ដោយៈ រ៉ាណេត
ភ្នំពេញៈ ដូចគ្នាទៅនឹងតំបន់ជាយក្រុងដទៃទៀត ដែលកំពុងតែមានកំសួលលើតម្រូវការផ្នែកលំនៅដ្ឋាននោះ សម្រាប់តំបន់ព្រែកព្នៅ ដែលស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា មានសកម្មភាពទិញ -លក់យ៉ាងសកម្ម រួមជាមួយនឹងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានផងដែរ។

-->
ជាមួយនឹងគម្រោងអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលស្ថិតនៅក្នុងប្លងមេរបស់រាជរដ្ឋាភិបាលកម្ពុជា ខណ្ឌព្រែកព្នៅ បានក្លាយជាតំបន់ដ៏ទាក់ទាញមួយក្នុងក្រសែភ្នែកអ្នកវិនិយគ ក៏ដូចជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោកវ៉ា វីរៈ បានទទួលស្គាល់នូវសក្ដានុពល នៃវិស័យដីធ្លីនៅតំបន់ផ្លូវជាតិលេខ៥ ជាពិសេសតំបន់ព្រែកព្នៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ខ្លាំង លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយលោកបានមានប្រសាសនថា “តម្រូវការប្រើប្រាស់ដីធ្លីនៅតំបន់ខាងលើនេះ គឺបន្តមានកំណើន ស្របពេលដែលតម្លៃដីធ្លីក៏មានការកើនឡើងផងដែរ”។
លោកបានបន្តទៀតថា “ជាទូទៅនៅពេលដែលមានការអភិវឌ្ឍ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺតែងមានតម្រូវការប្រើប្រាស់ដី ដែលជម្រុញឱ្យតម្លៃឡើងថ្លៃ”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍលំនៅដ្ឋានខ្នាតមធ្យម និងក្រោមមធ្យមជាច្រើនកំពុងតែបង្ហាញខ្លួននៅក្នុងតំបន់ខាងលើនេះ ដែលការចូលខ្លួនទៅអភិវឌ្ឍគម្រោងលំនៅដ្ឋានទាំងនេះ ដោយសារតែគេសម្លឹងឃើញថា តំបន់មានសក្ដានុពល ទាំងការរស់នៅ និងការប្រកបអាជីវកម្មលក្ខណៈគ្រួសារបាន”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃជាមួយគ្នាផងដែរថា “តំបន់ដីដែលមានចម្ងាយត្រឹម២០-៣០ គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ គឺសុទ្ធតែមានសក្ដានុពល និងមានតម្រូវការលើវិស័យលំនៅដ្ឋានទាំងអស់ ដោយសារតែស្ថិតមិនឆ្ងាយពីក្រុង ហើយតម្លៃនៅទាបនៅឡើយ”។
លោកស្រីបានបន្តទៀតថា គ្រប់តំបន់ជាយក្រុង គឺសុទ្ធតែមានតម្រូវការលើវិស័យលំនៅដ្ឋានទាំងអស់។ ដោយឡែកនៅតំបន់ព្រែកព្នៅក៏មានសក្ដានុពលល្អដែរ ជាពិសេសនៅតាមផ្លូវធំៗមួយចំនួន។ នៅតំបន់នេះមានលក្ខណៈល្អប្រសើរច្រើន ដែលក្រៅពីនៅជិតក្រុង នៅមានគម្រោងអភិវឌ្ឍជាច្រើនដែលបន្តមកពីផ្លូវ៥១ និងតំបន់បឹងតាម៉ោក។
លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះតម្លៃដីនៅជាយក្រុង បានឡើងរួចទៅហើយ ហើយនឹងបន្តឡើងទៀតនៅថ្ងៃខាងមុខនេះ”។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ចក់ ស៊ីណាត បានមានប្រសាសន៍ផងដែរថា ព្រែកព្នៅ ជាខណ្ឌដែលទើបបង្កើតថ្មី ប៉ុន្តែបើប្រៀបធៀបជាមួយខណ្ឌដទៃទៀត ដូចជាខណ្ឌកំបូល សក្ដានុពល និងតម្លៃដីធ្លីគឺមានភាពប្រហាក់ប្រហែលគ្នា។ លោកបន្តទៀតថា ដោយសារតែជាខណ្ឌដែលទើបតែបង្កើតថ្មី ដូច្នេះតម្លៃនៅមានភាពល្អប្រសើរ សម្រាប់បណ្តាអ្នកវិនិយោគក្នុងការទិញអភិវឌ្ឍ ឬទិញទុកលក់បន្តនៅត្រឹម ២-៣ឆ្នាំខាងមុខទៀត អាចនឹងមានភាពល្អប្រសើច្រើន។

ស្របទៅនឹងសក្ដានុពលនៅក្នុងតំបន់នេះ បច្ចុប្បន្នមានគម្រោងសំណង់លំនៅដ្ឋានជាច្រើន បាន និងកំពុងតែធ្វើសកម្មភាពអភិវឌ្ឍ ជាក់ស្ដែងដូចជាគម្រោងបុរី លំនៅដ្ឋានបែបទំនើប និងទាន់សម័យ KC ដែលមានទីតាំងនៅជិតផ្សារព្រែកព្នៅ ក៏កំពុងតែសម្រុកកម្មភាពអភិវឌ្ឍរបស់ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវទីផ្សារ។

ជាមួយនឹងការអភិវឌ្ឍគម្រោងលំនៅដ្ឋានយ៉ាងប្រណីតភាពនេះ ក៏ជាការផ្តល់ឱកាសសម្រាប់អ្នក ដែលមានបំណងចង់បានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិ ជាពិសេសអ្នកដែលមានបំណងចង់វិនិយោគបន្តយកចំណេញនៅថ្ងៃអនាគតផងដែរ៕

