ដោយ ៖ រ៉ាណេត
សៀមរាប ៖ គម្រោងបុរីអង្គរលែនម៉ាក្ស គឺជាបុរី បែប វប្បធម៌ ទេសចរណ៏ និងធម្មជាតិ ដែលប្រសិទ្ឋនាមថា «ភូមិកំណើត» ដែលមានលំនៅដ្ឋានដ៏ទំនើប និងប្រណីត បង្កប់នូវរចនាបទ វប្បធម៌ អរិយធម៌ខ្មែរដ៏អស្ចារ្យ ក្រោមការរចនាគំរូប្លង់មេដោយ សាស្ត្រាចារ្យ ទូស សាភឿន បច្ចុប្បន្នលោកក៏ជា អគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជា នៅក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងសាកលវិទ្យាធិការរងសាកលវិទ្យាល័យវេស្ទើន និងជាស្ថាបត្យករអាស៊ាន លោកមានបទពិសោធន៍ជាង២០ឆ្នាំ ដែលកន្លងមកលោកបាន បញ្ចេញស្នាដៃធំៗជាច្រើនរួចមកហើយ ស្នាដៃលេចធ្លោចុងក្រោយរបស់លោកមួយទៀត ដែលយើងគ្រប់គ្នាបានដឹង គឺគម្រោង មជ្ឈមណ្ឌល ពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង កំពស់១៣៣ជាន់ ។
លោកសាស្រ្តាចារ្យបានមានប្រសាសន៍ប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា វត្តមានរបស់បុរីអង្គរលែនម៉ាក្ស បន្ទាយស្រី នឹងក្លាយជាទីស្ថាន គួរឱ្យចង់រស់នៅ ចាប់អារម្មណ៍ និងទាក់ទាញបំផុត បើយើងបានដឹងពិតប្រាកដនៃទស្សនៈគម្រោងប្លង់មេ ព្រោះប្លង់មេរចនាឡើងតាមបែបសាសនា ដោយគោរពអោយម្ចាស់ទឹកដី ដែលជាអ្នកបង្កើតតំបន់អង្គរ ជាពិសេសផ្សារភ្ជាប់ទៅនិងវត្តមានសំខាន់នៃប្រវត្តប្រាសាទបន្ទាយស្រីតែម្តង។
-->
កាលដើមឡើយប្រាសាទបន្ទាយស្រី មានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រីទៅវិញ ដោយសា តួប្រាសាទមានក្បាច់រចនាយ៉ាងខ្ញង់ឆើតឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ឆ្លាក់លើថ្មព៌ណផ្កាឈូកទៀត ដែលមើលទៅនឹកគិតមានក្តីសង្ស័យថា ” ទេវតានិមិ្មត ” ។ សម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញដល់កំពូល នៃបុព្វបុរស់ដូនតាខ្មែរនាសម័យនោះ ។
ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវរ្មន័ទី២ មុនការកសាងប្រាសាទអង្គរតូច និងអង្គរធំ ស្ថាបត្យករ រចនាប្លង់ប្រាសាទដោយព្រហ្មម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្មន័ទី៥។ ហេតុដូច្នេះ គម្រោងប្លង់បុរីអង្គរលែនម៉ាក្ស ត្រូវគោរពទៅតាមម្ចាស់ទឹកម្ចាស់ដី ដោយយកការគោរពសាសនាជាគោលគឺ «ព្រហ្មញ្ញសាសនា» តាមទស្សនៈនៃលោកធាតុខ្មែរ «មេបា-ប្រុសស្រី» តំណាងអោយ «ទឹកនិងដី» ជាវត្ថុសក្ការៈត្រជាក់ត្រជុំប្រចាំគ្រួសារ និងក៏ជាពិភពនៃជីវិតមនុស្ស និងក៏ជាទ្រឹស្តីបង្កើតលោកផងដែរ។ ដូច្នេះទម្រង់ទីក្រុងខ្មែរសម័យ

