អ្នកជំនាញ​៖ តំបន់​ភាគ​ខាងត្បូង​ និង​ខាងលិច​ក្រុងភ្នំពេញ​កំពុង​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ទីក្រុង​ភ្នំពេញ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ដែល​បាន​ធ្វើឲ្យ​ទីក្រុង​ដែល​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​នេះ​កាន់តែ​រីក​ធំជាង​មុន​ ហើយ​គ្រប់​ផ្នែក​នៃ​រាជធានី​មានការ​អភិវឌ្ឍ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជាក់ស្តែង​ភាគ​ខាងត្បូង​ និង​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​តំបន់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។

លោក​ តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R Investments​ ​បាន​ប្រាប់​គេ​ហតំ​ព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ មួយ​រយៈ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ តំបន់​ភាគ​ខាងលិច​ និង​តំបន់​ប៉ែក​ខាង​លិច​ឈាង​ជើង​ និង​ឈាង​ខាងត្បូង​ មានសន្ទុះ​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ជាង​បណ្តា​ជាយក្រុង​នានា​នៃ​ទីក្រុង​ភ្នំពេញ​។

លោក​ឧកញ៉ា​បន្ត​ទៀតថា ដោយសារ​តំបន់​ទាំងនេះ​ មាន​គម្រោ​ងធំៗ​ជាច្រើន​បាន​នឹង​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ ។ ម្យ៉ាង​វិញទៀត​ ចំពោះ​ដីធ្លី​វិញ​ក៏​មាន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ព្រមទាំង​អំណោយផល​ខ្ពស់​ផង​ដែរ​ ។ ប្រការ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​មាន​ចរន្ត​នៃ​ការទិញ​-លក់​ដី​កាន់តែ​កើនឡើង​ ។

លោក​ឧកញ៉ា​បន្ថែម​ថា​ តំបន់​ទាំងនេះ​ បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​នៃ​រាជធានី​ភ្នំពេញ​ គឺ​មាន​រោងចក្រ​ច្រើន​ និង​ការ​ពុះ​ដី​ឡូត៍​លក់​ក៏​ច្រើន​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ចរន្ត​នៃ​មនុស្ស​ប្រមូល​ផ្តុំ​ទៅ​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ ជាពិសេស​តម្លៃ​ដីធ្លី​ក៏​នៅ​មានតម្លៃ​សមរម្យ​។

លោក​ឧកញ៉ា​ បន្ថែម​ទៀត​ថា​ ចំណែក​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ក៏​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ណាស់​ដែរ​ក្នុងរយៈ​កន្លងមក​នេះ​ បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​ ​គ្រាន់តែ​រីកចម្រើន​នេះ​ មាន​លក្ខណៈ​ខុសគ្នា​។ តំបន់​ភាគ​ខាងត្បូង​ភាគច្រើន​គឺ​មានសន្ទុះ​រីក​ចំរើន​ខាង​ផ្នែក​លំនៅឋាន​ច្រើនជាង​ ដែល​មិនមែន​ជា​តំបន់ឧស្សាហកម្ម​ ​សិប្បកម្ម​ និង​រោងចក្រ​នោះ​ទេ​។

លោកអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R Investments រូបនេះបានបន្ថែម​ថា​ ការ​រីកចម្រើន​នៃ​តំបន់​ទាំងនេះ​ នឹង​បន្ត​មានសន្ទុះ​រីក​ចំរើន​កាន់តែ​ខ្លាំង​ថែមទៀត​ ដោយសារ​កំ​ណើ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ​ ជាមួយនឹង​ទំនោរ​នៃ​ការ​វិនិយោគ​ និង​ទេសចរណ៍​ក៏​កាន់តែ​រីក​ចំរើន​ផង​ដែរ​។

លោកស្រី​តាំង​ ហ៊ួរ​ នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ ​បានឱ្យ​ដឹង​ដែរ​ថា​ តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ច្រើនជាង​បណ្តា​ជាយក្រុង​នានា​ ជាពិសេស​តំបន់​ផ្លូវ​ ៦០​ ម៉ែត្រ​ ឬមហា​វិថី​សម្តេច​តេជោ​ ​ហ៊ុន ​សែន​ ដោយសារ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៅកាន់​ទីនោះ​។

លោក​ស្រី​ថា​ ក្នុងចំណោម​តំបន់​ទាំងនេះ​ តំបន់​ផ្លូវ៦០ម៉ែត្រ​ហាក់​មាន​សកម្មភាព​រស់រវើក​ខ្លាំង​ជាង​ ដោយសារតែ​តំបន់​នេះ​ មាន​គម្រោ​ងធំៗ​ជាច្រើន​ កំពុង​រីក​ដុះ​ដាល់​នៅ​តំបន់​នេះ​ ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើប AEON​ Mall ៣​ ដោយពេល​ខ្លះ​ អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន​ ព្រោះ​វា​មានតម្លៃ​ខ្ពស់​។

ចំណែក​ លោក​ម៉ម​ សិរី​បញ្ញា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​, Ltd​ ​ក៏បាន​មើលឃើញ​នូវ​ តំបន់​ភាគ​ខាងលិច​ និង​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​នេះ​ មានការ​រីក​ចំរើន​ខ្លាំង​ផង​ដែរ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ ក្នុងរយៈពេល​កន្លងមក​នេះ​ ដោយសារតែ​ដីធ្លី​នៅ​មានតម្លៃ​សមរម្យ​ ។

លោក​ថា​ សកម្មភាព​នៃ​ការទិញ​លក់​ដី​ ដែល​ពុះកញ្ជ្រោល​ខ្លាំង​ជាងគេ​នៃ​ជាយក្រុង​ភ្នំពេញ​ គឺ​ស្ថិត​នៅ​បណ្តោ​ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ២​ និង​ជាពិសេស​នៅ​តំបន់​ផ្លូវ៦០ម៉ែត្រ​ ព្រោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here