ខេត្តសៀមរាប​បាន​និង​កំពុង​សាងសង់​ផ្លូវ​បេតុង​ចំនួន៥ខ្សែ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្រុង​

0

ដោយ ​វុត្ថា

សៀម​រា​បៈ​ រដ្ឋបាល​ខេត្តសៀមរាប​ តាមរយៈ​មន្ទីរ​សាធារណៈ​ខេត្ត​ បាន​នឹង​កំពុង​សាងសង់​ផ្លូវ​បេតុង​ចំនួន៥ខ្សែ​ ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្រុង​ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ឱ្យ​សាក​សមជា​ខេត្ត​សេដ្ឋកិច្ច​ និង​ទេសចរណ៍​របស់​ប្រទេស​។

យោង​តាម​ការ​ចុះផ្សាយ​របស់​រដ្ឋបាល​ខេត្តសៀមរាប​ នៅ​ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ឆ្នាំ ២០១៩ នេះ​ រដ្ឋបាល​ខេត្ត​ បាន​លើក​គម្រោ​ថវិកា​ សាងសង់​ផ្លូវ​ចំនួន១៧គម្រោង​ក្នុង​ក្រុង​សៀមរាប​ ហើយ​ផ្លូវ​ទាំង៥ខ្សែ​ គឺ​ស្ថិត​ក្នុងចំណោម​ផ្លូវ​ទាំង​ ១៧ខ្សែ​នេះ​ផង​ដែរ​។

តាម​ការ​ចុះផ្សាយ​ដដែល​បន្ត​ថា​ ផ្លូវ​ទាំង​ ៥ខ្សែ​ ដែល​បាន​នឹង​កំ​ពុង​សា្ថ​បនា​នា​ពេលនេះ​ រួមមាន​៖ ១-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ១ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពីក្រោយ​ផ្សារ​លើ​ កាត់​ផ្ទះ​តា​អុច​ ដល់​ផ្លូវវាង​ក្រុង​ ប្រវែង​ ១២៥៩ ម៉ែត្រ​។

២-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​ប្រអប់​បណ្តោយ​ផ្លូវ​ មុខកាត់​ ៣,៥ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ផ្លូវ​ ៧មករា​ ចំណុច​ហាង​លក់​គ្រឿងសំណង់​ លី​ ហាំង​សេង​ ដល់​ផ្លូវ​គ្លីនិក​ នាគ​ ទេព​ ប្រវែង​ ៧៩០ម៉ែត្រ​។ ៣-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ១ម៉ែត្រ​ នៅ​ភូមិ​ចុង​កៅស៊ូ​ ពី​ផ្លូវជាតិ​លេខ៦​ ចំណុច​ភ្លើងស្តុប​ស្មាញ​លីង​ ដល់​ផ្លូវ​ផ្ទះ​តា​អុច​ ប្រវែង​ ៣៣៥ម៉ែត្រ​។

៤-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់​ ០,៨ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ផ្លូវ​ក្រោយ​ផ្សារ​លើ​ ដល់​ផ្លូវវាង​ក្រុង​ចំណុច​តារាង​បាល់​ជន្លង់​ ប្រវែង​ ៧៣០ម៉ែត្រ​។ ៥-សាងសង់​ផ្លូវ​បេតុង​ និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខកាត់ ០​,៨ម៉ែត្រ​ នៅ​ភូមិ​តា​វៀន​ ពី​ភោជនីយ​ ដ្ឋាន​ស្វាយមាស​ ដល់​ផ្លូវវាង​ក្រុង​ ប្រវែង​ ៨៨៥ម៉ែត្រ​។ ​រដ្ឋបាល​ខេត្ត​ បាន​ជម្រុ​ញឲ្យ​រៀបចំ​បណ្តាញ​លូ​ ប្រឡាយ​ឲ្យបាន​រួចរាល់​មុន​ពេល​ដំណើរការ​សាងសង់​ផ្លូវ​ ព្រមទាំង​ការរៀបចំ​បណ្តាញ​ក្រោម​ដី​នានា​ផង​ដែរ​។

ជាមួយគ្នា​នេះ​ រដ្ឋា​បាល​ខេត្ត​សៀម​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាធារណជន​ ពិសេស​បងប្អូន​រស់នៅ​តាម​ដងផ្លូវ​ ដែល​ដំណើរការ​សាងសង់​ មេត្តា​យោគយល់​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់​ ដែល​អាច​បង្ក​ការ​លំបាក​ធ្វើដំណើរ​ ការ​កកស្ទះ​ចរាចរ​ និង​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​កន្លងមក​នេះ​ ក៏បាន​ពន្លឿន​ការសាងសង់​ និង​ស្ថាបនា​ ផ្លូវ​សំ​ខាន់​ៗនៅក្នុង​ខេត្តសៀមរាប​ ដើម្បី​លើក​សោភ័ណភាព​ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ និង​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here