អ្នកជំនាញ​៖ តម្រូវការ​ជួល​ទីតាំង​លក់រាយ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​អាច​នឹង​មានការ​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២០​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ នៅពេល​បច្ចុប្បន្ន​ រួម​ជាមួយនឹង​គម្រោង​ដាក់បញ្ចូល​ នូវ​ទីតាំង​លក់រាយ​នៅ​តាម​ផ្សារ​ទំនើប​ថ្មី​ បន្ថែម​ទៀត​នា​ អំឡុង​ឆ្នាំ២០២០ខាងមុខនេះ​ អ្នកជំនាញ​បាន​ធ្វើការ​ព្យាករណ៍​ថា​ ទីផ្សារ​នេះ​អាច​ប្រឈម​នឹង​វិបត្តិ​ ព្រោះថា​ការ​ផ្គត់ផ្គង់​មាន​ចំនួន​ច្រើនលើស​តម្រូវការ​ និង​មានការ​ប្រកួតប្រជែង​ខ្ពស់​។

បច្ចុប្បន្ន​នេះ​ ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ មានការ​កើនឡើង​យ៉ាងច្រើន​ ដោយ​គិត​ត្រឹម​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ​ មាន​ផ្សារ​ទំនើប​ចំនួន២៨កំពុង​ដំណើរការ​ រាប់ទាំង​ផ្សារ​ដែល​ទើបតែ​ចាប់​ដំណើរការ​សាកល្បង​ផង​ដែរ​ ហើយ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ នឹង​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

ស្រប​ទៅ​នឹង​ភាព​ជាក់ស្ដែង​ នៃ​ការ​កើនឡើង​នូវ​ចំនួន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​ចំនួន​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​ នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ ខណៈ​ដែល​កម្រិតជីវភាព​ និង​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ក៏​មានការ​កើនឡើង​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ផ្សារ​ទំនើប​ជាច្រើន​កំពុងតែ​ដំណើរការ​ និង​បំពេញ​តម្រូវការ​របស់​អតិថិជន​ ដែល​រួមមាន​ទាំង​ប្រភេទ​ Shopping​ Mall​ ប្រភេទ​ Retail​ Podium​ និង​ប្រភេទ​ Community​ Mall​ ផង​ដែរ​ ប៉ុន្តែ​ក្នុងចំណោម​ផ្សារ​ទាំងអស់​នេះ​ ភាគច្រើន​ជា​ប្រភេទ​ Community​ Mall​ ដែល​ជា​ផ្សារ​ទំនើប​ខ្នាត​តូច​បែប​សហគមន៍​ និង​ងាយស្រួល​បង្កើត​ និង​មាន​តម្រូវ​ច្រើន​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅពេល​មានការ​ផ្គត់ផ្គង់​ច្រើន​ នៅក្នុង​វិស័យ​តែមួយ​ គឺ​តម្រូវ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ ទាំង​គុណភាព​ ទាំង​សោភ័ណភាព​ ជាពិសេស​ទៅលើ​តម្លៃ​នៃ​ការជួល​ ដែល​ត្រូវតែ​មានការ​ធ្លាក់ចុះ​ដោយ​ស្វ័យប្រវត្តិ​”។

លោកស្រី​បន្ថែម​ថា​ “អត្រា​ជួល​ធ្លាក់ចុះ​ ដោយសារតែ​តម្រូវការ​ជួល​ទីតាំង​លក់រាយ​ត្រូវ​បាន​បែងចែក​ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ អ្នក​អភិវឌ្ឍ​ចាំបាច់​ត្រូវតែ​មានការ​ត្រៀម​ទុក​ នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការប្រកួត​ប្រជែង​ ដើម្បី​ជៀសវាង​ហានិភ័យ​”។

តាម​របាយការណ៍​ដែល​សិក្សា​ ដោយក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ព្រមគ្នា​ជាមួយនឹង​វត្តមាន​ផ្សារ​ទំនើប​នានា​ ដែល​កំពុង​មានដំណើរ​នៅពេល​បច្ចុប្បន្ន​នេះ​ នៅ​ត្រឹម​ឆ្នាំ២០២០ខាងមុខនេះ​ នឹង​មាន​ផ្សារ​ទំនើប​គ្រប់​ប្រភេទ​ប្រមាណ១៩គម្រោង​ទៀត​ ដែល​គ្រោង​នឹង​ដាក់​ចូល​ទីផ្សារ​នៅ​កម្ពុជា​ ដែល​កាន់តែ​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here