បុរាណគឺទាញយកតាម រូបធាតុ «មេបា»ទាំងអស់។
ដោយឈរលើទស្សនៈលោកធាតុខ្មែរខាងលើ គម្រោងប្លង់មេរបស់បុរីអង្គរលែនម៉ាក្សបន្ទាយស្រី បានរចនាយកតាម ទម្រង់ «ស្បូនស្រ្តី» ដែលជា «ជំរកនៃទីកំណើតដើម៩ខែ២០ថ្ងៃ» របស់មនុស្សទាំងអស់ ហើយគម្រោងប្លង់មេក៏និម្មិតរូបតំណាងដល់ប្រាង្គប្រាសាទបន្ទាយស្រីដែលមានក្បូក្បាច់រចនាស្រស់ស្អាតទន់ភ្លន់ប្រៀបប្រដូចទៅនិងគុណតំលៃរបស់ស្រ្តីផងដែរ។
អ្វីដែលសំខាន់ជាងនេះទៀត បុរីអង្គរលែនម៉ាក្សបន្ទាយស្រី ក៏តំណាងអោយទឹកដីកំណើតរបស់ខ្លួន ដល់បងប្អូនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ចង់មករស់នៅផ្ញើជីវិតលើទឹកដីអច្ជរិយៈមួយនេះ ទោះបី ជាកើតនៅក្នុងតំបន់ខុសៗគ្នាក៏ដោយ។
គម្រោងប្លង់មេបែរទៅរកមុំនៃវត្តមានភ្នំបីសំខាន់ៗ ភ្នំគូលេន ភ្នំបូក និងភ្នំដី គឺជាភ្នំរបស់ព្រះ ផ្តល់ភាពត្រជាក់ត្រជុំ និងកក់ក្តៅដល់កូនចៅដែលបានស្នាក់នៅក្នុងបុរី អង្គរលែនម៉ាក្ស។
លោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្តទៀតថា “គម្រោងសំណង់លំនៅដ្ឋាននៅក្នុងបុរីអង្គរលែនម៉ាក្ស ត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នាជាច្រើន ដោយសុទ្ធតែមានបង្កប់នូវរចនាបទបែបខ្មែរទាំងអស់ ដោយប្លង់ផ្ទះនីមួយៗ វិវត្តន៏ចេញពីផ្ទះបុរាណខ្មែរ រៀបចំទៅតាមក្បួនច្បាប់ត្រឹមត្រូវ ដែលក្នុងនោះរួមមានដូចជា ប្រភេទផ្ទះវីឡាខ្មែរចៅសាយ ផ្ទះវីឡាខ្មែរអង្គរតូច ផ្ទះវីឡាខ្មែរអង្គរធំ និងប្រភេទផ្ទះវីឡាខ្មែរក្រវ៉ាន់ ដែលផ្ទះនីមួយៗសុទ្ធតែមានទីធ្លាធំទូលាយ រចនាបែបប៊ូទិក ជាពិសេសមានទីធ្លានៅក្រៅផ្ទះសម្រាប់អង្គុយលេង មើលឃើញទេសភាពតំបន់បៃតងជុំវិញយ៉ាងស្រស់ស្អាត។ លោកសាស្ត្រាចារ្យបានបន្តទៀតថា “យើងបានយកចិត្តទុកដាក់ជាខ្លាំងគឺការរចនាម៉ូដផ្ទះ ដើម្បីងាយស្រួលក្នុងការរស់នៅប្រកបដោយផាសុកភាពខ្ពស់ អោយមានចរន្តខ្យល់អាកាសចេញចូលតាម

ធម្មជាតិ។ លោកបានបន្តទៀតថា “ក្រៅពីមានលំនៅដ្ឋានដ៏ស្រស់ស្អាតគួរជាទីទាក់ទាញបែបលំនៅដ្ឋានខ្មែរ នៅមានការយកចិត្តទុកដាក់ទៅលើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវថ្នល់ធំទូលាយស្តង់ដារបំផុត មានរៀបសួនកំសាន្តបីកន្លែងធំៗ ដោយមានរូបចំលាក់មេទព័ល្បីៗមានឫទ្ធីអំណាចសម័យអង្គរចំនួន៥អង្គ ឈរអមព្រះបាទជ័យវរ្មន័ទី៧ ដែលរុបនីមួយៗមានកំពស់១២ម៉ែត្រ នៅលើផ្ទៃដីទំហំ២ហិកតា ក្រៅពីសួននៅមានទីកន្លែងហាត់ប្រាណ និងមានគម្រោងសំខាន់ៗជាច្រើនទៀតដែលកំពុងដំណើការស្នើសុំច្បាប់ ដូចជា គម្រោងទីកម្សាន្តលំហែរកាយសួនសត្វសប្បនិម្មិត សួនផ្ការ២ពាន់ពូជ មានប៊ូទិកពីរកន្លែង មានសាលាវេស្ទើនអន្តរជាតិ វិទ្យាស្ថានវរន្ម័ មានផ្សារបណ្តែតទឹកលើកដំបូងប្រចាំនៅក្នុងទឹកដីអង្គរ ដែលបច្ចុប្បន្នកំពុងតែរៀបចំដំណើរការស្នើសុំច្បាប់។

វត្តមាននៃបុរីអង្គរលែនម៉ាក្ស និងក្លាយជាបុរីគំរូគេក្នុងការរក្សារបានរចនាបទលំនៅដ្ឋានបែបខ្មែរ មកឆ្នៃប្រឌិតជាទំនើបទាន់សម័យ ជាពិសេសបានចូលរួមជាមួយគោលនយោបាយអភិវឌ្ឍ មូលដ្ឋាន និងជាតិ តាមរយះការលើកស្ទូយលើវិស័យវប្បធម៌ ទេសចរណ៍ និងធម្មជាតិ៕