ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយទៀតនឹងឈានចូលមកកាន់ទីផ្សារកម្ពុជានៅដើមឆ្នាំ២០២០ខាងមុខនេះបន្ទាប់ពីក្រុមហ៊ុននេះបានសិក្សាទៅលើសក្ដានុពលនៃភាពរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គម ជាពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ។
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ និងល្បីឈ្មោះលំដាប់ពិភពលោក ដែលនឹងចូលខ្លួនមកកាន់ទីផ្សារអចលនទ្រព្យកម្ពុជានៅត្រឹមដើមឆ្នាំ២០២០ឆាប់ៗខាងមុខនេះ មានឈ្មោះថា Coldwell Banker Cambodia ។ ក្រុមហ៊ុនមួយនេះ ត្រូវបានពិភពអចលនទ្រព្យនៅទូទាំងពិភពលោកទទួលស្គាល់ថាជាក្រុមហ៊ុនជំនាញ និងមានកិត្តិស័ព្ទល្បីល្បាញយ៉ាងទូលាយ ជាមួយនឹងការបង្កើតការិយាល័យតំណាងក្រុមហ៊ុននៅ៤៥ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Coldwell Banker មានអាយុកាល ១១៣ឆ្នាំហើយ ដោយមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក និងជាប់លំដាប់លេខរៀងទី៣នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Century21 ។
លោកស្រីបានបន្តទៀតថា “ការបង្ហាញវត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ គឺជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Century21 Cambodia ប្រចាំនៅកម្ពុជា ដើម្បីធានាការទទួលបានចំណែកទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ផ្នែកគ្រប់គ្រងអគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានានៅក្នុងប្រទេសមួយនេះ”។
លោកបានបញ្ជាក់ពីហេតុផលសំខាន់ដែលក្រុមហ៊ុនអចលនទ្រព្យអាមេរិកមួយនេះសម្រេចចិត្តចូលមកកាន់ទីផ្សារកម្ពុជាថា “ កត្តាសុខសន្តិភាពបានធ្វើអោយកម្ពុជា មានអំណោយផលយ៉ាងល្អក្នុងការវិនោយោគ ជាពិសេសទៅលើ វិស័យអចលនទ្រព្យ។ជាក់ស្តែងសំណង់អាគារទាំងរដ្ឋ និងឯកជនបាននិងកំពុងរីកចម្រើនកាន់តែខ្លាំង មិនចាញ់គ្នានោះទេ។ លោកស្រីបន្តថា ជាមួយនឹងកំនើននៃការវិនិយោគពីអន្តរជាតិ បានធ្វើឲ្យទីផ្សារនេះកាន់តែមានទំនុកចិត្ត ហើយយើងបាននិងកំពុងពង្រីកទីផ្សារទៅកាន់អន្តរជាតិផងដែរ។ ទាំងអស់នេះហើយដែលជាទំនុកចិត្តខ្ពស់សម្រាប់ការសម្រេចចិត្តរបស់ក្រុមហ៊ុនអន្តរជាតិចូលមកបង្ហាញខ្លួន”។
លោកស្រីបានបញ្ជាក់ថា “ក្រុមហ៊ុន Century21 Cambodia ពិតជាមានមោទនភាពខ្ពស់ដែលបានចាប់ដៃសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Coldwell Banker ហើយយើងជឿជាក់ថា ក្រោមកិច្ចសហការគ្នាជាដៃគូនៅពេលខាងមុខនេះ ពិតជានឹងទទួលបានភាពល្អប្រសើរ និងជោគជ័យនៅលើវិស័យអចលនទ្រព្យនៅកម្ពុជា”។
បច្ចុប្បន្ននេះ នៅក្នុងតំបន់អាស៊ាន វត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិលំដាប់ពិភពលោក Coldwell Banker បានដាក់ការិយាល័យនៅក្នុងប្រទេសថៃ ជប៉ុន សាំងហ្គាពួរ ចិន ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ជាប្រទេសទី៤៥ ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE លោកស្រី អាន សុធីតា បានបង្ហាញពីក្ដីសាទរចំពោះវត្តមានថ្មីនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមកកាន់ទីផ្សារអចលនទ្រព្យកម្ពុជា ដែលកាន់តែជួយជំរុញ និងបង្កើនទំនុកចិត្តកាន់តែខ្ពស់។

លោកស្រីបានបន្តទៀតថា “ការមកដល់នៃក្រុមហ៊ុនអន្តរជាតិធំៗ គឺជាសញ្ញាដែលបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជា ហើយអាចចូលរួមជួយពង្រឹងវិស័យមួយនេះកាន់តែរឹងមាំតាមរយៈការប្រកួតប្រជែងគ្នា បង្កើនគុណភាព ទំនុកចិត្ត រួមជាមួយនឹងការបង្កើនជំនាញក្នុងវិស័យមួយនេះកាន់តែល្អ”៕