ដោយៈ រ៉ាណេត
កំពតៈ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ ដែលកំពុងតែមានដំណើរការនៅលើទីផ្សារកម្ពុជា បាននិងកំពុងស្នើសុំរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានបែបលំហែរកាយ នៅទីតាំងចំនួន៦ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
គម្រោងអភិវឌ្ឍលំនៅដ្ឋានបែបកម្សាន្ត លំហែរកាយ និងទេសចរណ៍ខាងលើនេះ ត្រូវបានលើកគម្រោងស្នើសុំអភិវឌ្ឍន៍ ដោយក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ TARGET ESTATE and ASSET MANAGEMENT ដោយមានទីតាំងស្ថិតនៅតំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
-->
យោងតាមរបាយការណ៍រដ្ឋបាលខេត្តកំពត ដែលគេហទំព័រ Propertyarea.asia ទើបទទួលបាន កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា បន្ទាប់ពីទទួលបានការស្នើសុំធ្វើការអភិវឌ្ឍទៅលើគម្រោងខាងលើនេះ រដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានកោះប្រជុំក្រុមការងារ ដែលជាមន្ត្រីជំនាញ និងពាក់ព័ន្ធ រួមមាបដូចជាអភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តរវិស័យ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ធ្វើការពិគ្រោះយោបល់ ដើម្បីពិចារណាទៅលើការស្នើសុំរបស់ក្រុមហ៊ុន។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោកដាញ់ សារី បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែ១ ទីតាំងតែប៉ុណ្ណោះដែលកំពុងដំណើរការ។

ជាមួយគ្នានេះ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកជាវ តាយ បានតម្រូវឱ្យក្រុមការងារថ្នាក់ខេត្ត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ បន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ជាពិសេសបន្តដោះស្រាយវិវាទនានា រវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ៕