ យ៉ាងសកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ នៅក្នុង​ចំណោម​ទាំង​ ៧៥គម្រោង​ មាន​ខុន​ដូ​ចំនួន៦២គម្រោង​ ជា​គំរោង​សាងសង់​បន្ត​ដែល​នៅសល់​តាំងពី​ឆ្នាំ​ចាស់​ ហើយ​គម្រោង​ខុន​ដូច​ចំនួន១៣ថ្មី​បន្ថែម​ទៀត​ ទើបតែ​បាន​ដាក់​ចូល​កាលពី​ចុង​ឆមាស​ទី១​ នៃ​ឆ្នាំ២០១៩​។

នៅក្នុងចំណោម​គម្រោង​ខុន​ដូ​ ដែល​កំពុងតែ​បន្តដំណើរ​ការសាងសង់​ទាំងអស់​ គម្រោង​ធំ​ ដែល​ត្រូវ​បាន​ធ្វើការ​ចាប់​អារម្មណ៍​ និង​នៅ​លំដាប់​កំពូល​រួមមាន​ចំនួន៧គម្រោង​ រួមមាន​គម្រោង​ R&​F City​, គម្រោង​ Arakawa​ Residence​, គម្រោង​ Urban​ Village​, គម្រោង​ Booyoung​ Town​, គម្រោង​ La​ Vista​ One​, គម្រោង​ Park​ Land​ Condo​ និង​ គម្រោង​ The​ Peak​ ដោយ​គម្រោង​នី​មួយ​ៗ ភាគច្រើន​ត្រូវ​បាន​បែងចែក​ចេញ​ជាច្រើន​ដំណាក់កាល​ក្នុង​ការសាងសង់​។

ដោយឡែក​សម្រាប់​គម្រោង​សាងសង់​ សំណង់​អគារ​ភ្លោះ​ដ៏​មហិមា​ររបស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ មាន​កម្ពស់​រហូតដល់​ ៥៨៦​ម៉ែត្រ​ ដែល​កំពុងតែ​បន្ត​ភាព​សកម្ម​ក្នុង​ការសាងសង់​ជញ្ជាំង​ទប់​ដី​នៅ​ដំណាក់​ដំបូង​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​គម្រោង​នា​ពេល​អនាគត​ ដោយសារតែ​ម្ចាស់​គម្រោង​មិនទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​នឹង​មាន​ Component​ អ្វីខ្លះ​ ហើយ​ផ្នែក​នី​មួយ​ៗមាន​ចំនួន​ប៉ុន្មាន​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here